ភ្នំពេញៈ មន្ត្រីនគរបាល​នៃ​អធិកាដ្ឋាន​នគរបាល​ខណ្ឌ​៧មករា ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ក្រោយពី​ប្រើ​អំពើហិង្សា កាលពី​យប់​ថ្ងៃទី​ ៨ ខែកញ្ញា ទៅលើ​ស្ត្រី​ម្នាក់​ដែល​ជិះ​ផ្នែក​ខាងក្រោយ​នៃ​អ្នកបើកបរ​ម៉ូតូ​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព បណ្ដាល​ឱ្យ​មាន​របួស​នៅលើ​ដងផ្លូវ​ក្នុង​សង្កាត់​វាលវង់​។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៩ ខែកញ្ញា​នេះ​ថា ក្រោយពី​កើតហេតុ​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចាត់វិធានការ​តាមច្បាប់ ចំពោះ​មន្ត្រីនគរបាល​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា ដែល​បង្ក​ហិង្សា​នោះ​ភ្លាម​នៅ​ថ្ងៃ​ដដែល​។

លោក​ថ្លែងថា​៖ «​កម្លាំង​សមត្ថកិច្ច​នឹង​ឱ្យ​មន្ត្រី​បង្កហេតុ​ជួប​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ចរចា​គ្នា​រឿង​សំណង​ថ្លៃ​ព្យាបាល​។ បើ​ជនរងគ្រោះ​មិន​សុខចិត្ត​សមត្ថកិច្ច​នឹង​អនុវត្ត​បន្ត​ដោយ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​ជនរងគ្រោះ​ចរចា​ត្រូវ​គ្នា​បញ្ចប់រឿង​ត្រឹម​សំណង​មន្ត្រីនគរបាល​ដែល​បង្ក​ហិង្សា​នោះ​ក៏​នៅតែ​ត្រូវអនុវត្ត​វិន័យ​ទៅតាម​កងកម្លាំង​ផងដែរ​។ ចំពោះ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​គេច​ពី​សមត្ថកិច្ច​ក៏​នឹងត្រូវ​អនុវត្ត​តាមច្បាប់​ផងដែរ​»​។

បើតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​ប្រមាណ​ ៨ និង​ ២០ ​នាទី​យប់ ថ្ងៃទី​ ៨ ខែកញ្ញា ឆ្នាំ​ ២០២១ ​មាន​ករណី​ប្រើ​អំពើហិង្សា​មួយ​ប្រព្រឹត្ត​ដោយ​មន្ត្រីនគរបាល​អន្តរាគមន៍​ខណ្ឌ​ ៧ ​មករា​ប្រើប្រាស់ វិទ្យុ​ទាក់ទង វាយ​ទៅលើ​នារី​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្អូនប្រុស ដែល​មិនបាន​ពាក់មួក​សុវត្ថិភាព​បណ្ដាលឱ្យ​រងរបួស​ត្រង់​ក្បាល​នៅ​ទីតាំង សង្កាត់​វាលវង់​ខណ្ឌ៧មករា​រាជធានី​ភ្នំពេញ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​ ២ ​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​។

លុះ​ពេល​ជិះ​​ដល់​គោលដៅ​ត្រួតពិនិត្យ​ក៏ព្យាយាម​ជិះ​បកក្រោយ​វិញ​ហើយក៏​ត្រូវបាន​មន្ត្រី​នគរបាល​ម្នាក់​យក​អាយកូម​វាយ​បណ្តាល​ឱ្យ​ត្រូវ​នារី​អ្នកជិះ​ខាងក្រោយ​បែកក្បាល និង​ធ្លាក់​ពីលើ​ម៉ូតូ​ផងដែរ​។ នារី​ជា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​នេះ​មានឈ្មោះ ងន ស្រីនិច អាយុ​ ២២​។

រីឯ​អ្នកឌុប​ជា​ប្អូនប្រុស​ឈ្មោះ ងន សិលា អាយុ​ ១៨ ​ឆ្នាំ ពួកគេ​មាន​ទីលំនៅ​បុរី លឹមឈាងហាក់​ចំការដូង សង្កាត់​ស្ទឹងមានជ័យ​ចំណែក មន្ត្រី​អន្តរាគមន៍​ដែល​ប្រើ​ហិង្សា​ត្រូវបាន​គេ​ស្គាល់​ថា មាន ឈ្មោះ ម៉ាត់ ពិសី​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​នារី​រងគ្រោះ ងន ស្រីនិច បំភ្លឺ​បន្ថែម​ទាក់ទង​នឹង​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ​។ ប៉ុន្ដែ​នាង​បាន​និយាយ​ជា​សាធារណៈ​កាលពី​យប់​ថ្ងៃទី​ ៨ ខែកញ្ញា​នេះ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា មុនពេល​កើតហេតុ ពួកនាង​មាន​បំណង​ធ្វើ​ដំណើរ​តាមរយៈ​ម៉ូតូ Hongda Scopy ​សេរី​ឆ្នាំ​ ២០២១ ពី​ផ្ទះ​នៅ​ចំការដូង ក្នុង​ខណ្ឌ​ស្ទឹងមានជ័យ​ទៅ​ខណ្ឌទួលគោក​។ ពេល​កំពុង​ជិះ​ដល់​ស្ដុប​អាងទឹក ស្ដាត​អូឡាំពិក ត្រង់ចំណុច​បត់​ឆ្វេង ទៅ​ផ្សារ​ដេប៉ូ ក៏​ជួបនឹង​គោលដៅ​នគរបាល​ត្រួតពិនិត្យ​អនុវត្ដ​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច ខណៈ​ពេលនោះ​ប្អូនប្រុស​របស់​នាង​ក៏​បើក​គេច​ដោយសារ​ពួកនាង​អត់​ពាក់មួក​សុវត្ថិភាព​។

នារី​រូបនេះ​ថា​៖ «​ពេលនោះ​ខ្ញុំ​ប្រាប់​ប្អូនប្រុស​ខ្ញុំ កុំឱ្យ​បើក​រត់គេច​ឱ្យ​ជិះ​ចូល​ទៅឱ្យ​ប៉ូលិស​ផាកពិន័យ​។ ពេល​ប្អូន​ខ្ញុំ​រក​ឈប់ ក៏មាន​ប៉ូលិស​ម្នាក់​ដើរមក យក​វិទ្យុ​ទាក់ទង​វាយ​ចំក្បាល​របស់ខ្ញុំ​តែម្ដង​។ ពេល​ប៉ូលិស​វាយ ខ្ញុំ​មិន​បាន​គេច​ទេ ដោយ​គិតថា ប៉ូលិស​វាយ​បន្តិច​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ប៉ូលិស​បាន​វាយ​ខ្ញុំ​ចំ​ត្រង់​ក្បាល​បែក​ជិត​ ១០ ​ថ្នេរ​ហូរឈាម​។ ខ្ញុំ​ក៏​វិលមុខ​ធ្លាក់​ពី​លើ​ម៉ូតូ ទៅបុក​ជាមួយ​នឹង​ឃឿន​ចិញ្ចើមថ្នល់​រងរបួស​ចិញ្ចើម​ខាងស្ដាំ​បន្ថែមទៀត​»​។

នារី​រូបនេះ​បាន​ទទួល​ស្គាល់​កំហុស​ថា ពួកនាង​ពិតជា​ល្មើសច្បាប់​ចរាចរណ៍​ដែល​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព និង​បើកបរ​បញ្ច្រាស​ផ្លូវ​។ ប៉ុន្ដែ​នាង​ក៏​ទាមទារ​រក​យុត្ដិធម៌ ចំពោះ​ករណី​ហិង្សា​បណ្ដាល​ឱ្យ​រងរបួស​ត្រង់​ក្បាល​ហូរឈាម​បែបនេះ​។ នាង​បញ្ជាក់ថា នៅ​ថ្ងៃទី​ ៩ ខែកញ្ញា​នេះ នាង​នឹងដាក់​ពាក្យ​ប្ដឹង​មន្ដ្រីនគរបាល​ដែល​បង្ក​ហិង្សា​នេះ​អំពី​បទហិង្សា​ដោយ​ចេតនា​។

លោក គឹម បញ្ញា នាយក​អង្គការ​ AIP ប្រចាំ​ប្រទេស​កម្ពុជា​លើកឡើង​ថា ការប្រើប្រាស់​ហិង្សា​ក្នុង​ពេល​អនុវត្ដ​ច្បាប់​ចរាចរណ៍ គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ទេ ព្រោះ​គោលដៅ​នៃ​ការរឹតបន្តឹង​ការអនុវត្ដ​ច្បាប់​ចរាចរណ៍ គឺ​ដើម្បី​រក្សា​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​បើ​ការអនុវត្ដ​ច្បាប់​របស់​យើង វា​នាំ​ផល​បង្ក​ជា​របួសស្នាម​បែបនេះ គឺ​ប្រាស់ចាក​ពី​គោលដៅ​នៃ​ការអនុវត្ដ​ច្បាប់​ចរាចរណ៍​ហើយ​»​។

លោក​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ដែល​បាន​ឃាត់​មន្ដ្រីនគរបាល​ដែលជា​ជនបង្ក និង​អនុវត្ដ​ទៅតាម​ច្បាប់​ដែលមាន​ជា​ធរមាន​ ដើម្បី​ពង្រឹង​ការអនុវត្ដ​ច្បាប់​ចរាចរណ៍​បន្ត​ទៀត ដោយ​អនុវត្ដ​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ប្រើប្រាស់​វិធីសាស្ដ្រ​ទន់ភ្លន់​ក្នុង​ការអនុវត្ដ​ច្បាប់​៕