ព្រះវិហារៈ មន្ត្រី​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) កំពុង​ដំណើរការ​បោស​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុងរមណីយដ្ឋាន​ប្រាសាទ​កោះកេរ ស្រប​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរជាតិ​ព្រះវិហារ។

អាជ្ញាធរខេត្តព្រះវិហារ​ប្រកាស​លើ​ហ្វេសប៊ុក​នៅ​យប់​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ថា តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរជាតិ​ព្រះ​វិហារ និង​តាម​រយៈ​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់​ស្តែង​កាល​ពី​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ ២០២១ តាម​ទី​តាំង​ប្រាសាទ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​ក្នុងគោល​បំណង​អភិរក្ស និង​បើក​ផ្លូវ​ទេសចរណ៍​ចូល​ទៅ​កាន់​ប្រាសាទ​ទាំង​នោះ ចាប់​តាំងពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ត​ទៅ មន្ត្រី​ស៊ីម៉ាក់​កំពុង​ធ្វើ​ការបោស​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ។

ការ​បោស​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ប្រាសាទ​កោះកេរ​មិន​ទាន់​មាន​ការ​បង្ហាញ​ពី​លទ្ធផល​រក​ឃើញ​អ្វី​ខ្លះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើតាម​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ កន្លង​មក​ស៊ីម៉ាក់​ក៏​បាន​និង​កំពុង​ដំណើរការ​បោស​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជំហានដំបូង​នៅ​តាម​ផ្លូវ​បុរាណ និង​បរិវេណ​ប្រាសាទ​តាម៉ែន​លើ​ផ្ទៃ​ដី​ទំហំ ៤ ៦៧ ហិកតា ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ទី​ ២ ផង​ដែរ។

អាជ្ញាធរ​នេះ​សរសេរ​លើ​ហ្វេសប៊ុក​ថា «ក្នុង​អំទ្បុង​ពេល​ដំណើរ​ការ​បោស​សម្អាត​បាន​ប្រទះ​ឃើញ​ស្រះ​បុរាណ​ចំនួន ៣ ដែល​ស្រះ​នីមួយៗមាន​ទំហំ ប្រមាណ ២០ គុណ ៣០​ម៉ែត្រ​នៅ​ក្នុង​បរិវេណ​ក្បែរ ប្រាសាទ​តាម៉ែន ព្រម​ទាំង​ប្រទះ​ឃើញ​មាន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​ចំនួនដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម»៕