ព្រះសីហនុៈ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ត្រូវបាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ទី​ ១០ ខែកញ្ញា​នេះ ក្រោយពី​ចាក់​បាន​ពលរដ្ឋ​ជាង​ ៩៧​ ភាគរយ ខណៈ​ដែល​មណ្ឌល​ចាក់​វ៉ាក់សាំង​អចិន្ត្រៃយ៍​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​។

ក្រោម​ការចូលរួម​ពី​លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា​ទូទាំង​ខេត្ត​មាន​មណ្ឌល​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ចំនួន​ ១៩ ​ទីតាំង និង​មាន​ក្រុមគ្រូពេទ្យ ព្រមទាំង​ក្រុមការងារ​ចម្រុះ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​សរុប​ចំនួន​ ១ ៨១៧ ​នាក់​។ លទ្ធផល​ពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​សរុប​មាន​ចំនួន​ ២២៣ ១៧០ ​នាក់ ដែល​ស្មើនឹង​ ៩៧,៧២ ​គាគរយ ហើយ​នៅសល់ ៥ ២០៧ ​នាក់​។

លោក​អភិបាលខេត្ត​បាន​បន្តថា​៖ «​ខេត្ត​ព្រះសីហនុ​បាន​បិទបញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ក្រុង​ស្រុក​ទូទាំង​ខេត្ត និង​បើក​ដំណើរការ​មណ្ឌល​ចាក់​វ៉ាក់សាំង​អចិន្ត្រៃយ៍​ចំនួន​មួយ​មណ្ឌល គឺ​សាលា​បឋម និង​អនុវិទ្យាល័យ​តេជោសែន​កម្មករ ស្ថិត​ក្នុង​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​អាយុ​ ១៨ ​ឆ្នាំ​ឡើង និង​កុមារ​ចាប់ពី​អាយុ​ ១២ ​ឆ្នាំ​ដល់​ក្រោម​ ១៨ ​ឆ្នាំ ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩»​។

លោក​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ខេត្ត​ព្រះសីហនុ​មាន​ប្រជាពលរដ្ឋ​សរុប​មាន​ចំនួន​ ៣០៧ ៨១៧ ​នាក់ ស្រី ១៤៣ ៣២៣ ​នាក់​។ ក្នុងនោះ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើង​សរុប​ចំនួន ២២៨ ៣៧៧ ​នាក់ ស្រី ១០៣ ៧៨៣ ​នាក់ ។

យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹងថា កន្លងមក​វ៉ាក់សាំង​ដែល​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ទទួល​បាន​សរុប​ចំនួន​ ២៩៥ ៥៨៤ ​ដូស​។ ក្នុងនោះ​មានដូចជា​៖ វ៉ាក់សាំង​ Sinopharm ​ចំនួន ១៧៦ ៧៨៨ ​ដូស​, Covishield ​ចំនួន​ ១៥ ០០០ ​ដូស​, Sinovac ​ចំនួន​ ១២ ៦៧៨ ​ដូស​, Sinovac សម្រាប់​កុមារ​ និង​យុវវ័យ​ពី​ ១២ ដល់​ ១៨ ​ឆ្នាំ ចំនួន ៦៧ ២៦៤ ​ដូស​, AstraZeneca ដូស​ទី​ 3 ​របស់​អង់គ្លេស​ចំនួន​ ៥ ៦២៤ ​ដូស និង​ AstraZeneca ដូស​ទី​ 3 ​របស់​ជប៉ុន​ចំនួន​ ១៨ ២៣០ ​ដូស​។

ទោះបីជា​ការចាក់​វ៉ាក់សាំង​បានសម្រេច​ជាង​ ៩៧ ​ភាគរយ​នេះ​យ៉ាងណាក៏ដោយ ក៏​លោកស្រី​ ឱ វណ្ណឌីន ​បាន​អំពាវនាវ​ដល់​អ្នក ដែល​ទទួលបាន​វ៉ាក់សាំង​ដូស​ទី​ ១ ទី​ ២ និង​ទី​ ៣ ​រួច កុំ​ភ្លេចខ្លួន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល និង​វិធានការ ៣.ការពារ ៣.កុំ របស់​ប្រមុខ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕