តាកែវៈ អង្គការ Birdlife International-Cambodia បានរួម​សហការ​ជាមួយ​ប្រជាកសិករ​នៅ​ភូមិ​ដីលើក ឃុំ​ជ័យជោគ ស្រុក​បុរីជលសារ ខេត្ត​តាកែវ បាននិងកំពុង​បើក​យុទ្ធនាការ​កាប់បំផ្លាញ​ដើម​ព្រះខ្លបយក្ស ឬ​ដើម​បន្លាអ៊ូយ៉ាស់​ដែល​​ជា​រុក្ខជាតិ​ «​ចង្រៃ​» ​ចេញពី​តំបន់​​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​ក្នុង​តំបន់​នោះ​។

លោក​ ប៊ូ វរសក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៨ ខែកញ្ញា​ឆ្នាំ​ ២០២១ ​ថា នេះ​ជា​ឆ្នាំ​ទី​ ៥ ​ហើយ ដែល​កម្មវិធី​យុទ្ធនាការ​កាប់បំផ្លាញ​​រុក្ខជាតិ​ទន្ទ្រាន​ដ៏ចង្រៃ​នេះ​ចេញ​​ពី​តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ​។

លោក​បាន​បន្តថា កម្មវិធី​នេះ​ធ្វើឡើង​ ២ ​ដង ក្នុង​ ១ ​ឆ្នាំ គឺ​នៅមុន​ពេល​រដូវ​ទឹក​ឡើង និង​នៅក្រោយ​រដូវ​ទឹកសម្រក​។ ​សម្រាប់​​យុទ្ធនាការ​លើកដំបូង​នា​រដូវកាល​ឆ្នាំ​ ២០២១-២០២២ ​នេះ ក្រុម​​ការងារ​បាន​ប្រើ​រយៈពេល​ ៣ ​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​ ១៧-២០ ខែសីហា​ឆ្នាំ​ ២០២១ នៅក្នុង​ការកាប់បំផ្លាញ​វា​ចេញ​ពីលើ​ទីតាំង​គម្រោង​​សិក្សា​សាកល្បង​គឺ​លឿន​ជាង​ឆ្នាំមុន​ ២ ​ថ្ងៃ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​កម្មវិធី និង​វិធីសាស្ត្រ​សំខាន់ៗ​មួយចំនួន​ខាងលើនេះ​បានធ្វើឱ្យ​ដំណុះ និង​ការរីកលូតលាស់ សាយភាយ​នៃ​រុក្ខជាតិ​ចង្រៃ​នេះ​មាន​ការថយចុះ​ដែល​អាចឱ្យ​យើង​គ្រប់គ្រង​វា​បាន​»​។

បើតាម​លោក វរសក្ស ដើម​ព្រះខ្លប​យក្ស ឬ ដើម​បន្លាអ៊ូយ៉ាស់ មាន​ប្រភព​មកពី​តំបន់​ព្រៃ Amazon ក្នុង​ទ្វីបអាមេរិក​ឡាទីន​។ ​រុក្ខជាតិ​នេះ​មាន​ភាពស៊ាំ​ទៅគ្រប់​ស្ថានភាព​នៃ​តំបន់​ និង​អាកាសធាតុ​ ដោយសារ​​ឫស​របស់​វា​មាន​កម្លាំង​ខ្លាំង​។

ដោយ​ពិនិត្យឃើញ​រុក្ខជាតិ​នេះ​បង្ក​នូវ​ហានិភ័យ​ខ្ពស់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​ក្នុង​តំបន់ដីសើម​នៅក្នុង​ប្រទេស​កម្ពុជា អង្គការ​ Birdlife International-Cambodia បាន​បង្កើត​កម្មវិធី​មួយ ដើម្បី​កម្ចាត់​រុក្ខជាតិ​នេះ​ចោល​តាមរយៈ​ការបើក​យុទ្ធនាការ​កាប់បំផ្លាញ​ក្នុង​ ១ ​ឆ្នាំ​ ២ ​ដង ដោយ​ប្រើ​វិធីសាស្ត្រ កាប់​ដើម​ពន្លិចទឹក និង​កាត់​ផ្លែ​របស់​វា​ច្រក​ក្នុង​ថង់​យកទៅ​ដុត​បំផ្លាញចោល​នៅក្នុង​​រណ្ដៅ​ដី​ដែល​មាន​ជម្រៅ​ ១ ​ម៉ែត្រ ហើយ​កាយ​ដី​លុប​វិញ​ភ្លាមៗ ក្រោយពី​ដុតបំផ្លាញ​រួច​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​លទ្ធផល​យើង​បាន​ពិនិត្យឃើញ​​ថា​ដើម​ព្រះខ្លបយក្ស ឬ​បន្លាអ៊ូយ៉ាស់ ប្រមាណ​ ៧៥ ​ភាគរយ ត្រូវបាន​ងាប់ បន្ទាប់ពី​កាប់​រួចហើយ​ ២៥ ​ភាគរយ​ទៀត​បាន​លូតលាស់​ឡើងវិញ​»​។

ពុំមាន​ប្រភព​ច្បាស់​ណាមួយ​អាច​បញ្ជាក់ថា ដើម​ព្រះខ្លបយក្ស ឬ ដើម​បន្លាអ៊ូយ៉ាស់ បាន​មក​ដុះ និង​ពង្រីក​វិសាលភាព​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ពេលណា​ ឬ​ដោយ​មធ្យោបាយ​អ្វី​នោះទេ ប៉ុន្តែ​បើតាម​លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​រុក្ខជាតិ​ទន្ទ្រាន​នេះ ទំនង​ជា​ត្រូវបាន​ហូរ​នាំមក​តាម​ទឹកទន្លេ​មេគង្គ​។ បច្ចុប្បន្ន​វា​បាននិង​កំពុង​បង្ក​នូវ​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​ក្នុងប្រទេស​កម្ពុជា និង​​បាន​បង្ក​ការរំខាន​ទាំង​ពេលវេលា និង​ថវិកា​របស់​កសិករ និង​ប្រជានេសាទ​ជាច្រើន​ផងដែរ​។

លោក​ថ្លែងថា​៖ «​គ្រាប់​រុក្ខជាតិ​នេះ​អាច​មាន​លទ្ធភាព​រក្សា​នូវ​ដំណុះ​របស់​វា​បាន​យូរ​ជាង​ ១០ ​ដង បើ​ធៀប​ទៅនឹង​រុក្ខជាតិ​ដទៃទៀត​ក្នុង​តំបន់​»​។

លោក​បាន​បន្តថា ដោយសារ​រុក្ខជាតិ​នេះ​មាន​ភាពស៊ាំ​ទៅ​​គ្រប់​ស្ថានភាព​នៃ​តំបន់ និង​អាកាសធាតុ​មកទល់​ពេល​នេះ គេ​នៅ​ពុំទាន់​រក​វិធានការ​សមស្រប​ណាមួយ​នៅ​ក្នុង​ការកម្ចាត់​​ ឬ​បញ្ឈប់​សកម្មភាព​របស់​វា​កុំឱ្យ​បន្ត​ពង្រីក​វិសាលភាព​ទៅ​​កាន់​តំបន់​ផ្សេងទៀត ក្នុង​ប្រទេស​កម្ពុជា​នោះទេ​។

ចំណែក​លោក ម៉េង មុនីរក្ស ប្រធាន​នាយកដ្ឋាន​ជីវចម្រុះ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា កន្លងមក​ក្រសួង​បរិស្ថាន​បាន​សាកល្បង​នូវ​វិធីសាស្ត្រ​ចំនួន​ ៣ រួមមាន វិធីសាស្ត្រ រូបសាស្ត្រ មេកានិច និង​​គីមី ប៉ុន្តែ​នៅតែ​មិនអាច​បំផ្លាញ​នូវ​រុក្ខជាតិ​ចង្រៃ​នេះ​ឱ្យ​អស់ពី​ក្នុង​តំបន់​ស្នូល​ជុំវិញ​បឹង​ទន្លេសាប​ឡើយ ដោយសារ​តែ​គ្រាប់​របស់​វា​បាន​ហូរ​នាំ​ពី​តំបន់​ផ្នែក​ខាងលើ​នៃ​តំបន់​ស្នូល​ជុំវិញ​​បឹង​ទន្លេសាប និង​តាមរយៈ​រំហូរ​​ទឹក​ពី​ដង​ទន្លេមេគង្គ​។

លោក មុនីរក្ស បាន​បញ្ជាក់ថា​៖ «​រហូតមកទល់​ពេលនេះ យើង​នៅតែ​មាន​ក្ដីកង្វល់​អំពី​ការរីកសាយ​នៃ​ដើម​ព្រះខ្លបយក្ស ឬ​បន្លាអ៊ូយ៉ាស់​នេះ​ក្នុង​តំបន់​ស្នូល​នៃ​ទំនាប​បឹង​ទន្លេសាប​របស់​យើង ព្រោះ​ក្រៅពី​បង្ក​ការខូចខាត​នូវ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ វា​ក៏​នឹង​បំផ្លាញ​ដល់​ទីជម្រក និង​ចំណីអាហារ​សម្រាប់​មច្ឆជាតិ​របស់​យើង​ផងដែរ​»​។

យោងតាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រុម​ជំនាញ​ការបរិស្ថាន ក្នុង​ឆ្នាំ​ ២០០៩ ដើម​ព្រះខ្លបយក្ស ឬ​បន្លាអ៊ូយ៉ាស់ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​ប្រមាណ​ ២០ ​ភាគរយ​ក្នុង​តំបន់​ស្នូល​នៃ​វាលទំនាប​​ជុំវិញ​បឹង​ទន្លេសាប​៕