ភ្នំពេញ: ក្រោយពី​ទទួលបាន​ការ​ចាក់វ៉ាក់សាំង​អាស្រ្តាហ្សេនីកា​ដូសទី៣ នៅ​វិមាន​រដ្ឋសភា​កាលពីព្រឹក​ថ្ងៃទី ១០ ខែកញ្ញានេះ ប្រធាន​រដ្ឋសភា​លោក ហេង សំរិន បានថ្លែង​អំណរគុណ​រដ្ឋាភិបាល​ប្រទេស​ជាមិត្ត និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បាន​ចាក់វ៉ាក់សាំង ផ្គត់ផ្គង់​វ៉ាក់សាំង និង​ឧបរណ៍​វេជ្ជសាស្រ្ត​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩ រហូត​ទទួលបាន​ជោគជ័យ។

លោក ហេង សំរិន បាន​លើកឡើង​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា​ការផ្តល់​វ៉ាក់សាំង សម្ភារវេជ្ជសាស្រ្ត​នានា និង​ការ​ចាក់វ៉ាក់សាំង​បាន​កំពុងតែ​ធ្វើឱ្យ​កំណើន​ការ​ចាក់វ៉ាក់សាំង​បាន​កើនឡើង​ជាលំដាប់។ ក្នុងនោះ​ពលរដ្ឋ​ដែលមាន​អាយុ ១៨ ឆ្នាំ​ឡើងទៅ​សឹងតែ​សម្រេច​បាន ១០០% ទៅហើយ នៃ​ចំនួន​គោល​ដៅ ១០​ លាននាក់។ ចំណែក​ឯ​កុមារ និង​យុវវ័យ​ដែលមាន​អាយុពី ១២ ដល់ ១៧ឆ្នាំវិញ មកដល់​ពេលនេះ​សម្រេច​បាន​ជិត ៩០% ហើយ​ដែរ ក្នុង​ចំណោម​ជិត ២ លាននាក់។

លោកបាន​សរសេរថា៖«រាជរដ្ឋាភិបាល​បាន​កំណត់​យក​ការ​ចាក់វ៉ាក់សាំង​ជា​យុទ្ធសាស្រ្ត​គន្លឹះ​កាត់បន្ថយ​ការឆ្លង និង​ឈឺធ្ងន់ ​ពិសេស​សំដៅ​ឈាន​ទៅ​សម្រេច​ឱ្យបាន​នូវ​ភាពស៊ាំ​សហគមន៍ ដែល​ជាកត្តា​ជំរុញ​ធានា ឱ្យបាន​នូវ​ការ​វិលត្រឡប់​ទៅរក​ប្រក្រតីភាពថ្មី...ក៏​ដូចជា​ការ​ស្តារ​នូវ​បញ្ហា​សេដ្ឋកិច្ច សង្គម​ឱ្យ​ងើប​ឡើងវិញ»។

ប្រធាន​រដ្ឋសភា ក៏​បាន​សម្ដែង​ការ​កោត​សរសើរ​ផងដែរ​ដល់​មន្រ្តី​សុខាភិបាល អាជ្ញាធរ​ដែនដី កងយុទ្ធពល​ខេមរភូមិន្ទ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​គ្រប់​បែបយ៉ាង​ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង និង​ធ្វើ​កិច្ច​អន្តរាគមន៍​តាម​ភារកិច្ច ព្រមទាំង​ការ​ចូលរួម​យ៉ាង​ពេញលេញ​ពី​ពលរដ្ឋ។ កិច្ចខិតខំ​ទាំងនេះ បាន​ធ្វើឱ្យ​យុទ្ធសាស្រ្ត​ចាក់វ៉ាក់សាំង​ការពារ​សុខុមាលភាព​សង្គមជាតិ«ទទួល​បាន​ជោគជ័យនេះ»។

ដោយ​មើលឃើញ​ពី​កំណើន​នៃ​ការ​ចាក់វ៉ាក់សាំង​នេះ លោក ហេង សំរិន បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា៖«យើង​នឹងអាច​ឈានទៅ​បើក​ដំណើរការ​សាលារៀន រមណីយដ្ឋាន​កម្សាន្ត​នានា ដោយ​ត្រូវ​គោរព​តាម​ស្តង់ដា​វិធានការ​សុវត្ថិភាព ដើម្បី​ឱ្យចៅៗ កូនក្មួយ​របស់​យើង​បាន​វិលទៅ​សិក្សា​នៅ​ថ្នាក់រៀន​ដោយផ្ទាល់ ក៏ដូចជា​ស្តារ​វិស័យ​សេដ្ឋកិច្ច​ឡើងវិញ ជា​បណ្តើរៗ​តាមរយៈ​ការ​ប្រកបកិច្ចការ​រកទទួលទាន​ប្រចាំថ្ងៃ​ផ្សេងៗនោះ»៕