ភ្នំពេញៈ ក្រុមការងារ​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ​បាន​បាន​ដោះស្រាយ និង​ឆ្លើយតប​មតិយោបល់​ ឬ​សំណូមពរ​របស់​ពលរដ្ឋ​បាន​ចំនួន​ ៧២ ​គណនី​ក្នុងចំណោម​ ១៦២ ​គណនី​ក្នុង​ខែសីហា​កន្លងមកនេះ​។

លោក​រដ្ឋមន្ត្រី​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​សុក្រ​ទី​ ១០ ​កញ្ញា​នេះ​ថា នៅក្នុង​ខែសីហា​ឆ្នាំ​ ២០២១ ​នេះ​ក្រុមការងារ​តាមដាន​អំពី​ការដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់លោក​បាន​ទទួល​សំណូមពរ​ និង​សំណួរ​របស់​ប្រជាពលរដ្ឋ ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​គឺមាន​ចំនួន​ ១៦២ ​គណនី ហើយ​បាន​ឆ្លើយតប​ និង​ដោះស្រាយ​មាន​ចំនួន​ ៧២ ​គណនី​។ ក្រៅពីនោះ​គឺ​ស្ថិតក្នុង​ដំណាក់កាល​កំពុង​ដំណើរការ​ដោះស្រាយ​។ លើសពីនោះ​ក៏មាន​បងប្អូន​ដែល​បាន​សំណូមពរ និង​សួរ​សំណួរ និង​បញ្ហា​នានា​ខុស​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​ជាច្រើន​ទៀតផង​ដែរ​។

លោក ស ខេង ​បាន​សរសេរ​ថា​៖ «​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ស្នើសុំ​ការយល់​យោគ​អធ្យាស្រ័យ​ពី​បងប្អូន​ជនរួមជាតិ ចំពោះ​ករណី​មួយចំនួន​ទៀត​ដែល​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​នៅ​មិនទាន់បាន​ដោះស្រាយ​ចប់សព្វគ្រប់ អាស្រ័យ​លើ​ករណីខ្លះ​ទាមទារ​ពេលវេលា និង​អនុវត្ត​ទៅតាម​នីតិវិធី​»​។

លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា វឌ្ឍនភាព​ការងារ​នេះ​អាច​សម្រេចបាន​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការសហការ​គ្នា​ដ៏ល្អ​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងមហាផ្ទៃ ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ក្រុមការងារ​គេហទំព័រ​ហ្វេសប៊ុក​របស់លោក ទោះបី​ជា​កម្ពុជា​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​បង្កឡើង​ដោយ​ជំងឺ​កូវីដ​ ១៩ ​យ៉ាងណា​ក៏ដោយ​។

លិខិត​របស់​លោក​នាយឧត្តមសេនីយ៍ ជា សុគន្ធា ​ប្រធាន​ក្រុមការងារ​ដោះស្រាយ​នេះ​កាលពី​ថ្ងៃទី​ ៧ ខែកញ្ញា​ បានឱ្យដឹងថា មតិយោបល់​ ឬ​សំណូមពរ​របស់​ពលរដ្ឋ​សរុប​ចំនួន​ ៥៣៤ ​ដែល​នៅ​សេសសល់​នាពេល​កន្លងមក​បាននិង​កំពុង​តែ​ដោះស្រាយ​ដោយ​អង្គភាព​ជំនាញ​មួយចំនួន​។ ក្នុងនោះ​រួមមាន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​បណ្ឌិត្យសភា​នគរបាលជាតិ​ជាដើម​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ ដែល​បាន​លើក​ជា​មតិយោបល់ និង​សំណូមពរ​នានា​ទាំងនេះ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក ដើម្បី​ក្រុមការងារ​រួមគ្នា​ដោះស្រាយ និង​រួមគ្នា​អភិវឌ្ឍន៍​សង្គមជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​៕