ភ្នំពេញៈ មន្ត្រី​អ្នកនាំពាក្យ​គណៈកម្មធិការ​ជាតិ​រៀបចំ​កាបោះឆ្នោត ​(គជប) ​ឱ្យដឹងថា ​ប្រជាពលរដ្ឋ ​ដែលនឹង​ត្រូវ​ចុះឈ្មោះ​ថ្មី​ក្នុង​បញ្ជី​បោះឆ្នោត​ សម្រាប់​ឆ្នាំ២០២១​នេះ ​មាន​ចំនួន​ជាង​១លាន ​៦ សែននាក់ ​បើ​ធៀបនឹង​ឆ្នាំ ២០២០​ មាន​ជាង​ ៥០​ ម៉ឺននាក់។

លោក​ សោម សូរីដា ​អគ្គលេខាធិការរង ​និង​ជាអ្នកនាំពាក្យ ​គ.ជ.ប.​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១២ ​ខែកញ្ញា​នេះ​ ថា​ មាន​មូលហេតុ​មួយចំនួន​ដែល​មាន​ប្រជាពលរដ្ឋ​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ឆ្នាំនេះ​មាន​ការកើន​ឡើង ​និង​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​ទៅ​ ដោយសារ​ឆ្នាំនេះ ​គឺជា​ឆ្នាំ​ដែល​ត្រូវ​រៀបចំ​បញ្ជី​បោះឆ្នោត ​សម្រាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​ឆ្នាំ ២០២២។

លោក​បន្តថា ​មួយ​វិញទៀត ​ផ្អែក​ទៅលើ​ច្បាប់​ដែល​ត្រូវបាន​កំណត់​នៅក្នុង​មាត្រា ​៤៤ ​នៃ​ច្បាប់​បោះឆ្នោត ​បានចែង​ថា ​សម្រាប់​បញ្ជី​បោះឆ្នោត​ ត្រូវ​ចុះឈ្មោះ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ​មាន​អាយុ ​១៨ ឆ្នាំ​ឡើង​ឱ្យ​បាន​គ្រប់​គ្នា។

បើ​តាម​លោក​ សោម សូរីដា ​តាម​ការប៉ាន់ស្មាន ​សម្រាប់​ឆ្នាំ ២០២១ ​នេះ ​ប្រជាពលរដ្ឋ​ដែល​នឹង​ត្រូវ​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ​ដែល​មាន​អាយុ​ ១៨ ឆ្នាំ​ឡើង​បូក​ជាមួយ​នឹង​ ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី ​មាន​ជាង ​១ លាន​ ៦ សែន​នាក់។ សរុប​គឺ​ជាង ​១០ លាន​នាក់​ បើ​ធៀប​នឹង​ឆ្នាំ ២០២០ ​មាន​ប្រមាណ​ ៨ លាន ​៨ សែន​នាក់​ប៉ុណ្ណោះ៕