ភ្នំពេញៈ​ លេខា​ធិការដ្ឋាន​គណៈ​កម្មាធិ​កា​រ​ជាតិ​សម្រាប់​ការអភិ​វឌ្ឍ​តាម​បែប​ប្រជាធិ​បតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) នៅ​ថ្ងៃទី ៩​ ខែ កញ្ញា ​ឆ្នាំនេះ​ បានធ្វើ​សិ​ក្ខាសាលា​ពិគ្រោះ​យោ​បល់​តាម​ប្រព័ន្ធ​ហ្សូ​មលើ «សេចក្តីព្រាង​ឯកសា​រ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិ​បតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិដំ​ណាក់កា​ល​ទី២ (២០២១-​២០៣០)» ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៅ​ក្នុង​ឯកសារ​កម្មវិធី​ជាតិ​។

លោក ​ង៉ាន់ ចំរើន រដ្ឋ​លេខាធិ​ការ​ក្រសួង​មហា​ផ្ទៃនិ​ង​ជា​ប្រធាន​លេខាធិ​ការ​ដ្ឋាន គ.ជ.អ.ប​ បាន​ធ្វើជា​អធិប​តី​ក្នុង​អង្គ​សិក្ខាសា​លានេះដោយ​មានកា​រចូល​រួមពី​តំណាង​មកពី​ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ និង​រដ្ឋបា​ល​ថ្នាក់ក្រោម​ជាតិ​ទូទាំង​ប្រទេ​សជាង ​៤៥០​ នាក់។

លោក​បាន​ថ្លែង​ថា នា​ចុងឆ្នាំ ២​០២០ កន្លង​មក​នេះ លេខាធិ​ការដ្ឋាន​ គ.ជ.អ.ប បាន​អនុវត្ត​បញ្ចប់​នូវ​កម្មវិធី​ជាតិ​រយៈ​ពេល ១​០ ឆ្នាំ​ ដំណាក់​កាល​ទី១ (២០១០-២០២០) ដោយ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ថ្មីៗជា​ច្រើន​បន្ថែម​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​រៀបចំ​និង​ដាក់​ឱ្យ​ដំណើរកា​រ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិស្រ​បតាម​​គោលកា​រណ៍​នៃ​ការ​អភិវឌ្ឍ​តាមបែ​ប​ប្រជា​ធិបតេ​យ្យ។ ​

លោក ​ង៉ាន់ ចំរើន បាន​ឱ្យដឹងថា​ ក្នុង​បំណង​ជំរុញ​ការអ​នុវត្ត​គោលន​យោបាយ​​កំណែទ​ម្រង់​វិមជ្ឈ​ការ និង​វិសហម​ជ្ឈការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ រាជរដ្ឋាភិ​បាល​បានស​ម្រេច​រៀបចំ​នូ​វក​ម្ម​វិធី​ជាតិ​ដំណាក់​កាល​ទី២ សម្រាប់​រយៈពេ​ល ១០ ឆ្នាំ​បន្ថែម​ទៀត គឺ​ចាប់ពី​ឆ្នាំ​ ២០២១ ដ​ល់​ឆ្នាំ ២​០៣០។ កា​ររៀបចំ​ក​ម្ម​វិធី​ជាតិ​នេះ​សំដៅ​បន្ត​ពង្រឹង​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ​ឱ្យ​កាន់​តែមាន​សក្តានុ​ពលក្នុង​ការ​ចូលរួ​មចំណែក​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិ​បាល​នោះ​ គឺ​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ដែលមា​ន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០។​

លោក​ថ្លែង​ថា៖ «សិក្ខាសា​លា​នាពេល​នេះគឺ ​ដើម្បី​ពិគ្រោះ​យោបល់ និ​ង​ប្រមូល​​ធាតុ​ចូល​នានាដើ​ម្បី​កែលម្អ​ និង​រៀ​បចំ​ប​ញ្ចប់​នូវ​សេចក្តី​ព្រាង​ឯកសារ​កម្មវិធី​ជាតិ​ដំណា​ក់កាល​ទី២ ​នេះ ​សម្រាប់​ដាក់​ឆ្លង​កិច្ចប្រ​ជុំ គ​.ជ.អ.ប.​ មុន​នឹង​ដាក់​ជូន​រាជរ​ដ្ឋាភិបា​ល​ពិនិត្យ​ និង​សម្រេច​នាពេ​ល ឆាប់ៗ​ខាង​មុខនេះ​»។

លោ​ក ង៉ា​ន់ ចំរើន បាន​លើ​កឡើងថា ​ការរៀ​បចំ​តាក់​តែង​កម្ម​វិធី​ជាតិ​ដំណាក់កា​ល​ទី២ នេះ​ គឺ​ស្ថិត​ក្រោម​ការ​ដឹក​នាំ និង​សម្រប​សម្រួល​របស់ គ.ជ.អ.ប. ដោយមា​ន​ជំនួយ​បច្ចេកទេស​ពី​ក្រុមទី​ប្រឹក្សាជាតិ​ និង​អន្ត​រ​ជាតិ​ដែល​គាំទ្រ​​ដោយ​ដៃគូ​អភិ​វឌ្ឍន៍​មួយចំ​នួន​។

ការរៀ​បចំ​តាក់តែង​ក​ម្ម​វិធី​ជាតិ​នេះ​បាន​ចាប់ផ្ដើម​ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០២០ ​ដោយ​ផ្តើម​ចេញពី​ការរៀប​ចំ​ជា​ឯកសារ​ទស្សនទា​ន​មួយ​ដែល​កំណត់​នូវ​ចក្ខុវិ​ស័យ​ពាក់​ព័ន្ធ​នឹង​សមិទ្ធ​ផលរំ​ពឹងទុ​កសំខាន់ៗនៃ​កំណែទ​ម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​តម្រង់ទិស​ក្នុងការ​រៀបចំតាក់តែងឯកសារ​លម្អិត​នៃ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី២។

បើតាមលោក​ ង៉ាន់ ចំរើន ចក្ខុវិស័យ​សំខាន់​នៃ​ការ​រៀប​ចំ ​និង​អនុវត្ត​កម្មវិធី​ជាតិ​ដំណាក់​កាល​ទី ២ នេះ គឺ​ផ្តោត​លើ​ការបែ​ងចែ​ក​សិទ្ធិ​អំណាច​ តួនាទី និង​ការទ​ទួលខុ​សត្រូវ​រវាង​ក្រសួង ​ស្ថាប័ន​ថ្នាក់ជា​តិ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ឱ្យ​កាន់​តែមាន​ភាព​ច្បាស់លា​​ស់ស្រ​បតាម​​គោលនយោ​បាយ​វិមជ្ឈកា​រ។ ពោល​គឺ«ការ​បង្ខិត​ការធ្វើ​សេចក្ដី​សម្រេ​ចចិត្ត​លើ​ការ​ផ្តល់​សេវា​សាធារណៈ​​ឱ្យទៅ​កៀក​ជិត​ប្រជាព​លរ​ដ្ឋ» ។

រដ្ឋាភិ​បាល​កម្ពុជា​បានដាក់​ចេញ​ផែនការ​រយៈ​ពេល ​១០ ឆ្នាំ​ ក្នុង​ការបន្ត​អនុវត្ដ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវ​ឌ្ឍ​តាមបែ​ប​ប្រជាធិ​បតេយ្យ​នៅ​ថ្នាក់ក្រោ​ម​ជាតិ​តាមរយៈ​ការបន្ត​ធ្វើកំណែទ​ម្រង់រ​ច​នា​សម្ព័ន្ធ​រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ និង​មាន​ប្រសិទ្ធ​ភាព​ក្រោយពី​អនុវត្ដ​កម្មវិធី​នេះ​រយៈពេ​ល ១០ ឆ្នាំ​ដំបូង​ ដែល​បានបញ្ចប់​កាលពី​ចុងឆ្នាំ​ ២០២០​ កន្ល​ងទៅ។

លោក​ឧបនា​យក​រដ្ឋ​មន្ត្រី ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃធ្លាប់​បាន​លើក​ឡើង​ក្នុង​ពេល​ធ្វើជា​អធិប​តី​ក្នុង​សិក្ខា​សាលា​បែបនេះ​កាលពី​ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ​២០២០ ថា​ ផ្អែក​លើ​សមិទ្ធ​ផល​ មេរៀន​បទ​ពិសោធ​ ​និង​បញ្ហា​ប្រឈម​នានា​ដែល​ត្រូវ​បន្ត​ដោះ​ស្រាយ ​និង​ដើម្បី​ចូល​រួមចំ​ណែក​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ប្រែ​ក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​រៀបចំ​ និង​ដាក់ឱ្យអនុវត្ត​នូវ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី២​ សម្រាប់​រយៈ​ពេល​ ១០ ឆ្នាំ​បន្ថែមទៀត​ គឺ​ចាប់ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ​ ២០៣០។

លោក​បាន​ថ្លែង​ថា ដើម្បី​ធានា​ដល់​ការ​សម្រេច​បាន​នូវ​ចក្ខុវិ​ស័យរ​យៈ​ពេល​ ១០ ឆ្នាំ​ខាងមុខ ​ចាំបាច់​ត្រូវ​បន្តធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​រដ្ឋបាល​សា​ធារណៈ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ និង​មាន​ប្រសិទ្ធភាព។ ការរៀបចំ​រចនាសម្ព័ន្ធ ​និង​ប្រព័​ន្ធគ្រប់​គ្រង​រដ្ឋបាល​សាធា​រណៈ​ គឺជា​កត្តា​ដ៏​មាន​សារៈ​សំខាន់​មួយ​ក្នុងការ​ចូល​រួមចំណែក​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​នេះ៕