ភ្នំពេញៈ នាយកដ្ឋាន​កិច្ចការ​ប្រឡង​នៃ​អគ្គាធិការដ្ឋាន ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃទី ១០ ខែកញ្ញា បាន​ប្រាប់​ពី​ឯកសារ​មូលដ្ឋាន​គតិយុត្ត​មួយចំនួន ដល់​សាមីជន មាតាបិតា អ្នកអាណាព្យាបាល និង​តំណាង​គ្រឹះស្ថាន​ឧត្តមសិក្សា ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការកែតម្រូវ និង​ចេញ​ជូន​ជា​លើក​ទី ២ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ។

លិខិត​របស់​លោក​បណ្ឌិត ហួ ឈុនគ្រី ប្រធាន​គណៈគ្រប់គ្រង​នាយកដ្ឋាន​កិច្ចការ​ប្រឡង​នៃ​អគ្គាធិការដ្ឋាន ក្រសួង​អប់រំ បាន​ឱ្យ​ដឹងថា សាមីជន មាតាបិតា អ្នកអាណាព្យាបាល និង​តំណាង​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​មានបំណង​ស្នើសុំ​កែតម្រូវ​ព័ត៌មាន​នានា​លើ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​ព្រមទាំង​ស្នើសុំ​ធ្វើឡើង​វិញ​សូម​ភ្ជាប់មក​នូវ​ឯកសារ​មូលដ្ឋាន​គតិយុត្ត ដែល​មាន ៤ ករណី​សម្រាប់​ស្នើសុំ គឺ​សុំ​កែតម្រូវ​ព័ត៌មាន​តិចតួច ស្នើសុំ​កែតម្រូវ​ព័ត៌មាន​បេក្ខជន​ទាំងស្រុង ស្នើសុំ​ធ្វើឡើង​វិញ​ដោយ​មូលហេតុ​ខូច និង​សុំ​ធ្វើឡើង​វិញ​ដោយ​មូលហេតុ​បាត់។

ចំពោះ​ករណី​ស្នើសុំ​កែតម្រូវ​ព័ត៌មាន​តិចតួច (អក្ខរាវិរុទ្ធ ឈ្មោះ​សាមីជន ឬ​ឪពុកម្តាយ ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត ទីកន្លែង​កំណើត) ត្រូវមាន ពាក្យស្នើសុំ​ជា​លាយលក្ខណ៍អក្សរ​របស់​សាមីជន ក្រោយពី​បាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ក្រសួង។ វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា (ច្បាប់ដើម) ១ ច្បាប់ ។ សំបុត្រកំណើត​ ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សេចក្តី​ចម្លង​សំបុត្រកំណើត ឬ​សេចក្តី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត (ច្បាប់​ថតចម្លង​ដែលមាន​បញ្ជាក់​ភាពត្រឹមត្រូវ​តាមច្បាប់​ដើម) ដោយ​នាយក នាយិការ​សាលា ១ ច្បាប់។

ករណី​ស្នើសុំ​កែតម្រូវ​ព័ត៌មាន​បេក្ខជន​ទាំងស្រុង ដូចជា​ឈ្មោះ​សាមីជន ឬ​ឪពុកម្តាយ ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត ទីកន្លែង​កំណើត នៅលើ​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ។ត្រូវមាន​ពាក្យសុំ​ជា​លាយលក្ខណ៍អក្សរ​របស់​សាមីជន ដោយមាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ក្រសួង។ វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា (ច្បាប់ដើម) ១ ច្បាប់។ សំបុត្រកំណើត ឬ សំបុត្រ​បញ្ជាក់​កំណើត ឬ​សេចក្តីចម្លង​សំបុត្រកំណើត ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត (ច្បាប់​ថតចម្លង​ដែល​មាន​បញ្ជាក់​ភាពត្រឹមត្រូវ​តាមច្បាប់​ដើម) ដោយ​នាយក នាយិកា​សាលា ១ ច្បាប់។ និង​ត្រូវមាន​សេចក្តីសម្រេច ឬ​សាលក្រម​តុលាការ​អនុញ្ញាត​ឱ្យ​កែតម្រូវ ឬ​បញ្ជាក់ថា ជា​មនុស្ស​តែ​ម្នាក់ ១ ច្បាប់ (ច្បាប់​ថតចម្លង​មាន​នីត្យានុកូលកម្ម) ។

ចំណែក​ករណី​ស្នើសុំ​ធ្វើឡើង​វិញ​នូវ​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​បណ្តោះអសន្ន មធ្យមសិក្សា​ទុតិយភូមិ ដោយ​មូលហេតុ​ខូច ត្រូវ​មាន​ពាក្យស្នើសុំ​ជា​លាយលក្ខណ៍អក្សរ​របស់​សាមីជន ដោយ​មាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ក្រសួង។ត្រូវមាន វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា (ច្បាប់ដើម) ១ ច្បាប់។ សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សេចក្តីចម្លង​សំបុត្រកំណើត សេចក្តី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត (ច្បាប់​ថតចម្លង​ដែល​មាន​ការបញ្ជាក់​ភាពត្រឹមត្រូវ​តាមច្បាប់​ដើម) ដោយ​នាយក​នាយិកា​សាលា ១ ច្បាប់។ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ដែល​ខូច (ច្បាប់ដើម)។

រីឯ​ករណី​ស្នើសុំ​ធ្វើឡើង​វិញ​នូវ​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ដោយ​មូលហេតុ​បាត់ ត្រូវ​មាន​ពាក្យស្នើសុំ​ជា​លាយលក្ខណ៍អក្សរ​របស់​សាមីជន ដោយ​មាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ក្រសួង។ វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា (ច្បាប់ដើម) ១ ច្បាប់។ ត្រូវមាន​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សេចក្តី​ចម្លង​សំបុត្រកំណើត ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត (ច្បាប់​ថតចម្លង​ដែល​មាន​បញ្ជាក់​ភាពត្រឹមត្រូវ​តាមច្បាប់​ដើម) ដោយ​នាយក​នាយិកា​សាលា ១ ច្បាប់។ និង​ត្រូវមាន សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​វិញ្ញាបនបត្រ​បណ្តោះអសន្ន​មធ្យមសិក្សា​ទុតិយភូមិ​ដែល​បាត់​ជា​ស ខ្មៅ ឬ​ហ្វូតូកូពីកូល័រ ពាក្យបណ្តឹង​របស់​សាមីខ្លួន ដោយ​មាន​ការបញ្ជាក់​ពី​នាយប៉ុស្តិ៍​នគរបាល និង​អាជ្ញាធរ​សង្កាត់​នៅ​កន្លែង​ដែល​បាត់៕

វីដេអូ៖