ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ឆ្នាំ​ ២០២១ ​នេះ​បាន​ដាក់ឱ្យ​ដំណើរការ​ថ្នាក់​អក្ខរកម្ម​ជាង​ ៩០០ ​ថ្នាក់ ដែល​ក្នុងនោះ​ត្រូវបាន​អនុវត្ត​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត តាម​រោងចក្រ​សហគ្រាស ពន្ធនាគារ និង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។ នេះ​បើ​យោងតាម​ការលើកឡើង​​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន នា​ទិវា​អក្ខរកម្មជាតិ ៨ កញ្ញា លើក​ទី​ ២១ ក្រោម​ប្រធានបទ​ «​អក្ខរកម្ម​ជា​មូលដ្ឋានគ្រឹះ​ការសិក្សា​ពេញ​មួយជីវិត​»​។

លោក ហង់ជួន ណារ៉ុន បាន​ថ្លែងថា ក្រសួង​បានដាក់​ដំណើរការ​ថ្នាក់​អក្ខរកម្ម ដែល​ត្រូវបាន​អនុវត្ត​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត​ចំនួន​ ៨៧២ ​ថ្នាក់​តាម​រោងចក្រ​ចំនួន​ ៧ ​ថ្នាក់ ក្នុង​ពន្ធនាគារ​ចំនួន ៤៥ ​ថ្នាក់ និង​អនុវត្ត​ដោយ​ដៃគូ​អភិវឌ្ឍន៍​ចំនួន ៣៩ ​ថ្នាក់​។ លោក​បន្ថែមថា ថ្នាក់​អក្ខរកម្ម​ទាំងនេះ​មាន​អ្នកសិក្សា​សរុប​ចំនួន ២៦ ៩២០ ​នាក់ ក្នុងនោះ​ស្រី​ចំនួន​ ១០ ៣៤៨ នាក់​។

លោក ហង់ជួន ណារ៉ុន បាន​មានប្រសាសន៍ថា៖ «​សមិទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​អក្ខរកម្ម វិជ្ជាជីវៈ បង្ហាញ​ឱ្យ​ឃើញ​ពី​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​​កម្ពុជា និង​ការរួមគ្នា​អនុវត្ត​យុទ្ធនាការ​ជា​សកល​ពី​ក្រសួង​អប់រំ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​យូណេស្កូ និង​ដៃគូ​អភិវឌ្ឍន៍​នានា ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​មន្ត្រី​អប់រំ គ្រប់លំដាប់​ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត បញ្ញវន្ត និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​នៅ​ទូទាំងប្រទេស​»​។

លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា កម្ពុជា​កំពុងតែ​ស្ថិតក្នុង​សភាពការណ៍​មួយ ដែល​មិន​ច្បាស់លាស់ ដោយសារ​ជំងឺ​កូវីដ​ ១៩ ដូច្នេះ ការដំណើរការ​ថ្នាក់​អក្ខរកម្ម ក៏ដូចជា​ការផ្តល់​ឱកាស​ឱ្យ​យុវជន​បាន​បន្ត​ការសិក្សា​ពេញ​ ១ ​ជីវិត ត្រូវមាន​ការថ្លឹងថ្លែង​រវាង​ការការពារ​អាយុជីវិត​របស់​លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ឱ្យ​បន្ត​ការសិក្សា​ថែមទៀត​។

ការណ៍​នេះ​ទាមទារ​ឱ្យមាន​គំនិត​ច្នៃប្រឌិត ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩ និង​ផ្តល់ឱកាស​ឱ្យ​យុវជន​បន្ត​ការរៀនសូត្រ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា នៅក្នុង​សតវត្សរ៍​ទី​ ២១ ​នេះ​ជា​ការឈាន​ចូល​ទៅដល់​ដំណាក់កាល​ថ្មី​មួយទៀត ដែល​ហៅថា អក្ខរកម្ម​ឌីជីថល ដែលមាន​ទាំង​អក្ខរកម្ម​ប្រពៃណី ដែល​ក្រសួង​ធ្លាប់​អនុវត្ត​រួចមកហើយ ប៉ុន្តែ​ក៏​ទាមទារ​ឱ្យ​អ្នកសិក្សា​ត្រូវ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា ហើយ​អ្នក​ដែល​ផ្តល់​សេវា​អប់រំ ក៏ត្រូវ​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ឌីជីថល ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ថ្មី​ដែល​ទាមទារ​ឱ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ ដើម្បី​ផ្តល់ឱកាស​អប់រំ​ទៅដល់​យុវជន​។

លោក​ថ្លែងថា​៖ «​ជា​ការពិតណាស់ ប្រសិនបើ​មាន​ត្រឹមតែ​អក្ខរកម្ម​ប្រពៃណី គឺ​ការរក​ការងារ​ធ្វើ​នៅក្នុង​យុគសម័យ​ថ្មី​នេះ​ក៏​ពិបាក​។ ដូចនេះហើយ​ក្រសួង​អប់រំ​ក៏បាន​ដាក់ចេញ​ជា​គោលដៅ​ថា​ប្រែក្លាយ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​មួយចំនួន​ឱ្យទៅជា​មជ្ឈមណ្ឌល​សិក្សា​ពេញ​ ១ ​ជីវិត​ជាពិសេស​ត្រូវ​បញ្ចូល​នូវ​បច្ចេកវិទ្យា​ ដើម្បី​អាច​ឱ្យ​យុវជន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​បាន​ក្នុង​គោលដៅ​ពង្រឹង​នូវ​ឱកាស​ទទួលបាន​នូវ​ការងារ​សម្រាប់​យុវជន​យើង​»​។

លោក ហង់ជួន ណារ៉ុន បាន​លើកឡើងថា ប្រសិនបើ​មិន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថ្មី​ទេ កម្មវិធី​អក្ខរកម្ម​នេះ​នឹងមិន​ទទួលបាន​ជោគជ័យ​ឡើយ​ពិសេស​ទស្សនទាន​ការសិក្សា​ពេញ​ ១ ​ជីវិត​នេះ គឺ​មានន័យថា បង្កើត​ឱកាស​ឱ្យ​យុវជន​ទទួលបាន​អក្ខរកម្ម​ប្រពៃណី​ផង ទទួលបាន​ជំនាញ​ដើម្បី​មាន​មុខរបរ​ល្អ​ផង និង​ចំណេះវិជ្ជា​បច្ចេកវិទ្យា​ផងដែរ​។

ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​ក្រសួង​អប់រំ លោក គួច គូលំអ ក៏បាន​ថ្លែង​ក្នុង​ទិវា​នេះ​ផងដែរ​ថា ការអនុវត្ត​កម្មវិធី​អក្ខរកម្ម​វិជ្ជាជីវៈ​ឆ្នាំ​ ២០២០ ​កន្លងមកនេះ មាន​ថ្នាក់​អក្ខរកម្ម​ដែល​ដំណើរការ​ចំនួន​ ៨៩៤ ​ថ្នាក់ ដែល​អនុវត្ត​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ដែលមាន​អ្នកសិក្សា​សរុប​ចំនួន ១៧ ៦៩៤ ​នាក់​។

លោក​បន្តថា អ្នក​ដែល​បាន​ប្រឡង​ជាប់ និង​ទទួលបាន​បណ្ណអក្ខរកម្ម​មាន​ ១៤ ២១០ ​នាក់​។

នៅក្នុង​សារលិខិត​អបអរសាទរ​ទិវា​អក្ខរកម្ម​ ៨ ​កញ្ញា​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​អំពាវនាវ​ទៅដល់​ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌល​សិក្សា ទីវត្តអារាម​ទាំងអស់ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត​ត្រូវ​បន្ត​បង្កើត​កម្មវិធី​អប់រំ​កម្មវិធីសិក្សា​ពេញ​មួយជីវិត​ទាំង​ផ្នែក​អក្ខរកម្ម ទាំង​ផ្នែក​វិជ្ជាជីវៈ ទាំង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អ្នកសិក្សា​៕