ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឱ្យ​បណ្តា​ប្រទេស​មហា​អនុតំបន់​មេគង្គ​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ដើម្បី​រក្សា​សេដ្ឋកិច្ច​ឱ្យមាន​ភាពប្រកួតប្រជែង​។ ​ការស្នើ​បែបនេះ​ធ្វើឡើង ខណ:​លោក​ដឹកនាំ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៧ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​ ៩ កញ្ញា​។

លោក ហ៊ុន សែន ថ្លែងថា ការតភ្ជាប់​តំបន់​គឺជា​ចំណុច​ស្នូល​នៃ​កិច្ចសហប្រតិបត្តិការ មហា​អនុតំបន់​មេគង្គ​។ ការតភ្ជាប់​ឌីជីថល​មាន​សារៈសំខាន់​សម្រាប់​ការប៉ះប៉ូវ​ផលិតភាព ដែល​បាត់បង់ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​ធានា​ប្រសិទ្ធភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​កម្ពុជា​សូម​លើកទឹកចិត្ត​ឱ្យ​កិច្ចសហប្រតិបត្តិការ​មហា​អនុតំបន់​មេគង្គ ផ្តោត​ចម្បង​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ឌីជីថល និង​ការធ្វើ​បច្ចុប្បន្នភាព​លើ​កម្លាំង ពលកម្ម​ជំនាញ​ស្របតាម​យុគសម័យ​ឧស្សាហកម្ម​ ៤.០ ក្នុងដំណាក់កាល​នៃ​ការស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ ដើម្បី​រក្សា​សេដ្ឋកិច្ច​របស់​យើង​ឱ្យមាន​ភាពប្រកួតប្រជែង​ខ្ពស់​»​។

លោក ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យ​ពង្រឹង​កាន់តែ​ខ្លាំង​ថែមទៀត​លើ​ការអភិវឌ្ឍ​ទីក្រុង​វៃឆ្លាត ថាមពល​ស្អាត និង​ប្រព័ន្ធ​ឡូជីស្ទិក និង​គិតគូរ​ផងដែរ​នូវ​ការស្វះស្វែង​កៀរគរ​ប្រភព​ហិរញ្ញប្បទាន​បន្ថែម ជាពិសេស ការបន្សារ ការផ្ដុំ​ផ្សំ និង​បំពេញ​ឱ្យគ្នា​ទៅវិញទៅមក​ជាមួយនឹង​ហិរញ្ញប្បទាន ក្រោម​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​មេគង្គ​ដទៃទៀត ដើម្បី​ប្រែក្លាយ​គម្រោង​ទាំងឡាយ​ឱ្យទៅជា​លទ្ធផល​ជាក់ស្តែង​។

លោក​ថ្លែងថា ការចាប់​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន គឺជា​យន្តការ គន្លឹះ​មិនអាច​ខ្វះ​បាន ដែល​នឹង​ជួយ​សម្រួល​ដោះស្រាយ​ការលំបាក​ផ្នែក​ហិរញ្ញប្បទាន​។

លោក ហ៊ុន សែន បន្តថា សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល​បាន​បន្ត​ខិតខំ​គ្រប់គ្រង​សភាពការណ៍​ជំងឺ​កូវីដ​ ១៩ ដោយ​ផ្តោតលើ​កិច្ចការ​អាទិភាព​មួយចំនួន ដូចជា​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន និង​ការអនុវត្ត វិធានការ​សុខាភិបាល រដ្ឋបាល និង​ច្បាប់ ដើម្បី​កាត់បន្ថយ​ការឆ្លង​នៅក្នុង​សហគមន៍ ខណ:​រលក​ថ្មី​នៃ​ជំងឺ​កូវីដ​ ១៩ នៅតែ​បង្ក​ផលប៉ះពាល់​ដ៏ស្រួចស្រាល់​មកលើ​សេដ្ឋកិច្ចកម្ពុជា ជា​អាទិ៍​នៅក្នុង​វិស័យ​វាយនភណ្ឌ ទេសចរណ៍ និង​វិស័យ​សេវា​ខ្លះទៀត ដែលជា​កត្តា​នាំឱ្យ​ការងើបឡើង​នៃ​សេដ្ឋកិច្ច សម្រាប់​ឆ្នាំ​ ២០២១ នេះ​នៅតែ​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា កិច្ចខិតខំ​រួម​របស់​យើង​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការស្តារ និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​របស់​យើង ឱ្យ​មាន​កំណើន​ជាថ្មី ជាពិសេស​តាមរយៈ​ការដាក់ចេញ​នូវ​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ និង​ផែនការ​ស្តារឡើងវិញ ឆ្នាំ​ ២០២១-២០២៣ នាពេលនេះ ដើម្បី​ចាត់វិធានការ​ទាន់ពេល​វេលា និង​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​រួមគ្នា​ខ្ពស់​ក្នុង​ការធានា​នូវ​ប្រតិបត្តិការ​ដោយ​រលូន​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​ការការពារ​សុខភាព​សាធារណៈ​ក្នុង​តំបន់​»​។

លោក ហ៊ុន សែន ថ្លែង ដោយបាន​លើកសរសើរ​ចិន​ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដល់​ប្រទេស​ក្នុង​តំបន់ អរគុណ​ចិន ដែល​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ជូន​ដល់​ប្រជាជន​កម្ពុជា ព្រមទាំង​អរគុណ​ដល់​សហគមន៍​អន្តរជាតិ ដែល​បាន​ចែករំលែក និង​ផ្តល់​វ៉ាក់សាំង តាមរយៈ​កម្មវិធី​កូវ៉ាក់ (COVAX) របស់​អង្គការ​សុខភាព​ពិភពលោក និង​ជំនួយ​ទ្វេភាគី​ជូន​ដល់​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា ពិភពលោក​ទាំងមូល​នៅតែ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការមកដល់​នូវ​រលក​ថ្មីៗ​នៃ​ជំងឺ​កូវីដ ១៩​ បង្កឡើង ដោយ​មេរោគ​បំប្លែង​ថ្មី​ដែលតា ដែល​នឹង​បន្ត​រំខាន​ដល់​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​រាប់​ចាប់ពី​សុខភាព​សាធារណៈ រំហូរ​ទេសចរ រហូតដល់​ការរអាក់រអួល​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​យើង​ចាំបាច់​ត្រូវ​ពន្លឿន​ការអនុវត្ត​កម្មវិធី​កិច្ចសហប្រតិបត្តិការ​របស់​យើង និង​លើកកម្ពស់​សាមគ្គីភាព ប្រកប​ដោយ​ភាពហ្មត់ចត់ ក្រោម​យន្តការ​ពហុភាគី​និយម ដើម្បី​ធានាបាន​នូវ​ការងើប​ឡើងវិញ​យ៉ាងរឹងមាំ​នៃ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ក្រោយពេល​វិបត្តិ​នេះ​បានបញ្ចប់​»​។

លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៩ ខែកញ្ញា​ថា កម្ពុជា ជា​ប្រទេស​ស្នូល​មួយ​ក្នុង​មហា​អនុតំបន់​មេគង្គ និង​ជា​ប្រទេសមួយ​ដ៏មាន​សក្តានុពល​ទាំង​ធនធាន​មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ដោយសារ​តែ​អត្រា​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុងក្រោយ និង​ប្រជាជន​វ័យក្មេង​ច្រើន​។

លោក​ថ្លែងថា​៖ «​ការធ្វើ​សមាហរណកម្ម​ឌីជីថល​នេះ​នឹង​​ជួយ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា និង​ជំរុញ​នវានុវត្តន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ ៤.០ ដែល​នឹង​ជួយ​ឱ្យ​​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ការស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​វិបត្តិ​កូវីដ ១៩ និង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការចូលរួម​ដោះស្រាយ​វិបត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ឌីជីថល​នៅក្នុង​ប្រទេស​ផងដែរ​»​។

លោក ថុង ម៉េងដាវិត បន្តថា ការប្រកួតប្រជែង​របស់​មហាអំណាច​ក្នុង​តំបន់​នេះ​ក៏​បាន​ធ្វើឱ្យប៉ះពាល់​ដល់​និរន្តរភាព​នៃ​ចង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម និង​ការចរាចរ​ផលិតផល​របស់​ប្រទេស​នៅក្នុង​អាស៊ាន ក៏​ដូចជា​អនុតំបន់​មេគង្គ​។ ការលើក​ទឹកចិត្ត​ឱ្យមាន​ការធ្វើ​សមាហរណកម្ម​ឌីជីថល​នៅក្នុង​តំបន់​មេគង្គ​នឹងត្រូវ​ធ្វើ​ទន្ទឹមគ្នា​ទៅនឹង​ការថែរក្សា​ការពារ​និរន្តរភាព​នៃ​ការប្រកួតប្រជែង​សេដ្ឋកិច្ច ការស្តារ​សេដ្ឋកិច្ច​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល និង​ការការពារ​ពី​ហានិភ័យ​​ឌីជីថល​ពី​ការវាយប្រហារ​នានា​ពី​ក្រុម​ឧក្រិដ្ឋជន ឬ​ភេរវកម្ម​​ជាដើម​។

លោក​ថ្លែងថា​៖ «​កម្ពុជា​គួរ​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​មេគង្គ​ក្នុង​ការកសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល ដែលមាន​ភាពរឹងមាំ និង​ធន់ ដើម្បី​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​ដោយមាន​ភាពទូលំទូលាយ និង​សុវត្ថិភាព ធានា​បាន​នូវ​ការប្រកួតប្រជែង​ខ្ពស់ និង​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​»​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​កំពូល​មហាអនុតំបន់​មេគង្គ​លើក​ទី​៧ កាលពី​ថ្ងៃ​ទី​ ៩ ខែ កញ្ញា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ចាប់តាំងពី​ការចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ ១៩៩២ កម្មវិធី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​មហាអនុតំបន់​មេគង្គ (​កម្មវិធី GMS) បាន​កៀរគរ​ហិរញ្ញប្បទាន​ចំនួន ២៧,៧ ​ប៊ីលាន​ដុល្លារ ដើម្បី​​គាំទ្រ​ដល់​ការវិនិយោគ​លើ​គម្រោង​តាម​វិស័យ​ចំនួន​ ១០៩ និង​គម្រោង​ជំនួយ​បច្ចេកទេស​ចំនួន​ ២៣០​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា កម្មវិធី GMS បាន​ចូលរួមចំណែក​លើកកម្ពស់​ការតភ្ជាប់​នៅក្នុង​មហា​អនុតំបន់​មេគង្គ តាមរយៈ​ការស្ថាបនា ឬ​កែលម្អ​ផ្លូវថ្នល់​ប្រវែង​ជិត ១២ ០០០ គីឡូម៉ែត្រ និង​ផ្លូវដែក​ប្រវែង​ជិត ៧០០ ​គីឡូម៉ែត្រ​។ កម្មវិធី GMS ក៏បាន​រួមចំណែក​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រមាណ ១៥០ ០០០ គ្រួសារ ដោយ​គាំទ្រ​ការដំឡើង​អគ្គិសនី​ជិត ៣ ០០០ ​មេហ្គាវ៉ាត់ និង​ខ្សែ​បញ្ជូន និង​បណ្តាញ​ចែកចាយ​ប្រវែង​ជាង ២ ៦០០ ​គីឡូម៉ែត្រ​ផងដែរ​។

មហាអនុតំបន់​មេគង្គ​មាន​ប្រទេស​ជា​សមាជិក ដែល​រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ចិន (​ខេត្ត​យុនណាន និង​តំបន់​ស្វយ័ត ក្វាងស៊ីចួង​) ថៃ និង​វៀតណាម​៕