ព្រះសីហនុៈ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី ១១ ខែកញ្ញា​នេះ បាននិង​កំពុង​សួរនាំ​ជនសង្ស័យ ១៥ នាក់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត ដែល​បាន​ផ្ទុះអាវុធ​លើ​សមត្ថកិច្ច​នៅ​ល្ងាច​ថ្ងៃទី ១០ ខែកញ្ញា នៅ​ម្តុំ​ចុង​ឆ្នេរ​អូរឈើទាល ទល់​មុខ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ។

លោក ញា ពិសិដ្ឋ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ថ្លែង​នៅ​រសៀល​ថ្ងៃទី ១១ ខែកញ្ញា​នេះ​ថា កម្លាំង​អាវុធហត្ថ​កំពុង​បន្ត​នីតិវិធី​សួរនាំ​ជនសង្ស័យ​ទាំង ១៥ នាក់ បន្ទាប់ពី​បង្ក្រាបបាន​នៅ​យប់​ថ្ងៃទី ១០ ខែកញ្ញា។ លោក​ថ្លែងថា៖ «ឥឡូវ​យើង​ទើប​ផ្តើម​នីតិវិធី​មួយចំនួន មិនទាន់​មាន​លទ្ធផល​អី​ដែល​អាច​បញ្ជាក់ជូន​បានទេ»។

បើតាម​លោក ពិសិដ្ឋ នៅ​ល្ងាច​ថ្ងៃទី ១០ ខែកញ្ញា កម្លាំង​អាវុធហត្ថ​បាន​ចុះបង្ក្រាប​ករណី​ចាប់ជំរិត​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន ដោយមាន​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង​ជា​អ្នកសម្របសម្រួល​នីតិវិធី។ ក្រោយ​ផ្ទុះអាវុធ ៥ ទៅ ៦ គ្រាប់ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​សហការគ្នា​ធ្វើការ​បង្ក្រាប​តែម្តង។

លោក​បន្តថា ក្រុម​ជនជាតិ​ចិន​ជា​អ្នក​ចាប់ជំរិត​ប្រដាប់​ដោយ​អាវុធ​បាន​បាញ់​មុន​ទៅលើ​សមត្ថកិច្ច ហើយ​បានគេច​ខ្លួន​ឡើង​ទៅលើ​អគារ។ លោក​បញ្ជាក់ថា ដោយមាន​ការសម្របសម្រួល​បញ្ជា​ផ្ទាល់​ពី លោក សៀង សុខ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ទើប​ការសហការ​គ្នា​របស់​កងកម្លាំង​ទទួលបាន​ជោគជ័យ។

លោក​ ពិសិដ្ឋ ​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រកឃើញ​អាវុធ ចំនួន ៧ ដើម​ក្នុង​នោះ​អាវុធខ្លី ៥ ដើម និង​វែង ២ ដើម និង​អាវ​ការពារ​គ្រាប់ លាក់ទុក​នៅ​ទីតាំង​ជា​អគារ​ក្បែរ​ឆ្នេរសមុទ្រ​មាន​កម្ពស់ ៩ ជាន់ មាន​ជាន់​ខ្លះ​ជា​បន្ទប់ អនឡាញ។ ជាមួយ​នោះ​បាន​រកឃើញ និង​រំដោះ​ជនរងគ្រោះ​ជា​ចំណាប់ខ្មាំង​ចំនួន ២ នាក់​ជា​ជនជាតិ​ចិន​ផងដែរ៕