ភ្នំពេញៈ ក្រសួង​សុខាភិបាល​អនុញ្ញាតឱ្យ​មន្ទីរសម្រាក​ព្យាបាល​មេត្រូ II ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​ទទួល​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩។

ក្រសួង​សុខាភិបាល​បញ្ជាក់​នៅក្នុង​លិខិត​អនុញ្ញាត​ចុះ​ថ្ងៃទី ៣ ខែកញ្ញា​ថា៖ «អនុញ្ញាត​ឱ្យ​ទទួល​ពិនិត្យ​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ នៅ​មន្ទីរសម្រាក​ព្យាបាល​ឯកជន​ឈ្មោះ​មេត្រូ II»។

ក្រសួង​សុខាភិបាល​បញ្ជាក់ថា ម្ចាស់​គ្លីនិក​មេត្រូ II ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ស្តីពី «ការ​អនុញ្ញាត​ឱ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានីភ្នំពេញ​ទាំងអស់​អាច​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩» និង​សេចក្តី​ណែនាំ​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​រដ្ឋ​នូវ​បទល្មើស​ផ្សេងៗ​ដែល​កើត​មានឡើង​នៅ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​របស់ខ្លួន។

គ្លីនិកមេត្រូ II បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី ១០ ខែកញ្ញា ថា អ្នកជំងឺ​ដែលមាន​តេស្ត​វិជ្ជមាន​កូវីដ ១៩ នឹង​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​បន្ទប់​ទៅតាម​កម្រិត និង ស្ថានភាព​ស្រាល ឬ​ធ្ងន់​របស់​ជំងឺ។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា អ្នកជំងឺ​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ទៅតាម​មគ្គុទេសន៍​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល ឬ​ឱសថ​ដែល​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ ១៩។

អ្នកជំងឺ​ក៏​ទទួល​បាន​ការ​តាមដាន​ផ្ទាល់​ពី​វេជ្ជបណ្ឌិត​ជំនាញ ៣ដង​ក្នុង ១​​ ថ្ងៃ ឬ​លើសពីនេះ ប្រសិន​បើ​ចាំបាច់។

សេចក្តី​ជូនដំណឹង​បន្តថា៖ «អ្នកជំងឺ​ទទួល​បាន​ការ​ថែទាំ​យ៉ាង​កក់ក្តៅ ពី​គិលានុបដ្ឋាយិកា និង​ជំនួយការ​គិលានុបដ្ឋាយិកា។ តម្លៃ​នៃ​សេវាកម្ម​អាស្រ័យ​ទៅតាម​កម្រិត​ស្រាល ឬ​ធ្ងន់​នៃ​ជំងឺ ឬ ទៅតាម​ការ​ជ្រើសរើស​បន្ទប់»។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា អ្នកជំងឺ​នឹង​ត្រូវធ្វើ PCR តេស្ត​នៅ​ថ្ងៃទី ៩ គិតចាប់​ពី​ថ្ងៃ​ព្យាបាល​ដំបូង។ ប្រសិនបើ​លទ្ធផល PCR នៅតែវិជ្ជមាន អ្នកជំងឺ​នឹងត្រូវ​ធ្វើតេស្ត បន្តទៀត​នៅ​រៀងរាល់៤៨ ម៉ោងម្តង រហូត​ទាល់តែ​ទទួលបាន​លទ្ធផល PCR អវិជ្ជមាន។

បើតាម​សេចក្តី​ជូនដំណឹង​ដដែលនេះ៖ «ប្រសិនបើ​នៅ​ថ្ងៃទី ២១ នៃ​ការព្យាបាល លទ្ធផលតេស្ត PCR នៅតែ​វិជ្ជមាន​ទៀត ប៉ុន្តែ​មិនមាន​រោគសញ្ញា​ក្នុងរយៈពេល ៣ថ្ងៃ​ចុងក្រោយនោះ អ្នកជំងឺ​នឹងត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ។ អ្នកជំងឺ​ដែល​ចេញ​ពីការ​ព្យាបាល ត្រូវបន្ត​ធ្វើចត្តាឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​នៅផ្ទះ»៕