ភ្នំពេញៈ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​នៅ​ថ្ងៃទី​ ១០ ​ខែកញ្ញា​នេះ ​បានប្រកាស​គាំទ្រ​វិធានការ​របស់​ក្រសួងសុខាភិបាល​លើ​ក្រុមហ៊ុន​ថ្នាំជក់ ដែល​នៅតែ​បន្ត​ផ្សព្វផ្សាយ និង​ឧបត្ថម្ភ​សម្ភារ​ ដើម្បី​ទាក់ទាញ​អតិថិជន​។

សេចក្តី​ប្រកាស​របស់​អង្គការ​ដែល​បានចាត់ទុក​សកម្មភាព​របស់​ក្រុមហ៊ុន​ថ្នាំជក់​ថា «​ជា​ទង្វើ​ល្មើសច្បាប់​» ​នោះ​ត្រូវ​បាន​ធ្វើឡើង​ ក្រោយ​ពេល​ដែល​វិទ្យុជាតិ​កម្ពុជា​បាន​ចេញ​ផ្សាយ​កិច្ចសម្ភាសន៍​មួយ​ជាមួយ​នឹង​លោកស្រី​ ឈា ឆដាភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព និង​ជា​សមាជិក​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​កាលពី​ថ្ងៃទី​ ០៨ សីហា ឆ្នាំ​ ២០២១​។

សេចក្តី​ប្រកាស​របស់​អង្គការ​បាន​សរសេរ​ថា​៖ «​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការក្រើន​រំឭក​ដល់​ក្រុមហ៊ុន​ថ្នាំជក់​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ឆ្លៀតឱកាស​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់ ឬ​ការឧបត្ថម្ភ​ជា​សម្ភារ​ផ្សេងៗ​ដល់​ក្រសួង ស្ថាប័ន ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​ទង្វើ​ល្មើសច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​»​។

អង្គការ​នេះ​បាន​បន្តថា​លោកស្រី​ ឈា ឆដាភា ក៏បាន​ស្នើសុំ​ការសហការ​ពី​ក្រសួង ស្ថាប័ន​ដែលជា​សមាជិក​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ មិនត្រូវ​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ថ្នាំជក់ ដែល​មាន​បង្ហាញ​ពី​ឈ្មោះ​ផលិតផល ឬ​ឈ្មោះ​ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់​នោះទេ​។

ការហាម​នេះ​ គឺ​ដោយសារ​តែ​ការឧបត្ថម្ភ​ទាំងនោះ​មិនមែន​ជា​កិច្ចការ​សប្បុរសធម៌ ដែល​ចូលរួមចំណែក​ជួយ​សង្គម​នោះឡើយ​។ ផ្ទុយទៅវិញ វា​ជា​ការផ្សព្វផ្សាយ​ក្នុង​គោលបំណង​ទាក់ទាញ​ការចាប់អារម្មណ៍ និង​ឆ្លៀតឱកាស​ផ្សព្វផ្សាយ​លើកតម្កើង​កេរ្តិ៍ឈ្មោះ និង​ដើម្បី​ផលប្រយោជន៍​ក្រុមហ៊ុន​ថ្នាំជក់​តែប៉ុណ្ណោះ ហើយ​នេះ​ជា​ទង្វើ​ល្មើសច្បាប់​។

អង្គការ​សុខភាព​ពិភពលោក​ធ្លាប់បាន​លើកឡើង​ថា​ «​ថ្នាំជក់​គំរាមកំហែង​យើង​ទាំងអស់​គ្នា​» ដែល​វា​បង្ក​ផលប៉ះពាល់​ដល់​សុខភាព សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​។ លើសពីនោះ​ថ្នាំជក់​បាននិង​កំពុង​តែ​សម្លាប់​មនុស្ស​ជាង​ ៧ ​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​ពិភពលោក​៕

វីដេអូ៖