ពោធិ៍សាត់ៈ ប្រជាពលរដ្ឋ ២ នាក់​រស់នៅ​ភូមិ​ប្រហាល ឃុំ​តាលោ ស្រុក​តាលោសែនជ័យ​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ៥១ គ្រាប់ ដែល​បន្សល់​តាំងពី​សម័យ​សង្គ្រាម ហើយ​សមត្ថកិច្ច​បានប្រគល់​គ្រាប់​ទាំងនេះ​ឱ្យ​ស៊ីម៉ាក់​ ដើម្បី​កម្ទេចចោល។ នេះ​បើ​យោងតាម​នគរបាលជាតិ។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃទី ១១ ខែកញ្ញា បាន​ដកស្រង់​សំដី​មន្ត្រីនគរបាល​ស្រុក​តាលោសែនជ័យ​ថា ប្រជាពលរដ្ឋ​ម្នាក់​កាលពី​ថ្ងៃទី ១០ ខែកញ្ញា​បាន​ទៅ​ភ្ជួរដីចំការ​នៅ​ខាងក្រោយ​ផ្ទះ​ត្រង់ចំណុច​ម្ដុំ​ច្រាំង​ចោទ ហើយ​ក៏បាន​ប្រទះឃើញ​ក្បាល​បំបែក​គ្រាប់​ប្រភេទ M47 ចំនួន ៥០ គ្រាប់​ផលិត​នៅ​ប្រទេស​ចិន ខណៈ​ប្រជាពលរដ្ឋ​ម្នាក់ទៀត​នៅ​ថ្ងៃ​ដដែល​នេះ​បាន​ជិះ​ម៉ូតូ​តាមផ្លូវ​ចំណុច​ម្ដុំ​មុខផ្ទះ​ ហើយ​ក៏បាន​ប្រទះឃើញ​គ្រាប់បែកដៃ «ក្រឡា​ទាប» ចំនួន ១ គ្រាប់​ប្រភេទ F1 ផលិត​នៅ​ប្រទេស​សូវៀត។

គេហទំព័រ​ដដែល​បញ្ជាក់​ថា៖ «សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា ក្រោយពី​សមត្ថកិច្ច​នគរបាល​បានទទួល​ព័ត៌មាន​នេះ ចុះទៅ​ពិនិត្យ​ដល់​ទីតាំង​កន្លែង​គ្រាប់បែក​ និង​ក្បាល​គីប​បំបែក និង​សហការ​ជាមួយ​ក្រុម​កម្ទេច​គ្រាប់​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (ស៊ីម៉ាក់-CMAC) និង​បានប្រគល់​គ្រាប់​ទាំង ៥១ គ្រាប់​ទាំងនេះ ទៅ​មន្ត្រី​ជំនាញ​របស់​អង្គការ​ស៊ីម៉ាក់​ដើម្បី​យក​ទៅ​កម្ទេចចោល»៕