កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម​សម្រេច​បន្ត​សុពលភាព​នៃ​ការអនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម រយៈពេល​មួយ​សប្តាហ៍​បន្ថែមទៀត ចាប់ពី​ថ្ងៃទី ១០ រហូតដល់​ថ្ងៃទី ១៦ ខែកញ្ញា​នេះ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី ១០ ខែកញ្ញា បានចេញ​លិខិត​សម្រេច​បន្ត​ពង្រឹង​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ខេត្ត​រយៈពេល​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃទី ១០ រហូតដល់​ថ្ងៃទី ១៦ ខែកញ្ញា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ជាពិសេស ក្នុង​បរិបទ​ដែល​កម្ពុជា កំពុង​ប្រឈម​នឹង​ការមកដល់​នៃ​រលក​ទី ២ នៃ​ការឆ្លង​រីករាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូវីដ ១៩ បណ្តាល​មកពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ដែលតា។

ក្នុង​លិខិត​លោក​អភិបាលខេត្ត​បានបញ្ជាក់​ប្រាប់​ទៅ​គណៈ​អភិបាលស្រុក​ក្រុង ទាំងអស់​ត្រូវ​ហាមឃាត់​រាល់​សកម្មភាព​មួយចំនួន​ដូចជា សកម្មភាព​មុខរបរ អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ និង​សកម្មភាព​ការងារ មុខរបរ​ផ្សេងៗ​ទៀត ដោយយោង​តម្រូវការ​​ចាំបាច់​ក្នុង​ការប្រយុទ្ធ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ ១៩ និង សកម្មភាព​ប្រមូលផ្តុំ​មនុស្ស​ក្នុង​ការថ្វាយបង្គំ​តាមបែប​សាសនា​ជាដើម។ ជាមួយគ្នា​នោះ​ក៏ត្រូវ​ហាមឃាត់​អាជីវកម្ម​ដូចជា​តូប​លក់ដូរ ផ្សារ​រាត្រី ផ្សារ​ទំនើប​ជាដើម ចាប់ពី​ម៉ោង ៩ យប់​ដល់​ម៉ោង ៣ ទៀបភ្លឺ។

ដោយឡែក​សកម្មភាព​មួយចំនួន​ត្រូវបាន​លើកលែង​ក្នុង​នោះ​មាន​ការជួបជុំ​ក្នុង​ចំណោម​គ្រួសារ ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល និង​ការធ្វើសកម្មភាព​ការងារ​របស់​កងកម្លាំង​គ្រប់​ប្រភេទ ការដឹកជញ្ជូន​ទំនិញ និង​គ្រឿងឧបភោគ​បរិភោគ​ជាដើម។

លោក​អភិបាលខេត្ត​ថ្លែង​ក្នុង​លិខិត​ថា៖ « រាល់​សកម្មភាព​នៃ​ការជួបជុំ​ ឬ​ការប្រមូលផ្តុំ​មនុស្ស សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​បានអនុញ្ញាត​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍​កាតព្វកិច្ច​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​ប្រកាន់ខ្ជាប់​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការវាស់កម្តៅ និង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេងទៀត»។

លោក​អភិបាលខេត្ត​នេះ​បញ្ជាក់ថា ត្រូវដាក់​ចេញ​នូវ​វិធានការ​បន្ទាន់ សំដៅ​គ្រប់គ្រង​តំបន់​ដែល​រកឃើញ​ថា មាន​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា​នៅក្នុង​សហគមន៍​ឱ្យ​បាន​ទាន់ពេលវេលា និង​កាត់ផ្តាច់​ឱ្យបាន​ទាន់ពេលវេលា​នូវ​ខ្សែចម្លង​មេរោគ​ប្រភេទ​ថ្មី​ឆ្លងទៅ​តំបន់​ផ្សេង ដោយ​ត្រូវ​បិទ​ខ្ទប់​ទីកន្លែង ភូមិ ខ្នង​ផ្ទះ ដែល​រកឃើញ​ករណី​វិជ្ជមាន​កូវីដ ១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែលតា។

លោក​ថ្លែងថា៖ «ត្រូវធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​អ្នក​ផ្ទុកមេរោគ​ប្រភេទ​ថ្មី និង​នាំ​អ្នកពាក់ព័ន្ធ​ទាំងអស់​នោះមក​ធ្វើ​ចត្តាឡីស័ក​នៅ​​មណ្ឌល​ចត្តាឡីស័ក​ដែល​បានរៀបចំ​សម្រាប់​អ្នកពាក់ព័ន្ធ​នឹង​មេរោគ​បំប្លែង​ខ្លន​ថ្មី​ដែលតា​នោះ»។

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ រដ្ឋបាលខេត្ត​កំពង់ចាម​ក៏បាន​ប្រកាស​ពី​ការបិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​ទូទាំង​ខេត្ត​កំពង់ចាម និង​បើក​ទីតាំង​អចិន្ត្រៃយ៍​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅតាម​មន្ទីរពេទ្យបង្អែក​ទាំង ៩ កន្លែង​ក្នុង​ខេត្ត​កំពង់ចាម ចាប់ពី​ថ្ងៃទី ១៩ ខែកញ្ញា​ផងដែរ៕