កណ្តាលៈ អាជ្ញាធរ​ខេត្ត​កណ្តាល ប្រកាស​ផ្អាក​ដំណើរការ​អាជីវកម្ម​ផ្សារ​សំរោង​ធំ នៅ​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ រយៈពេល ១៤​ថ្ងៃ គិតចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ បំប្លែងថ្មី Delta។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី១០ ខែកញ្ញា បាន​សម្រេច​ចេញ​លិខិត​ផ្អាក​ដំណើរការ​អាជីវកម្ម​ផ្សារ​សំរោង​ធំ ដែលស្ថិត​នៅ​ក្នុង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ជា​បណ្តោះ​អាសន្ន រយៈពេល ១៤ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃទី ២៣ ខែ​កញ្ញា ដើម្បីទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ និង​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា។

ក្នុង​លិខិត​លោក​អភិបាល​ខេត្ត​កណ្តាល​លើក​ឡើង​ថា ចំពោះ​សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន​និង​អ្នក​ពាក់​ព័ន្ធ​ផ្ទាល់ ឬ​ដោយប្រយោល​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ត្រូវ​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ក្រុម​ការងារ​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​ទៅធ្វើ​តេស្ត​ជា​បន្ទាន់ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

បើតាម​លោក គង់ សោភ័ណ្ឌ ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​ផ្អាក​ដំណើរ​ការ​ជា​បណ្តោះ​អាសន្ន ត្រូវ​បាន​ហាម​ឃាត់​រាល់​ការ​ចេញ ចូល និង​រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស លើក​លែង​ករណី​ចាំ​បាច់ ដូចជា ការ​អនុវត្ត​វិធានការ​សុខាភិបាល​របស់​បុគ្គលិក​សុខាភិបាល ការ​ផ្តល់​សំណាក នៅ​ទីតាំង​ដែល​បាន​កំណត់ និង​ការ​ថែ​រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​ជា​សាធារណៈ របស់​គណៈកម្មការផ្សារ។

លោក​ថ្លែង​ថា​៖​«អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធានការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល និង​វិធានការ​សុខាភិបាល​ជា​ដាច់​ខាត»។

ក្នុង​ការ​ផ្អាក​ដំណើរការ​ផ្សារ​សំរោង​ធំ​នេះ លោក គង់ សោភ័ណ្ឌ បាន​ប្រគល់​ភារកិច្ច​ជូន​ទៅ​រដ្ឋបាល​ស្រុក​កៀនស្វាយ ធ្វើ​ការ​សហការ​ជាមួយមន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព​ពាក់​ព័ន្ធ និង​ភាគី​ពាក់​ព័ន្ធ ដើម្បី​ដឹក​នាំ​និង​ចុះ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ពាក់​ព័ន្ធ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល វិធានការ​សុខាភិបាល និង​ការងារ​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់៕