ភ្នំពេញៈ មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​កំពុង​សា្រវជ្រាវ​បទល្មើស​កាប់រាន​ដីព្រៃ​ស្ថិតនៅ​ភូមិ​ពូលូង ​សង្កាត់​រមនា ​ក្រុង​សែនមនោរម្យ​ ប៉ុន្តែ​សហគមន៍​ពូលូង​និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា​ មាន​ការកាប់រាន​ទន្ទ្រាន​ព្រៃ​អស់​ទៅ​ហើយ​ទើប​ធ្វើការ​ស្រាវ​ជ្រាវ។

លោក​ កែវ សុភគ៌ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ ថ្លែង​នៅ​ថ្ងៃទី ៩ ​កញ្ញា ​ថា ​ការកាប់រាន​ទន្ទ្រាន​ដីព្រៃ​នៅ​ភូមិ​ពូលូង ​កំពុង​ស្ថិត​ក្នុង​ការស្រាវ​ជ្រាវ​មិនទាន់​ដឹងថា ​ជាការកាប់​រាន​ក្នុង​ទ្រង់ទ្រាយ​ធំ ​ឬ​យ៉ាងណា​នោះ​ទេ។ ការឈូសឆាយ​ដីព្រៃ​នៅ​តំបន់​នោះ ​ភាគច្រើន​ គឺ​ម្ចាស់​កម្មសិទ្ធិ​ ដែល​បាន​ទិញ​ហើយ​ធ្វើការ​ឈូសឆាយ​ដើម្បី​អភិវឌ្ឍ​ដី​របស់​ពួក​គេ។

លោក​ថ្លែងថា​៖ «ម្តុំ​ហ្នឹង​ភាគច្រើន​ចម្ការ​គេ​ដាំ​តាំង​ពីណា​ពី​ណី​មក។ ជួនណា​ទៅ​គេ​អ្នក​ភ្នំពេញ​ទៅ​ទិញ​ ហើយ​គេ​ស្តារ​កន្លែង​ហ្នឹង​ឡើង​វិញ​អ៊ីចឹង​ទៅ។ គេ​ឈូស​ដំណាំ​ចាស់​ទៅ ​ហើយ​គេ​ធ្វើ​ថ្មី​ឡើង​វិញ ​ប៉ុន្តែ​យ៉ាង​ណា​អត់ទាន់​ដឹង​ច្បាស់​ថា​ម៉េចទេ​ ព្រោះ​ឥឡូវ​មន្ត្រី​បរិស្ថាន​កំពុង​ស៊ើប​មើល»។

អ្នកស្រី​រឿន ហែង ​សមាជិក​សហគមន៍​ពូលូង ​និយាយ​នៅ​ថ្ងៃទី ៩ ​កញ្ញា​ថា ​ការឈូសឆាយ​ដីព្រៃ​នៅ​ទីនោះ​មាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​បាន​ស្ទើរ​រួចរាល់​អស់​ទៅ​ហើយ។ ដី​តំបន់​នោះ​ជាដី​ព្រៃ​របស់​រដ្ឋ ​ប៉ុន្តែ​ត្រូវបាន​ពលរដ្ឋ​ជាអ្នក​ខិលខូច​ក្នុង​ភូមិ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ ដើម្បី​ធ្វើការ​លក់​ដូរ​ឱ្យទៅ​អ្នក​មាន​លុយ។ អ្នកស្រី​ប៉ាន់ប្រមាណ​ថា ​ដីព្រៃ​ដែល​ត្រូវបាន​ឈូសឆាយ​នោះ​មាន​ទំហំ​ប្រមាណ​ពី​ ៥០០​ ទៅ​ ១ ០០០​ ហិកតា។

អ្នកស្រី​ថ្លែងថា​៖ «ខ្ញុំ​គិត​ថា ​វា​អស់​ទៅ​ហើយ ​គេ​លែង​ឈូស​ហើយ​ហ្នឹង​ ទើប​ឃើញ​គេ​ចុះ​ទៅ​ពិនិត្យ​ទៅ​មើល។ ខ្ញុំ​និយាយ​ឱ្យត្រង់​ទៅ​ពិនិត្យ​ ទៅ​មើល​ធ្វើ​អី​ទេ។ អា​ពេល​មាន​ព្រៃ​គគោក ​គេ​ទៅ​កាប់​ទៅ​ត្រាយ​ហ្នឹង ​មិន​ទៅ​មើល​ផង»។

លោក ​ភី ងូក ​ចៅ​សង្កាត់​រមនា ​ថ្លែង​នៅ​ថ្ងៃទី ៩ ​កញ្ញាថា ​ជុំវិញ​រឿង​នេះ ​លោក​មិនទាន់​បានដឹង​ច្បាស់​នោះ​ទេ ​ដោយ​លោក​កំពុង​ស្រាវជ្រាវ​មើល​ករណី​ដែល​កើតឡើង​នៅ​តំបន់​នោះ​ផង​ដែរ។ លោក​បញ្ជាក់ថា​៖ «ចាំ​មើល​ខ្ញុំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​មើល​សិន។ បើ​បាន​លទ្ធផល​យ៉ាង​ណា​ចាំ​ខ្ញុំ​ផ្តល់​ជូន​នៅ​ពេល​ក្រោយ»។

អ្នកស្រី​ យុន រ៉ាវី ​អ្នកសម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស ​(អាដហុក)​ ប្រចាំ​ខេត្ត​មណ្ឌលគិរី​ ថ្លែង​នៅថ្ងៃ​ទី ៩ ​កញ្ញាថា ​ដីព្រៃ​នៅ​តំបន់​នោះ​ត្រូវបាន​ឈូស​ឆាយ​អស់​ទៅ​ហើយ ​ដោយ​គ្មាន​ការទប់ស្កាត់​តាំងពី​ដើម​ទី​មក។ ចំណែក​ខាង​សហគមន៍ ​ក៏​មិនបាន​រាយការណ៍​ ឬក៏​ស្វែងរក​ការអន្តរាគមន៍​ពី​ខាងណា​មួយ​ ដើម្បី​ជួយ​ដោះស្រាយ​នោះ​ដែរ។ ដើម្បី​រក្សា​ការពារ​ដីព្រៃ​របស់​រដ្ឋ​កុំ​ឱ្យ​បាត់បង់ ​លុះត្រាតែ ​ពលរដ្ឋ​ជាម្ចាស់​ដីធ្លី​ ព្រៃ​ឈើ​ទាំងអស់​គ្នា​មាន​ការសហការ​គ្នា​ល្អ​ទៅវិញ​ទៅមក។​ គ្រប់​គ្នា​អាច​ការពារ​ព្រៃ​ឈើ ​ដែលនៅ​សេសសល់​បាន​ ដោយ​ពង្រឹង​ឡើងវិញ​ ឱ្យ​សហ​គមន៍​មាន​ការយល់​ដឹង​រឿង​ដីធ្លី​ព្រៃឈើ ​និង​ធនធាន​ធម្មជាតិ​ទាំង​អស់។

អ្នកស្រី​ថ្លែងថា​៖ «យើង​មាន​វគ្គ​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​អី​ផ្សេងៗ​អ៊ីចឹង​ទៅ ​ដើម្បី​ឱ្យ​គាត់​មាន​ការគ្រប់គ្រង​បានល្អ ​ហ៊ាន​បញ្ចេញមតិ​ក្នុង​ការការ​ពារ។​ និយាយ​ទៅ​ទាល់តែ​ពួកគាត់​ចេះ​រួមគ្នា ​ទើប​អាច​ធ្វើបាន ​សង្គម​ស៊ីវិល​តែ​ម្នាក់​ឯង​ គឺ​ជួយ​អត់​បាន​ដែរ​ហ្នឹង»៕

វីដេអូ៖