សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបសម្រេចបិទខ្ទប់ភូមិសាស្ត្រក្រុងសៀមរាប ជាតំបន់លឿងទុំ បណ្តោះអាសន្នចាប់ពីថ្ងៃទី ១១ ខែកញ្ញា រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ យោងតាមការសម្រេចរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប។
លិខិតរបស់លោកអភិបាលខេត្តបញ្ជាក់ថា ការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់។ ចំណែកសកម្មភាពការងារមុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃត្រូវហាមឃាត់ ប៉ុន្តែសកម្មភាពចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃអាចអនុញ្ញាតបានដូចជា កន្លែងផលិតគ្រឿងឧបភោគបរិភោគ ទីសត្តឃាត និងសហគ្រាសជាដើម។
ការហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស និងដាក់ឱ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២១ ដល់ម៉ោង ៣ ទៀបភ្លឺ លើកលែងតែការធ្វើដំណើររបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសេវាសង្គ្រោះបន្ទាន់ជាដើម។
រដ្ឋបាលក្រុងត្រូវរឹតបន្តឹងការត្រួតពិនិត្យនៅតាមផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋានលក់ដូរវេចខ្ចប់ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងនានាដែលមិនរៀបរយ ឬមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាលរួមមានការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្តៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
រាល់ការធ្វើដំណើរដែលត្រូវបានអនុញ្ញាត មិនត្រូវធ្វើឡើងនៅចន្លោះម៉ោង ២១ ដល់ម៉ោង ៣ ទៀបភ្លឺឡើយ។ លើកលែងតែចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់មូលហេតុ ចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈជាដើម។
បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមសេចក្តីសម្រេចនេះ នឹងត្រូវកសាងសំណុំរឿងទៅតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ស្របតាមមាត្រា ១០ និងមាត្រា ១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ៕