ភ្នំពេញៈ កងពលធំ​អន្តរាគមន៍​លេខ ៣ នៃ​កងទ័ព​ជើង​គោក នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា បាន​ប្រកាស​ថា លិខិត​ស្តី​អំពី​រថយន្ត​ឯកជន​ពាក់​ស្លាកលេខ​ខេមរភូមិន្ទ (ខម) មាន​ក្នុង​អង្គភាព​កងពលធំ​ដែល​បែក​ធ្លាយ​ទៅ​នោះ​ មិន​មែន​ជា​លិខិត​ផ្លូវការ​ទេ នោះ​គ្រាន់​តែ​ជា​លិខិត​រៀប​ចំ​ទុកសម្រាប់​ដាក់​ជូន​ថ្នាក់​ដឹកនាំ កងទ័ពជើង​គោក​ធ្វើ​ការ​ពិនិត្យ​និង​សម្រេច​តែ​ប៉ុណ្ណោះ។

កង​ពលធំ​អន្តរាគមន៍​លេខ ៣ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា បាន​ចេញ​លិខិត​ជម្រាប​ជូន​បណ្តាញ​សារព័ត៌មាន​សង្គម​នានា​ថា លិខិត​លេខ ៦៧៧/២០២១ ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ របស់​កង​ពលធំ​អន្តរាគមន៍​លេខ​ ៣ ដែល​បាន​គោរព​រាយការណ៍​ជូន​សម្តេច​ពិជ័យ​សេនា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ អំពី​រថយន្ត​ឯកជន​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ (ខម) មាន​ក្នុង​អង្គភាព​កងពលធំ​នោះ មិន​ទាន់ជា​លិខិត​ផ្លូវការ​នៅ​ឡើយ​ទេ។

ក្នុង​លិខិត​កងពលធំ​បញ្ជាក់​ថា៖ «នោះ​គ្រាន់​តែ​ជា​លិខិត​រៀបចំ​ទុក​សម្រាប់​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​កងទ័ពជើងគោក អគ្គបញ្ជាការ ពិនិត្យ និងសម្រេច​តាម​ឋានានុក្រម​តែ​ប៉ុណ្ណោះ។ តែ​មិន​ដឹង​ជា​យ៉ាង​ណា លិខិត​នេះ​ត្រូវ​បាន​បែកធ្លាយ​យក​ទៅ​បង្ហោះ​ផ្សព្វផ្សាយតៗ​គ្នា តាម​បណ្តាញសារព័ត៌មាន​សង្គម​មួយ​ចំនួន ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ និង​បទ​វិន័យ​របស់​កងទ័ព»។

នៅថ្ងៃ​ដដែលនោះ ក្រោយ​ពី​អង្គភាព​កងពលធំ បាន​ទទួល​សេចក្តី​ជូន​ដំណឹង​លេខ១៩៨/២១ អ.គ.រ ចុះ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០២១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា ស្តីពី​ការ​អនុគ្រោះ​បន្ទូរ​បន្ថយ​ចំនួន ១០% នៃ​ចំនួន​ទឹក​ប្រាក់​ពន្ធអាករ​សរុប​ដែល​ត្រូវ​បង់​ក្នុង​រថយន្ត​១គ្រឿង។ អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​ ៣ ក៏​បាន​និរាករណ៍​ចោល​វិញ​នូវ​លិខិត​បែក​ធ្លាយ​នោះ។

ក្នុង​លិខិត​កងពលធំ​បង្ហាញ​ថា បង​ប្អូន​ជា​ម្ចាស់​យានយន្ត​ទាំងអស់​មាន​សេចក្តី​រំភើប​រីករាយ និង​សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​អនុគ្រោះ និង​មាន​ការ​បន្ធូរ​បន្ថយ​ពន្ធ​ជូនចំនួន ១០% ព្រម​ទាំង ប្តេជ្ញា​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្នុងលិខិត​កងពលធំ​សរសេរ​ថា៖ «សូម​ម្ចាស់​បណ្តាញ​សារព័ត៌មាន​សង្គម​នានា ដែល​បាន​យក​លិខិត​នោះ​ទៅ​បង្ហោះ​ផ្សព្វផ្សាយ សូម​មេត្តាជួយ​លុប​ចោល​វិញ​ផង ហើយ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ មិន​ទទួល​ខុស​ត្រូវ​រាល់​បញ្ហា​នានា ពាក់ព័ន្ធ​ជាមួយ​ផ្លូវ​ច្បាប់​ឡើយ»៕