ភ្នំពេញៈ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅតាម​បណ្តា​រាជធានី​ខេត្ត​ទូទាំងប្រទេស​នឹង​ចាប់​បើក​ឡើងវិញ​ជា​ដំណាក់កាលៗ ចាប់ពី​សប្តាហ៍​នេះ​ទៅ ដោយ​ក្នុង​នោះ​គ្រប់​សាលា​ទាំងអស់​ត្រូវគោរព និង​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ទាំង​អនាម័យ បរិស្ថាន និង​ការអនុវត្ត​នូវ​វិធាន​របស់​ក្រសួង​សុខាភិបាល និង​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធានាបាន​ថា មិនមាន​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ ​ក្នុង​សាលា​របស់ខ្លួន​ឡើយ​។

លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១១ ខែកញ្ញា ថា សាលារៀន​ចាប់ពី​កម្រិត​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​នៅក្នុង​ក្រុង និង​ស្រុក​ចំនួន​ ៧ ​ក្នុង​ខេត្ត​ពោធិ៍សាត់​នឹង​បើក​ដំណើរការ​បង្រៀន​ និង​រៀន​ឡើងវិញ​ចាប់ពី​ថ្ងៃទី​ ១៥ ខែកញ្ញា​តទៅ​។

លោក​បាន​ថ្លែងថា​៖ «​មុននឹង​ឈានដល់​ការសម្រេចចិត្ត​ក្នុង​ការបើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​នេះ​ឡើងវិញ យើង​បាន​ធ្វើការ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​រួចហើយ​ក្នុង​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ​»​។

លោក លី សុគន្ធី ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១២ ខែកញ្ញា​ថា សាលា​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ចំនួន​ ៥៤ ​សាលា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបើក​ដំណើរការ​សិក្សា​ឡើងវិញ​នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា​ ខាងមុខ​នេះហើយ ខណៈដែល​វិទ្យាល័យ​ចំនួន​ ៦ ​ផ្សេងទៀត កំពុង​ធ្វើការ​វាយតម្លៃ​គ្រោង​នឹង​បើក​ដំណើរការ​ដូចគ្នា​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​សិស្ស​ និង​គ្រូ​ដែល​អនុញ្ញាត​ឱ្យ​ចូលរៀន និង​បង្រៀន យើង​មិនមាន​ការធ្វើ​តេស្ត​រហ័ស​ទេ តែ​យើង​នឹង​ធ្វើការ​ពិនិត្យ​ទៅលើ​បណ្ណ​ចាក់​វ៉ាក់សាំង បន្ទាប់មក​ធ្វើការ​ពិនិត្យ​កម្ដៅ ការលាង​សម្អាត​ដៃ និង​ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ​។ សិស្សានុសិស្ស និង​លោកគ្រូ-អ្នកគ្រូ​ស្ទើរតែ​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​លើក​​ទី​១ និង​លើក​ទី​២ ​រួចហើយ​»​។

លោក​បញ្ជាក់ថា សម្រាប់​សិស្ស​ក្រៅពី​កម្រិត​ថ្នាក់​ទី​ ៩ និង​ទី​ ១២ គឺ​នៅ​បន្ត​ការចែក​ក្រដាស​កិច្ច​ការរៀន​តាម​បណ្តុំ​ដដែល ហើយ​ប្រសិនបើ​ការបើក​ដំណើរការ​សាលា​ទាំងនេះ​មិនមាន​បញ្ហា​អ្វី​ទេ មន្ទីរ​នឹង​បន្ត​បើក​ថ្នាក់​កម្រិត​ផ្សេងៗ​ទៀត​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងផងដែរ​ថា សាលារៀន​ទាំង​រដ្ឋ និង​ឯកជន​នឹង​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី​ ១៥ ខែកញ្ញា នេះ​តទៅ ក្រោយពី​ខកខាន​អស់​រយៈពេល​ជាង​ ៧ ​ខែ ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៩ ខែកញ្ញា​ថា​៖ «​ការបើក​គ្រឹះស្ថានសិក្សា​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​ឡើងវិញ​នេះ លុះត្រាតែ​គ្រឹះស្ថាន​ទាំងនោះ​បាន​បំពេញ​លក្ខន្តិកៈ​គ្រប់គ្រាន់​របស់​ក្រសួងសុខាភិបាល ដែល​ជឿ​បាន​ថា​មិនមាន​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩»​។

លោក​ថា ការបើក​ឱ្យ​ដំណើរការ​នេះ​បាន លុះត្រាតែ​គ្រឹះស្ថាន​សិក្សា​ទាំងអស់​បាន​បំពេញ​លក្ខន្តិកៈ​គ្រប់គ្រាន់ ទាំង​អនាម័យ បរិស្ថាន និង​ការអនុវត្ត​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល សំដៅ​ធ្វើ​យ៉ាងណា​អាច​ធានាបាន​ថា មិនមាន​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩​។

លោក​ថ្លែង​ដោយបាន​ជំរុញ​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ត្រូវ​សហការ​ជាមួយ​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​រហ័ស ទៅលើ​គ្រូបង្រៀន បុគ្គលិក​សិក្សា​ទាំងអស់ ដោយ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ការងារ​នេះ​ចាប់ពី​ថ្ងៃទី​ ១០ ខែកញ្ញា​តទៅ ហើយ​ប្រសិនបើ​អនុវត្តតាម​លក្ខន្តិកៈ​បាន​ល្អប្រសើរ​ហើយ​នោះ គ្រឹះស្ថាន​សិក្សា​នោះ​នឹង​ដំណើរការ​សិក្សា​ឡើងវិញ​បាន​។

លោក​ថ្លែងថា​៖ «​ចំពោះ​គ្រឹះស្ថាន​សិក្សា​ឯកជន​ទាំងអស់​គឺត្រូវធ្វើ​ពាក្យស្នើសុំ បើក​គ្រឹះស្ថាន​សិក្សា​របស់ខ្លួន​ឡើងវិញ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្រោយពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិនិត្យឃើញថា បាន​បំពេញ​នូវ​លក្ខន្តិកៈ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​អនុវត្តបាន​ល្អប្រសើរ​ហើយ​នោះ គ្រឹះស្ថាន​ទាំងនោះ​នឹង​ទទួល​បាន​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​បើក​ដំណើរការ​សិក្សា​ជាធម្មតា​ឡើងវិញ​»​។

លោក ឃួង ស្រេង បាន​ថ្លែងថា​៖ «​ការបើក​សាលារៀន​ទាំង​ឯកជន និង​រដ្ឋ​ឡើងវិញ​នេះ គឺ​ដំណើរការ​តែ​សាលា​ចាប់ពី អនុវិទ្យាល័យ និង​វិទ្យាល័យ​គឺ​ថ្នាក់​ទី​ ៧ ​ទៅដល់​ថ្នាក់​ទី​ ១២ ​ប៉ុណ្ណោះ ហើយ​បើ​ដំណើរការ​នេះ​ឈានទៅ​រលូន​ហើយ​នោះ យើង​នឹង​គិតគូរ​ពី​ថ្នាក់​មត្តេយ្យសិក្សា និង​បឋមសិក្សា​បន្តទៀត​»​។

គួរ​បញ្ជាក់ថា នៅក្នុង​រាជធានី​ភ្នំពេញ គ្រូបង្រៀន​ប្រមាណ​ជា​ ៩៥% ​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​គ្រប់​ដូស និង​សិស្ស​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ដល់​ ១៨ ​ឆ្នាំ​ចំនួន​ជិត​ ២០ ​ម៉ឺន​នាក់​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​បាន​ឱ្យ​ដឹងថា លោក​បានសម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ ចាប់ពី ថ្នាក់​ទី​ ៩ ថ្នាក់​ទី ១០ ថ្នាក់​ទី​ ១១ និង​ថ្នាក់​ទី​ ១២ ដែល​បាន​ត្រៀម​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការណែនាំ​របស់​ខេត្ត​។

លោក​ថ្លែងថា​៖ «​រដ្ឋបាលខេត្ត​នឹង​បន្ត​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ពី​ស្ថានភាព​នៃ​ការឆ្លងរាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅតាម​មូលដ្ឋាន​ឃុំ​សង្កាត់​នៃ​ស្រុក​ក្រុង​ទូទាំង​ខេត្ត និង​ឈានដល់​ការបើក​ឱ្យ​ដំណើរការ​សាលារៀន​នៅ​គ្រប់​កម្រិត​ជា​ដំណាក់កាល​នាពេល​ខាងមុខ​ទៀត​»​។

ចំណែក​នៅ​ខេត្តកំពង់ចាម​វិញ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ចាប់ពី​កម្រិត​អនុវិទ្យាល័យ​ឡើង​នឹង​បើក​ដំណើរការ​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ ចាប់ពី​ថ្ងៃទី​ ២០ ខែកញ្ញា ខណៈដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជុំ​ទី​ ១ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​ ១៩ ខែកញ្ញា ខាងមុខនេះ​។

លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ១០ ខែកញ្ញា ដោយ​លោក​បាន​បន្ថែមថា ការបើក​ឱ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​កម្រិត​អនុវិទ្យាល័យ និង​ពុទ្ធិកសិក្សា ត្រូវបំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ទាំង​អនាម័យ បរិស្ថាន និង​ការអនុវត្ត​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល និង​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក​ថ្លែងថា​៖ «​ការធ្វើ​បែបនេះ​គឺ ដើម្បី​សំដៅ​ធ្វើយ៉ាងណា​អាច​ធានាបាន​ថា មិនមាន​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩​។ យើង​ក៏បាន​គិតគូរ​ពី​ការវាយតម្លៃ​ក្នុង​ការបើក​គ្រឹះសា្ថន​សិក្សា​កម្រិត​បឋម​ឡើងវិញ​ផងដែរ​នៅ​ថ្ងៃទី​ ១១ ខែតុលា ឆ្នាំ​ ២០២១ ប្រសិនបើ​ការ​ដំណើរការ​កម្រិត​អនុវិទ្យាល័យ​ឡើង​មិនមាន​បញ្ហា​ប្រឈម​កើតឡើង​»​។

ជាមួយ​គ្នា​នេះដែរ លោក អ៊ុន ចាន់ដា ក៏បាន​ជំរុញ​ឱ្យ​មន្ទីរអប់រំ យុវជន និង​កីឡា សហការ​ជាមួយ​មន្ទីរ​សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រៀបចំ​ក្រុមគ្រូពេទ្យ​ប្រចាំការ​ឆ្លើយតប​បន្ទាន់​ក្នុងករណី​មានការ​សង្ស័យ និង​រកឃើញ​សញ្ញាណ​ណាមួយ​នៃ​ការចម្លង​ក្នុង​សាលារៀន ដើម្បី​ធានា​បាន​សុវត្ថិភាព​ជូន​សិស្សានុសិស្ស​៕