ស្ទឹងត្រែងៈ រដ្ឋបាលខេត្ត​ស្ទឹងត្រែង​គ្រោង​នឹង​បើក​ផ្សារ និង​ទីប្រជុំជន​ឡើងវិញ​នៅ​ថ្ងៃស្អែក​ទី​ ១១ ​ខែ​កញ្ញា​នេះ ក្រោយពី​បិទ​កាលពី​ខែ​មុន​ដោយសារ​តែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ចុះ​ថ្ងៃទី​ ១០ ​ខែកញ្ញា​នេះ ​បាន​សម្រេច​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​សកម្មភាព​អាជីវកម្ម​នៅ “​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​, ផ្សារ​ថ្មី​ក្រុង​ស្ទឹងត្រែង (​ផ្សារ​អូរឫស្សី​), ទីប្រជុំជន​លក់ដូរ​នៅ​មូលដ្ឋាន​គីឡូម៉ែត្រ​ ២ (​ផ្សារ​គីឡូ​ ២) និង​ទីប្រជុំជន​លក់ដូរ​” ស្ថិតក្នុង​ក្រុង​ស្ទឹងត្រែង​ចាប់ពី​ថ្ងៃទី​ ១១ ខែ កញ្ញា ឆ្នាំ​ ២០២១ ​តទៅ​។ ទីតាំង​ទាំងនេះ​ត្រូវ​បាន​ផ្អាក​សកម្មភាព ដើម្បី​អនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​រយៈពេល​កន្លងមក​។

សេចក្តី​សម្រេច​បានបញ្ជាក់​ថា​ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​អាជីវកម្ម​ក្នុង​មូលដ្ឋាន​ខាងលើនេះ តម្រូវ​ឱ្យ​អនុវត្ត​វិធានការ រដ្ឋបាល និង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដែល​បាន​បញ្ញត្តិ​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​របស់​រដ្ឋបាល ខេត្ត​ដែល​នៅ​ជា​ធរមាន​។

ក្នុងនោះ​រួមមាន​ការអនុវត្ត​វិធានការ កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព បុគ្គល​សង្គម​“ វិធានការ ”៣ការពារ និង​៣កុំ​" និង​បម្រាម​គោចរ​ពី​ចន្លោះ​ម៉ោង ២១ យប់​ដល់​ម៉ោង ៣ ​ភ្លឺ​ជាដើម​។ ក្រៅពីនោះ​ក៏មាន​ទាំង​វិធានការ​មួយចំនួន​ទៀត​ដែល​កំពុង​បន្ត​អនុវត្ត ​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ឱ្យបាន​ម៉ឺងម៉ាត់ ហ្មត់ចត់ និង​ខ្ជាប់ខ្ជួន​ក្នុង​គោលបំណង​ធានា​ការពារ អាយុជីវិត ប្រជាជន​ឱ្យបាន​គង់វង្ស​រក្សា​បាន​សុខភាព​សាធារណៈ និង​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ សង្គម​។

សាលាខេត្ត​បានបញ្ជាក់​ថា​៖ «​ការអនុវត្ត​វិធានការ​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល និង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ត្រូវ អនុលោម​តាមច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ដែល​នៅ​ជា​ធរមាន​»​។

កាលពី​ថ្ងៃទី​ ៩ ​ខែ​កញ្ញា​នេះ ករណី​ឆ្លង​ដោយសារ​កូវីដ ​១៩ ​មិនត្រូវ​បាន​រកឃើញ​នោះទេ​នៅក្នុង​ខេត្ត​នេះ​។ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ៩ កញ្ញា​ នេះ​ផងដែរ ខេត្តស្ទឹងត្រែង​មាន​អ្នក​ឆ្លង​សរុប ១ ០៦៧ ​នាក់ (​មាន​ស្រី ៥២៦ ​នាក់​) ក្នុងនោះ​មាន​ប្រភេទ​ដែលតា ចំនួន​ ១៣៦ ​នាក់​។ ចំពោះ​អ្នកជា​សះស្បើយ​មាន​ចំនួន​ ៧៥២ ​នាក់​៕