ភ្នំពេញៈ ក្រសួង​សុខាភិបាល ប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (Delta) ​បន្ថែមទៀត រហូតដល់​ ៦៧៦ ​នាក់ ​ក្នុង​រយៈពេល​ ៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី​ ៧ កញ្ញា ដែល​បានធ្វើឱ្យ​ការឆ្លង​វីរុស​នេះ រាតត្បាត​រហូត​ទៅដល់ ២៤ ​រាជធានី-ខេត្តហើយ លើកលែង​តែ​ខេត្ត​ ១ ​តែប៉ុណ្ណោះ គឺ​ខេត្ត​កែប ដែល​មិនទាន់មាន​ករណី​មេរោគ​បំប្លែង​ថ្មី​នេះ​នៅឡើយ​ទេ​។

សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នា​យប់​ថ្ងៃទី​ ៨ កញ្ញា ឆ្នាំ​ ២០២១ ក្នុង​ចំនួន​អ្នក​ឆ្លង​វីរុស​ដែលតា​ ៦៧៦ ​នាក់ ​ដែល​រកឃើញ​រយៈពេល​ ៤ ​ថ្ងៃ ក្រសួង​ក៏​បាន​ឱ្យដឹងថា យោងតាម​លទ្ធផល​នៃ​ការធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ​តាំងពី​ថ្ងៃទី​ ៣១ ខែមីនា រហូត​មកដល់​ថ្ងៃទី​ ៧ ខែកញ្ញា បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​នៅ​ប្រទេស​កម្ពុជា សរុប​ចំនួន​ ៣ ៣២៣ ​នាក់​ក្នុង​ ២៤ ​រាជធានី-ខេត្ត​លើកលែង​តែ​ខេត្ត​កែប ដែល​នៅ​មិនទាន់​រកឃើញ​ករណី​វីរុស​ថ្មី​នេះ​នៅឡើយ​។

ក្រសួង​បញ្ជាក់ថា​៖ «​ករណី​ឆ្លង​វីរុស​ប្រភេទ​ដែលតា​នេះ​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ រកឃើញ​ឆ្លង​ច្រើនជាងគេ ដែល​មាន​រហូតដល់ ១ ១១៣​ នាក់ បន្ទាប់មក​មាន​ខេត្ត​បន្ទាយមានជ័យ​ចំនួន​ ៧៣៨ ​នាក់​។ ខេត្ត​ឧត្តរមានជ័យ​ ២៧៦ ​នាក់ ខេត្ត​សៀមរាប​ចំនួន​ ២២០ ​នាក់ និង​ខេត្តព្រះវិហារ​ចំនួន​ ១១៧ ​នាក់​»​។

ប្រភព​ដដែល​បាន​បន្ថែមថា ខេត្ត​ក្រចេះ​ដែលជា​ខេត្ត​ទើបតែ​រកឃើញ​ករណី​ឆ្លង​វីរុស​ថ្មី​ប្រភេទ​ដែលតា​នេះ​មាន​ចំនួន​តែ​ ១ ​ករណី​ប៉ុណ្ណោះ ដែល​បាន​រកឃើញ​កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា​។

វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​នេះ ត្រូវ​បាន​រកឃើញ​លើ​អ្នកដំណើរ​មកពី​បរទេស​តាម​ជើងហោះហើរ ដែល​មាន​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ ​ពី​ប្រទេស​វៀតណាម ប្រជាជន អ្នកភូមិ​នៅក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន ​អ្នកបកប្រែ​ភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគារ ដូនជី​នៅ​វត្ត និង​សិស្ស​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​អំពាវនាវ​ហើយ​រំឭក​យ៉ាងទទូច​ដល់​សាធារណជន ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឱ្យសោះ​។ ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​ខ្លួន​ក្នុង​បរិបទ​កូវីដ​។

វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា បាននិងកំពុង​ឆ្លង​រីករាលដាល​នៅក្នុង​ប្រទេស​ជាង​ ១០០ ​ហើយ នៅក្នុង​ពិភពលោក​។ អ្នកវិទ្យាសាស្ត្រ បាននិងកំពុង​តាមដាន​នូវ​ការវិវឌ្ឍ​របស់​វីរុស​បំប្លែង​ប្រភេទ​ថ្មី​នេះ​។ នេះ​ជា​ការបង្ហាញ​នៅក្នុង​វីដេអូ​អប់រំ​ខ្លី​មួយ ដែល​និយាយ​ពី​វិធាន​ការការពារ​ជំងឺ​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ដែល​ត្រូវបាន​ផលិត​ដោយ​ក្រសួងសុខាភិបាល​៕