ភ្នំពេញៈ អង្គការ UNDP បានជំរុញឱ្យប្រជាពលរដ្ឋ និងតាមទីតាំងអាជីវកម្មនានា ចូលរួមប្រើប្រាស់សំណល់សរីរាង្គធ្វើជាជីកំប៉ុស ចៀសវាងបោះចោលសំណល់ទាំងនោះនៅក្នុងទីលានចាក់សំរាម ដែលបង្កើតបានជាឧស្ម័នផ្ទះកញ្ចក់ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងភពផែនដី។
អង្គការ UNDP បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា ភាគច្រើននៃសំណល់ទីក្រុងនៅកម្ពុជាគឺជាសំណល់សរីរាង្គ ហើយនៅពេលដែលសំណល់សរីរាង្គគរនៅក្នុងទីលានចាក់សំរាម វាបង្កើតបានជាឧស្ម័នផ្ទះកញ្ចក់ម្យ៉ាងហៅថា មេតាន។
អង្គការនេះបានបញ្ជាក់ថា «ដំណោះស្រាយមួយដែលវិស័យអាជីវកម្មអាចចូលរួមដោះស្រាយបានគឺការប្រើប្រាស់សំណល់សរីរាង្គធ្វើជាជីកំប៉ុស។ ចាប់ផ្តើមធ្វើជីកំប៉ុសឥឡូវនេះ»។
លោកស្រី Sonali Dayaratne មន្ត្រីទទួលបន្ទុកនៃអង្គការ UNDP បានលើកឡើងបន្ថែមថាជាង ៥០ ភាគរយនៃកាកសំណល់នៅកម្ពុជាគឺជាសំណល់សរីរាង្គ។ ប្រសិនបើអ្វីៗទាំងអស់នេះត្រូវបានយកទៅចាក់នៅកន្លែងចាក់សំរាមថ្មីដែលទើបសាងសង់ ឬគ្រោងសម្រាប់ដាក់សំរាមនោះវានឹងធ្វើឱ្យកន្លែងចាក់សំរាមឆាប់ពេញរហ័ស។
លោកស្រីបានថ្លែងថា មានតែការប្រើប្រាស់កាកសំណល់សរីរាង្គជាធនធានដើម្បីទទួលបានមកវិញនូវជី ឬប្រើប្រាស់ជាជីកំប៉ុស និងថាមពលដែលអាចផលិតបានពីសំណល់ទេ ទើបអាចកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានបាន។
លោកស្រីបានបញ្ជាក់ថា៖ «មានសក្តានុពលធំធេងណាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់សរីរាង្គនៅកម្ពុជា។ វាគួរតែត្រូវបានចាត់ទុកថា ជាធនធានដែលអាចត្រូវបានប្រើសម្រាប់ការផលិតជី (ដោយជីកំប៉ុស) និងការផលិតថាមពល (ដោយឡជីវឧស្ម័ន)។ បច្ចុប្បន្ននេះនៅពេលប្រមូលកាកសំណល់សរីរាង្គ វាត្រូវបានលាយឡំជាមួយកាកសំណល់ផ្សេងៗនៅលើកន្លែងចាក់សំរាមដែលនាំឱ្យមានការបញ្ចេញឧស្ម័នមេតានប៉ះពាល់អវិជ្ជមានដល់ការប្រែប្រួលអាកាសធាតុ»។
យ៉ាងណាក្ដី លោកស្រី Sonali Dayaratne មើលឃើញថា ភាគច្រើននៃពលរដ្ឋនិងអាជីកម្មនានាហាក់នៅមានកម្រិតក្នុងការកែច្នៃសំរាមសរីរាង្គឱ្យមានប្រយោជន៍ ព្រោះតែចំណេះដឹងរបស់ពួកគេនៅមានកង្វះខាត។
តាមបទពិសោធនៅប្រទេសជាច្រើនបង្ហាញថា ការចូលរួមរបស់ស្ថាប័នរដ្ឋ ក្នុងការកំណត់កាព្វកិច្ច និងតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនសំរាមត្រូវចូលរួមកែច្នៃ និងប្រើប្រាស់សំរាមឱ្យអស់ពីលទ្ធភាព ទើបមានប្រសិទ្ធភាព។
លោកស្រីបន្ថែមថា៖ «បញ្ហាបរិស្ថានគួរតែត្រូវបានគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបរិស្ថានដែលទាមទារឱ្យមានបទបញ្ជា និងតួអង្គសាធារណៈជាអ្នកអនុវត្ត។ ប្រជាជននៅក្រៅទីក្រុងធំៗ អាចរៀនពីរបៀបធ្វើជីកំប៉ុស ដែលបន្សល់ចេញពីកាកសំណល់សរីរាង្គរបស់ដែលពួកគេប្រើប្រាស់ដោយផ្ទាល់»។
លោកស្រីបន្តថា៖ «ប្រសិនបើជីកំប៉ុសដែលផលិតដោយខ្លួនឯងនោះ គឺវាសម្បូរដោយសារធាតុចិញ្ចឹមសម្រាប់ដីដោយអាចត្រូវបានប្រើប្រាស់នៅក្នុងសួនរបស់ពួកគេ ដែលវាអាចផ្តល់នូវលក្ខខណ្ឌលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់ដល់ដំណាំដាំដុះផ្សេងៗ»។
អ្នកស្រី សែម សុផល ជាពលរដ្ឋម្នាក់រស់នៅក្នុងខេត្តកណ្តាលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ កញ្ញាថា ការចោលសំរាមសរីរាង្គទាំងនេះមិនបានត្រឹមត្រូវគឺជាការខ្ជះខ្ជាយមួយ។
ដូច្នេះអ្នកស្រីតែងតែប្រមូលសំរាមសរីរាង្គពីផ្ទះបាយរបស់ខ្លួន និងផ្ទះអ្នកជិតខាងយកមកប្រើជាប្រយោជន៍សម្រាប់ដំណាំដាំដុះហើយក៏ទទួលបានផលល្អ។ អ្នកស្រីរំពឹងថា ពលរដ្ឋដទៃទៀតក៏ងាកមកប្រើសំរាមទាំងនេះឱ្យទៅជាប្រយោជន៍ទាំងអស់គ្នា ព្រោះបានផលចំណេះ និងជួយដល់បរិស្ថានទៀតផង។
អ្នកស្រីថ្លែងថា៖ «សំណល់ដែលខ្ញុំប្រមូលទាំងអស់ហ្នឹង គឺពិតជាមានប្រយោជន៍ខ្លាំងសម្រាប់ការដាំដុះហើយប្រើសំរាមសរីរាង្គទាំងនេះ ក៏មិនមានអ្វីពិបាកដែរ ខ្ញុំបានធ្វើវាជាជីកំប៉ុស ហើយតែងយកវាទៅចាក់នឹងគល់ចេក និងដំណាំនានា ឃើញថាទទួលបានផលល្អណាស់»។
ប៉ុន្តែយ៉ាងណា អ្នកស្រីមើលឃើញថា ពលរដ្ឋក្នុងភូមិអ្នកស្រីហាក់មិនបានយកចិត្តទុកដាក់ពីសារប្រយោជន៍នៃសំរាមសរីរាង្គទេ ហើយពួកគេតែងបោះបង់សំរាមសរីរាង្គជាមួយសំរាមផ្សេង ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំចង់ឱ្យអ្នកជិតខាងខ្ញុំ ទុកដាក់សំរាមសរីរាង្គជាប្រយោជន៍ដែរ។ កុំបោះចោលអីគ្រាន់តែញែកសំរាមទាំងនោះចេញពីសំរាមប្លាស្ទិក ហើយយកទៅចាក់នឹងគុម្ពដំណាំរបស់យើងក៏បានផលល្អដែរមិនពិបាកទេ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ កញ្ញាថា បញ្ហានេះក្រសួងក៏បានជំរុញ និងផ្សព្វផ្សាយឱ្យពលរដ្ឋញែកសំរាមទៅតាមប្រភេទនីមួយៗផងដែរ។ តាមគោលនយោបាយ ក្រសួងក៏បានកំណត់ឱ្យមានការញែកសំរាមមិនត្រឹមតែតាមខ្នងផ្ទះទេ តែក៏បានកំណត់ឱ្យមានការញែកសំរាមបន្តទៀតនៅពេលសំរាមទាំងនោះមកដល់ទីលានចាក់សំរាម ដើម្បីបែងចែកសំរាមដែលមិនអាចច្នៃបានយកទៅចាក់ចោល។
លោកបានបញ្ជាក់ថា៖ «ជាការជំរុញឱ្យមានការកែច្នៃឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន និងដើម្បីកាត់បន្ថយសំណល់សំរាមយកទៅចាក់ចោលនៅលើទីលាន។
បច្ចុប្បន្ននេះសំណល់ ១០០ ភាគរយនៅតាមទីប្រជុំជន ហើយនៅតំបន់ខ្លះគឺសំណល់ពី ៧០ ទៅ ៨០ ភាគរយ ត្រូវបានយកទៅចាក់នៅលើទីលាន។ ចំណែកតំបន់ខ្លះត្រឹមតែ ៥០ ភាគរយទេ ហើយ ៥០ ភាគរយទៀតគឺបោះចោលនៅតាមផ្លូវ»។
បន្ថែមពីនេះ លោកបានអះអាងថា ចំពោះការជំរុញឱ្យប្រើសំរាមសរីរាង្គធ្វើជាជីកំប៉ុសនេះក៏ជាគោលនយោបាយមួយរបស់ក្រសួងបរិស្ថានផងដែរ ដើម្បីកាត់បន្ថយសំរាមនៅទីលានចាក់សំរាម ខណៈកសិដ្ឋានមួយចំនួនក៏បានចូលរួមប្រើសំរាមសរីរាង្គនេះ។
បើតាមលោក នេត្រ ភក្ត្រា ក្នុងសំរាម ១០០ ភាគរយ គឺមានសំណល់សរីរាង្គ ៨៦ ភាគរយដែលជាសំណល់ផ្ទះបាយងាយនឹងរលួយ។ ចំពោះសំណល់ប្លាស្ទិក គឺមានជាង ២០ ភាគរយ ខណៈ ១០ ភាគរយ គឺជាសំណល់គ្រោះថ្នាក់៕