ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កំណត់​យក​ថ្ងៃ​ទី​១ ខែ​តុលា រៀបចំ​កម្មវិធី​ជិះ​កង់ និង​ដាំ​ដើមឈើ​នៅ​តំបន់​អង្គរ ដើម្បី​អបអរ​សាទរកិច្ច​ប្រជុំ​ថ្នាក់​ឧត្តម​មន្រ្តី​ទទួល​បន្ទុក​វប្បធម៌ និងសិល្បៈ ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ទី​៣ នៃ​ខែ​តុលា ឆ្នាំ​២០២១។

ការ​កំណត់នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​អនឡាញ (zoom) នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ដែល​មាន​លោក​ស្រី ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​ជា​អ្នក​ដឹក​នាំ និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ប្រធាន អនុប្រធាន​គណៈកម្មការ និង​មន្រ្តី ជំនាញ ដើម្បី​ត្រួត​ពិនិត្យ​និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​កិច្ចការ​ចំនួន​ ២។

ក្រសួង​នេះ​បង្ហាញ​ថា ការងារ​ទី១ គឺ​ការ​ត្រៀម​រៀបចំ​មហោស្រព​វប្បធម៌ អាស៊ី-អឺរ៉ុប ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២ ដល់​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១។ និង​ទី២ គឺ ការ​ត្រៀម​រៀប​ចំ​នូវ​ព្រឹត្តិការណ៍​អម​ផ្សេងៗ ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ទទួល​បន្ទុក​ជា​គណៈកម្មការ​ផ្នែក​វប្បធម៌ ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នា​ឆ្នាំ​ ២០២២ ខាង​មុខ។

យោង​តាម​ការ​ប្រកាស​លើ​ផេកហ្វេសប៊ុក​របស់​ក្រសួង​នៅ​យប់​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​កំណត់​យក​ថ្ងៃទី១ ខែ​តុលា​ខាង​មុខ​ដើម្បី​រៀបចំ​កម្មវិធី​ជិះ​កង់ និង​ដាំ​ដើមឈើ​នៅ​តំបន់​អង្គរ ដោយ​យោង​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​កាល​ពី​ឆ្នាំ ២០២០ កន្លង​មក ដែល​បាន​កំណត់​យក​សៀមរាប​ជា​ទីក្រុង វប្បធម៌​អាស៊ាន Siem Reap ASEAN City of Culture។

ក្រសួង​វប្បធម៌​បញ្ជាក់​ថា កម្មវិធី​ជិះ​កង់ និង​ដាំ​ដើមឈើ​នេះ​ធ្វើ​ឡើង ដើម្បី​អបអរសាទរ​កិច្ច​ប្រជុំ​ថ្នាក់​ឧត្តម​មន្រ្តី ទទួល​បន្ទុក​វប្បធម៌ និងសិល្បៈ ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ទី​៣ នៃ​ខែ​តុលា ឆ្នាំ​២០២១ ផងដែរ។

លើបណ្តាញសង្គមហ្វេសប៊ុកក្រសួងនេះសរសេរថា«កម្មវិធីជិះកង់ និងដាំដើមឈើ នឹងត្រូវធ្វើឡើងនៅតំបន់អង្គរ តាមការរៀបចំទីកន្លែង និងការព្រាងកំណាត់ផ្លូវ ដោយអាជ្ញាធរជាតិអប្សរា នឹងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត បណ្តាអង្គទូតជាសមាជិកអាស៊ាន និងដៃគូសន្ទនា ព្រមទាំងភាគី ដែលពាក់ព័ន្ធ ដោយមានការកំណត់នូវចំនួនច្បាស់លាស់ស្របតាមវិធានការសុខាភិបាល»៕