ភ្នំពេញៈ រដ្ឋសភា​កម្ពុជា​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​នូវ​មាត្រា​មួយចំនួន​នៃ​ច្បាប់​ស្តីពី​ការងារ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ នា​ថ្ងៃទី​ ៩ កញ្ញា ដើម្បី​លើកកម្ពស់​សិទ្ធិ​ការងារ និង​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។

លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពេល​ចូលរួម​ការពារ​សេចក្តី​ព្រាង​ច្បាប់​នា​ព្រឹក​ថ្ងៃទី​ ៩ កញ្ញា ឆ្នាំ​ ២០២១ ថ្លែងថា បន្ទាប់ពី​សមាជិក​សភា​បាន​ធ្វើការ​ពិភាក្សា​រួចរាល់​ហើយ សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី៦ អនុម័ត​ទាំងស្រុង ដោយ​សំឡេង​គាំទ្រ ៩២ នៃ​សមាជិកសភា ដែល​ចូលរួម​។

លោក​រដ្ឋមន្ត្រី​ពន្យល់​ថា ច្បាប់​ស្តីពី​ការងារ គឺជា​ក្របខ័ណ្ឌ​គតិយុត្ត​ដ៏សំខាន់​ក្នុង​ការលើកកម្ពស់​សិទ្ធិ​ការងារ និង​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ស្រប​ពេល​ដែល​កម្ពុជា​ចាប់ផ្តើម​អភិវឌ្ឍ​វិស័យ​ការងារ ដោយ​ផ្សារភ្ជាប់​ជាមួយ​ពាណិជ្ជកម្ម​អន្តរជាតិ តាមរយៈ​ការរីកចម្រើន​ការវិនិយោគ​នៃ​វិស័យ​ឯកជន​។ ជាពិសេស ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​។

លោក​ថ្លែងថា​៖ «​ច្បាប់​ស្តីពី​ការងារ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​ ២ ​លើក​រួច​មកហើយ ដែល​ក្នុង​នោះ​នៅ​ឆ្នាំ​ ២០០៧ វិសោធនកម្ម​ពាក់ព័ន្ធ​នឹង​អត្រា​ប្រាក់ឈ្នួល​បន្ថែម​ម៉ោង និង​ការងារ​ពេលយប់ និង​ឆ្នាំ​ ២០១៨ វិសោធនកម្ម​ពាក់ព័ន្ធ​នឹង​ប្រាក់​បំណាច់​អតីតភាព​ការងារ​»​។

បើតាម​លោក​ អ៊ិត សំហេង តាមរយៈ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ និង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ ពិតជា​បាននិង​កំពុង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ វិសោធនកម្ម​នេះ​បាន​ផ្តល់នូវ​ជំនឿ​ទុកចិត្ត​ដល់​សាធារណជន និង​អន្តរជាតិ មកលើ​កម្ពុជា​ក្នុង​ការគោរព​សិទ្ធិ​ការងារ និង​បានធ្វើឱ្យ​រំហូរ​នៃ​ការវិនិយោគ​វិស័យ​ឯកជន​មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់ ដែល​ការណ៍​នេះ​បាន​នាំមក​នូវ​ការអភិវឌ្ឍ​វិស័យ​សង្គម​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បន្តថា សេចក្តី​ព្រាងច្បាប់​ដែល​រដ្ឋសភា​អនុម័ត​ទាំងស្រុង​នេះ​ត្រូវបាន​ធ្វើ​វិសោធនកម្ម​មាត្រា​ ១២៣ មាត្រា​ ១៣៨ មាត្រា​ ១៦២ មាត្រា​ ៣០០ មាត្រា​ ៣៤៣ មាត្រា​ ៣៥០ មាត្រា​ ៣៦៣ និង​មាត្រា​ ៣៦៧ នៃ​ច្បាប់​ស្តីពី​ការងារ​ដែល​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ ជស/រកម/០៣៩៧/០១ ចុះ​ថ្ងៃទី​ ១៣ ខែ មីនា ឆ្នាំ​ ១៩៩៧​។

លោក​ អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ថ្លែងថា សេចក្តីព្រាង​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ការងារ​នេះ ត្រូវបានធ្វើ​យូរណាស់​មកហើយ ដែល​កិច្ចការ​នេះ​ត្រូវ​បាន​ស្នើឡើង​ដោយ​ភាគី​ខាង​ក្រុមហ៊ុន​។ ប៉ុន្តែ​កម្មករនិយោជិត គ្មាន​ទទួលបាន​ផល​អ្វី​ឡើយ មាន​តែ​ការខាតបង់​។ ដូច្នេះ រដ្ឋាភិបាល​ក៏​គួរពិនិត្យមើល​ឡើងវិញ​ដែរ បើ​វា​ខាតបង់​ពេក ត្រូវធ្វើ​វិសោធនកម្ម​ឡើងវិញ​។

លោក​បន្តថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ក្រុមហ៊ុន​សហជីព​មាន​ការខកចិត្ត​ខ្លាំងណាស់ ព្រោះ​វា​គ្មាន​ទទួល​បាន​ផលចំណេញ​ការងារ​វិនិយោគ ពី ១៣០% មក​នៅ​ ១០០%​។ ដោយឡែក​បើ​មានបុណ្យ​ចំ​ថ្ងៃអាទិត្យ​មិន​ត្រូវ​បាន​លើក​ពេល​នោះទេ ដែល​នេះ កម្មករនិយោជិត​របស់​កម្ពុជា​ទទួល​ការខាតបង់​ ១ ​ឆ្នាំ​ ២ ​ថ្ងៃ​ទៀត​។ មួយ​វិញទៀត ពិធីបុណ្យ​ផ្សេងៗ​ក៏ត្រូវ​បាន​កាត់​អស់ ៧ ​ថ្ងៃ​ទៀត​ក្នុង​ ១ ​ឆ្នាំៗ ដែល​ធ្វើឱ្យ​មាន​ការខាតបង់​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលមិនឃើញ​ប្រយោជន៍​អី​ទេ ពី​ការអនុម័ត​ច្បាប់​នេះ កាត់​ការងារ​វិនិយោគ គេ​បង្កើន​ការងារ​ច្រើន​។ ប៉ុន្តែ​ខ្ញុំ​អត់​ជឿ​ទេ ព្រោះថា​កាលពី​ឆ្នាំ​ ២០០៧ កាត់​ពី​ ២០០% មក​នៅ​ ១៣០% គេ​និយាយ​អ៊ីចឹង​ដូចគ្នា​។ គេ​និយាយ​មាន​ការងារ​ច្រើន ប៉ុន្តែ​ទីបំផុត​គ្មានទេ វា​គ្រាន់តែ​ជា​លេស​របស់​និយោជក ហើយ​រដ្ឋាភិបាល​មួយរយៈ​ហ្នឹង​មាន​ការយកចិត្ត​ទុកដាក់​ជាមួយ​និយោជក​ច្រើន យើង​មានការ​ខកចិត្ត​ខ្លាំង​»៕