ប៉ៃលិន/ពោធិ៍សាត់ៈ ខេត្ត​ចំនួន​ ២ ​បន្ថែមទៀត បាន​ធ្វើ​ពិធី​បិទបញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​ទូទាំង​ខេត្ត​​នាថ្ងៃទី​ ១២ ខែកញ្ញា ដែលមាន​ខេត្ត​ប៉ៃលិន និង​ខេត្តពោធិ៍សាត់ បន្ទាប់ពី​ខេត្ត​ ៣ ទើបតែ​បាន​​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ដូចគ្នានេះ ខណៈ​ខេត្ត​កំពង់ចាម​​គ្រោង​បិទបញ្ចប់​នៅ​ថ្ងៃទី​ ១៩ ខាងមុខនេះ​។

រដ្ឋបាលខេត្ត​ប៉ៃលិន​បាន​​រៀបចំ​ពិធី​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​សម្រាប់​អ្នក​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​ជុំ​ទី​១ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ខេត្ត ដោយមាន​ការចូលរួម​បិទ​ពី​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ-១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ផងដែរ​។

យោងតាម​របាយការណ៍​របស់​រដ្ឋបាលខេត្ត​បានឱ្យដឹងថា ពលរដ្ឋ​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១ ​មាន​​ចំនួន ៤២ ០៥៣ ​នាក់ ស្មើនឹង​ ១០២,៥៧%,​ចំណែក​ក្រុម​អាយុ​ពី​ ១២ ​ឆ្នាំ ដល់​ក្រោម​ ១៨ ​ឆ្នាំ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ១ មាន​ចំនួន ៨ ៦១៣ ​នាក់ ស្មើនឹង​ ៨៦,០៥%​។

លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ការបង្កើត​ឱ្យ​មាន​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍​ទប់ទល់​នឹង​ជំងឺ​កូវីដ​ ១៩ ជា​យុទ្ធសាស្ត្រ​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការឈាន​ទៅ​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​លើ​គ្រប់​វិស័យ ហេតុនេះ​ទើប​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស​ពី​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២១ ​កន្លងមក​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​មកទល់​ពេល​នេះ កម្ពុជា​​សម្រេច​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​បាន​ប្រមាណ​ជាង​ ៩០% ​ហើយ​នៅ​ទូទាំងប្រទេស ដែល​នេះ​បង្ហាញឱ្យ​ឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការគិតគូរ​ពី​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​»​។

សម្រាប់​ខេត្ត​ប៉ៃលិន ការបិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ សម្រាប់តែ​ពលរដ្ឋ​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​ប៉ុណ្ណោះ ចំណែកឯ​កុមារ​អាយុ​ពី​ ១២ ​ឆ្នាំ ដល់​ក្រោម​ ១៨ ​ឆ្នាំ គឺ​នៅ​បន្ត​ចាក់​ជាធម្មតា​។ ខេត្ត​ក៏​រក្សា​វ៉ាក់សាំង​មួយចំនួន​សម្រាប់​ពលរដ្ឋ ដែល​ជាប់​ធ្វើ​ចត្តាឡីស័ក និង​ពលករ​ដែល​ទើប​ត្រឡប់​មកពី​បរទេស ពិសេស​អ្នក​មកពី​ប្រទេស​ថៃ ដើម្បីឱ្យ​ពួកគាត់​មានឱកាស​ទទួលបាន​វ៉ាក់សាំង​សម្រាប់​ជា​កងការពារ​ខ្លួន​ផងដែរ​។

នៅ​ថ្ងៃ​ ១២ កញ្ញា​ដែរ ខេត្ត​​ពោធិ៍សាត់​ក៏​បាន​ប្រកាស​បិទបញ្ចប់​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ជុំ​ទី​១ សម្រាប់​ពលរដ្ឋ​ដែលមាន​អាយុ​ពី​ ១២ ​ឆ្នាំ​ឡើង ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ខេត្ត​ផងដែរ​។

ចំណែក​ខេត្តកំពង់ចាម​បាន​ប្រកាស​បើក​ដំណើរការ​ទីតាំង​ចំនួន​ ៩ ​កន្លែង​សម្រាប់​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជា​អចិន្រៃ្តយ៍​ទៅដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើងទៅ ខណៈ​ខេត្ត​នេះ​ក៏បាន​ប្រកាស​បិទបញ្ចប់​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ សម្រាប់​អ្នកមាន​វ័យ​ពី​ ១២ ​ឆ្នាំ​ឡើងទៅ នៅ​ទូទាំង​ខេត្ត​ចាប់ពី​ថ្ងៃ​ទី​ ១៩ ខែកញ្ញា ​ខាងមុខនេះ​ផងដែរ​។

ទាក់ទង​នឹង​ការបិទបញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​ទូទាំង​ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្ត​មួយ​នេះ​បានឱ្យដឹងថា សម្រាប់​ខេត្ត​​កំពង់ចាម​បាន​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុវត្ត​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ សម្រាប់​ពលរដ្ឋ​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង និង​ក្រុម​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ ដល់​ក្រោម​ ១៨ ​ឆ្នាំ នៅ​ទូទាំង​ខេត្ត​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា​កន្លងមក​។

លោក​បាន​លើកឡើងថា ចាប់តាំងពី​ថ្ងៃ​នៃ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​នោះមក​មាន​ពលរដ្ឋ​​ និង​អាណាព្យាបាល​ជាច្រើន​រហូត​មាន​ចំនួន​លើសលប់ បាន​ស្ម័គ្រចិត្ត​មក​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅតាម​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​។

លោក អ៊ុន ចាន់ដា បានបញ្ជាក់​​ថា​៖ «​ដោយ​ផ្អែក​តាម​តួលេខ​នៃ​ចំនួន​អ្នក​បាន​ចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ រដ្ឋបាលខេត្ត​កំពង់ចាម​បាន​សម្រេច​នឹង​ធ្វើការ​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទៅដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​ ១២ ​ឆ្នាំ​ឡើង​នៅ​ទូទាំង​ខេត្ត​ចាប់ពី​ថ្ងៃទី​ ១៩ ខែកញ្ញា​ខាងមុខ​តទៅ ប៉ុន្តែ​យើង​ក៏​នឹង​បើក​ដំណើរការ​ជា​អចិន្រៃ្តយ៍​នូវ​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ តាម​មន្ទីរពេទ្យ​​បង្អែក​ទាំង​ ៩ ​កន្លែង​ផងដែរ​»​។

ជាមួយ​គ្នា​នេះ រដ្ឋបាលខេត្ត​កំពង់ចាម​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែលមាន​ភាព​អល់អែក​​ និង​មិនទាន់​សម្រេចចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​អ្នកមាន​បញ្ហា​សុខភាព​នាពេល​កន្លង​​មក​ត្រូវ​រួសរាន់​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​យក​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដោយ​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ នៅតាម​មន្ទីរពេទ្យបង្អែក​ទាំង​ ៩ ​កន្លែង​នោះ​។

មន្ទីរពេទ្យបង្អែក​ទាំង​ ៩ ​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជា​អចិន្រៃ្តយ៍​ក្នុង​ខេត្តកំពង់ចាម​មាន​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ចាម​ (​សម្រាប់​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម​),​ មន្ទីរពេទ្យ​​បង្អែក​ស្រុក​ចំការលើ​,​ មន្ទីរពេទ្យ​​បង្អែក​ហ៊ុនសែន​ស្ទឹងត្រង់​,​ មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ​,​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ​,​ មន្ទីរពេទ្យ​បង្អែក​ស្រុក​បាធាយ​,​ មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រីសន្ធរ​,​ មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះសូទិន និង​មន្ទីរពេទ្យបង្អែក​ស្រុក​កងមាស​។

គួរបញ្ជាក់​ផងដែរ​នាពេល​ថ្មីៗ​​កន្លងមកនេះ​ខេត្ត​ចំនួន​ ៣ ​បាន​​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដែល​ក្នុង​​នោះ​មាន​ខេត្តកណ្តាល ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។

គិត​ត្រឹម​ថ្ងៃទី​ ១១ ខែកញ្ញា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ជូន​ពលរដ្ឋ​បាន​ ៩៧,២៣% ធៀប​​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ចំនួន​ ១០ ​លាន​នាក់ និង​អ្នក​ដែលមាន​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម​ ១៨ ​ឆ្នាំ​បាន​ ៨៦,៧៧% ធៀប​ជាមួយ​ប្រជាជន​គោលដៅ​ជិត ២ ​លាន​នាក់​៕