ភ្នំពេញៈ លោកជំទាវ ជ្រឹង បុទុមរង្សី គឺជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​មុនពេល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។

យោងតាម​ឯកសារ​ជីវប្រវត្តិ​ដែលមាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​ក្រសួង​ការបរទេស លោកជំទាវ​បានចាប់ផ្ដើម​ការងារ​ដំបូង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​ ២០១២ ​ក្នុងតួនាទី​ជា​អ្នក​សម្របសម្រួល​ថ្នាក់​ខេត្ត​ប្រចាំ​នៅ​ខេត្តកំពត​លើ​ការធ្វើ​សមាហរណកម្ម​​ដីធ្លី​ ហើយ​បន្ទាប់មក​លោកជំទាវ​បានទទួល​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ដោយសារ​តែ​លោកទាវ គឺជា​មន្ត្រី​រដ្ឋាភិបាល​ជា​ស្ត្រី​​លេចធ្លោ​ម្នាក់ លោកជំទាវ បុទុមរង្សី បាន​ស្ថិត​នៅក្នុង​ក្រសែភ្នែក​នៃ​ពលរដ្ឋ​កម្ពុជា ជាពិសេស​ស្ត្រី​វ័យក្មេង​។

មុនពេល​ចាកចេញ​ពី​កម្ពុជា​ ដើម្បី​ទៅ​បំពេញ​បេសកកម្ម​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​ ១០ ខែ កញ្ញា ឆ្នាំ​ ២០២១ លោកជំទាវ បុទុមរង្សី បានផ្ដល់​បទសម្ភាស​ផ្ដាច់មុខ​ជាមួយ​កាសែត ​​ភ្នំពេញ​ ប៉ុស្តិ៍​ ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ភ្នំពេញ​ ប៉ុស្តិ៍​៖ តើ​លោកជំទាវ​អាច​ជម្រាប​បាន​ទេ​ថា លោកជំទាវ​សម្រេចបាន​សមិទ្ធផល​អ្វីខ្លះ​ក្នុង​កិច្ចការងារ​ជាមួយ​រដ្ឋាភិបាល​ដែល​ធ្វើឱ្យ​លោកជំទាវ​ត្រូវបាន​ជ្រើសតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ ហើយ​​បានក្លាយ​ជា​អាយដល​សម្រាប់​ជនរួមជាតិ​របស់​លោកជំទាវ​?

អរុណសួស្ដី ហើយ​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ដល់​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ដែល​បាន​ផ្ដល់ឱកាស​ឱ្យ​ខ្ញុំ​បាន​ចែករំលែក​ពី​អារម្មណ៍ និង​គំនិត​របស់ខ្ញុំ​ពាក់ព័ន្ធ​នឹង​តួនាទី​ថ្មី​របស់​ខ្ញុំ​ជា​ឯកអគ្គរាជទូត​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។

សូម​អរគុណ​ដែល​ហៅ​ខ្ញុំ​ថា​ជា អាយដល ប៉ុន្តែ​ខ្ញុំ​គិតថា ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ពាក្យ អាយដល នេះ​ទេ​។ ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​សាមញ្ញ ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ធ្វើ​កិច្ចការ​ ដើម្បី​បម្រើ​ប្រទេសជាតិ និង​ប្រជាជន​របស់ខ្ញុំ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​សំណួរ​ថា តើ​ខ្ញុំ​បាន​សម្រេច​កិច្ចការ​អ្វីខ្លះ​ក្នុង​តួនាទី​នៅក្នុង​ជួរ​រដ្ឋាភិបាល តាមពិតទៅ ខ្ញុំ​មិន​គិត​ថា វា​ជា​សមិទ្ធផល​ទេ អ្វីដែល​ខ្ញុំ​បាន​បំពេញ​ក្នុង​តួនាទី​របស់ខ្ញុំ​គឺ​កាតព្វកិច្ច​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​ប្រទេស​របស់ខ្ញុំ​តែប៉ុណ្ណោះ​។

ខ្ញុំ​បាន​ចាប់ផ្ដើម​បំពេញ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​ ២០១២ បន្ទាប់ពី​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ក្នុង​វិស័យ​ឯកជន ដែល​ពេលនោះ​គឺ​ខ្ញុំ​បាន​ចូលរួម​ក្នុង​បេសកកម្ម​មួយ​ដឹកនាំ​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​គោលដៅ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជនបទ និង​ទី​ដាច់ស្រយាល​។

បេសកកម្ម​នេះ​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ជាច្រើន ហើយ​បាន​ធ្វើឱ្យ​ខ្ញុំ​ដឹង​ច្បាស់​ថា ការធ្វើ​កិច្ចការ​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ គឺ​សំខាន់​ជាង​ការបម្រើ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ កិច្ចការ​នេះ​បាន​ជំរុញ​ក្ដីប្រាថ្នា​របស់ខ្ញុំ​ឱ្យ​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ និង​ដើម្បី​ប្រជាពលរដ្ឋ ហើយ​បាន​តម្រង់ទិស​នៃ​គោលដៅ និង​ការប្ដេជ្ញាចិត្ត​របស់ខ្ញុំ​ឆ្ពោះ​ទៅកាន់​វិស័យ​រដ្ឋ ដើម្បី​ជួយ​ដល់​ការងារ​សាធារណៈ និង​ធ្វើឱ្យ​មាន​ការកែប្រែ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។

បន្ទាប់មក​នៅ​ឆ្នាំ​ ២០១៣ ខ្ញុំ​មាន​កិត្តិយស​ខ្លាំងណាស់ ដែល​ត្រូវ​បានផ្ដល់​តួនាទី​ជា​អនុរដ្ឋលេខាធិការ​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ពេលនោះ​ខ្ញុំ​ធ្វើការ​ជាង​ ៦ ​ឆ្នាំ​ក្នុង​វិស័យ​ជាច្រើន ចាប់ពី​វិស័យ​ទូរគមនាគមន៍ ព័ត៌មាន និង​បច្ចេកវិទ្យា​សារគមនាគមន៍ ហើយ​ចុងក្រោយ​គឺ​នៅក្នុង​វិស័យ​ប្រៃសណីយ៍​។

ខ្ញុំ​បាន​ចូលរួម​ធ្វើ​កិច្ចការ​ជាច្រើន​ដូចជា សេចក្ដី​ព្រាង​គោលនយោបាយ គោលការណ៍​ណែនាំ ច្បាប់​ប្រៃសណីយ៍ និង​និយតកម្ម​នានា​ដែល​សំដៅ​បម្រើ​ផលប្រយោជន៍​សាធារណជន និង​ផ្ដល់​ជាគោលការណ៍​គ្រឹះ​ដែលមាន​លក្ខណៈ​តម្លាភាព និង​កាន់តែ​មាន​ប្រសិទ្ធភាព​។

កិច្ចការ​បន្ទាប់​ក្នុង​វិជ្ជាជីវៈ​របស់ខ្ញុំ​គឺ នៅ​ឆ្នាំ​ ២០១៨ ខ្ញុំ​ត្រូវបាន​ចាត់តាំង​ឱ្យ​​ទៅ​បំពេញការងារ​នៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុងតួនាទី​ជា​អនុរដ្ឋលេខាធិការ​។

នៅ​ចុងឆ្នាំ​ ២០២០ ខ្ញុំ​ត្រូវបាន​ដំឡើង​តួនាទី​ជា​រដ្ឋលេខាធិការ​ ហើយ​ពេល​​នេះ​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។

លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត​ថ្មី​របស់​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង​។ រូបថត សហការី

ភ្នំពេញ​ ប៉ុស្តិ៍​៖ ​តើ​លោកជំទាវ​មាន​ពាក្យពេចន៍​អ្វី​សម្រាប់​ស្ត្រី​កម្ពុជា​វ័យក្មេង និង​អ្នកគាំទ្រ​របស់លោក​ជំទាវ​ទេ​?

ខ្ញុំ​ហាក់ដូចជា​មិន​ចង់​ផ្ដល់​ជា​និយមន័យ​អំពី​ស្ត្រី​ ឬ​តួនាទី​យេនឌ័រ​ទេ​។ ​ប៉ុន្តែ​ខ្ញុំ​ចង់​និយាយថា ក្នុង​នាម​ជា​ស្ត្រី​ត្រូវតែ​​មាន​ទស្សនវិស័យ​ច្រើន និង​ព្យាយាម​ធ្វើ​ការឱ្យ​កាន់តែ​ខ្លាំង​ថែមទៀត ហើយ​ចំណាយពេល​បន្ថែមទៀត​ ដើម្បី​ធ្វើ​ទំនាក់ទំនង និង​រុញច្រាន​ទស្សនវិស័យ​ទាំងនោះ​ឱ្យទៅដល់​គោលដៅ​។

សារ​របស់ខ្ញុំ​សម្រាប់​ស្ត្រី​ទាំងអស់​គឺថា យើង​មិនត្រូវ​រង​ការបង្អាក់​ទឹកចិត្ត​ដោយសារ​តែ​ស្ថានភាព​អ្វីមួយ​ដែល​យើង​ជួបប្រទះ​នោះទេ​។ ផ្ទុយទៅវិញ យើង​ត្រូវ​រក្សា​ឱ្យបាន​នូវ​បំណងប្រាថ្នា​របស់​យើង ការប្ដេជ្ញាចិត្ត​របស់​យើង ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​យើង និង​អ្វីដែល​យើង​មាន​សមត្ថភាព​ធ្វើបាន​។ បើ​ធ្វើដូច្នេះ​បាន​នោះ គ្មាន​អ្នកណា​អាច​ទប់​នូវ​សំឡេង​របស់​យើង​បានទេ​។

ប្រសិនបើ​យើង​ចង់​ឱ្យ​អ្នកដទៃ​គោរព​ដល់​ការងារ​របស់​យើង យើង​ត្រូវតែ​ធ្វើ​កិច្ចការ​របស់​យើង​ឱ្យ​ហ្មត់ចត់ និង​ឱ្យអស់​តាម​ការប្ដេជ្ញាចិត្ត​របស់​យើង​។ ​ជាទូទៅ ខ្ញុំ​មិន​បដិសេធ​ទេ​ថា យើង​មាន​គុណវិបត្តិ​ខ្លះ ប៉ុន្តែ​យើង​មិន​ត្រូវឱ្យ​គុណវិបត្តិ​នោះ​រារាំង​យើង​មិន​ឱ្យ​ព្យាយាម​សម្រេច​​គោលដៅ​របស់​យើង​ទេ ហើយ​យើង​មិនត្រូវ​ឱ្យ​ខ្លួន​យើង​រាងចាល​មិន​ហ៊ាន​ធ្វើតាម​ការប្ដេជ្ញាចិត្ត​របស់​យើង​នោះទេ​។

បើ​យើង​ធ្វើដូច្នេះបាន យើង​នឹង​សម្រេច​បាន​អ្វីដែល​បេះដូង​របស់​យើង​ចង់បាន​។ ដោយសារ​តែ​ខ្ញុំ​រក្សា​នូវ​គំនិត​ទាំងនេះ​ក្នុង​ចិត្ត​ជាប់​ជានិច្ច កិច្ចការ​របស់ខ្ញុំ​ក្នុង​រយៈពេល​ ៨ ​ឬ​ ៩ ​ឆ្នាំ​ចុងក្រោយ​នេះ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្ញុំ​ក្នុង​ការបំពេញ​កាតព្វកិច្ច និង​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​។

ភ្នំពេញ​ប៉ុស្តិ៍​៖ តើ​លោកជំទាវ​នឹង​ប្រឈមមុខ​ដោះស្រាយ​បញ្ហា​យ៉ាងដូចម្ដេច​ក្នុង​នាម​ជា​ឯកអគ្គរាជទូត​​នាពេល​ខាងមុខនេះ​? ​តើ​លោកជំទាវ​មាន​គោលដៅ និង​ក្ដីរំពឹង​យ៉ាងណា​​ដែរ​ចំពោះ​បេសកកម្ម​នេះ​?

ពិតណាស់ តួនាទី​របស់ខ្ញុំ​ជា​ឯកអគ្គរាជទូត​នឹង​ជួប​នូវ​បញ្ហា​ប្រឈម​ខ្លះ​​ ជាពិសេស​ដោយសារ​តែ​ខ្ញុំ​ថ្មី​សម្រាប់​កិច្ចការ​នេះ ខ្ញុំ​ទើបតែ​ចាប់ផ្ដើម​នៅ​ឆ្នាំ​ ២០១៨ ដូច្នេះ​ខ្ញុំ​នៅ​បន្ត​រៀនសូត្រ​ពី​វិស័យនេះ​នៅឡើយ​។ ប៉ុន្តែ​ខ្ញុំ​មិន​ព្យាយាម​គេច​ចេញ​ពី​បញ្ហា​ប្រឈម​ទាំងនេះ​ទេ​។ ខ្ញុំ​ព្យាយាម​ជម្នះ​វា​ឱ្យបាន​។ បញ្ហា​ប្រឈម​នេះហើយ​ដែល​ធ្វើឱ្យ​មនុស្ស​ម្នាក់​កាន់តែ​ខ្លាំង ធ្វើឱ្យ​មនុស្ស​មាន​អត្តចរិត​មួយ និង​បង្កើត​បាន​ជា​កេរដំណែល​។ ការឆ្លងកាត់​ពេលវេលា​ដ៏លំបាក​វា​រឹតតែ​ធ្វើឱ្យ​យើង​កោតសរសើរ​ដល់​កិច្ចប្រឹងប្រែង​របស់​យើង និង​ធ្វើឱ្យ​ទទួលបាន​លទ្ធផល​កាន់តែច្រើន​។

ខ្ញុំ​មាន​ក្ដីសប្បាយ​រីករាយ​លាយឡំ​ជាមួយនឹង​ការភ័យ​ខ្លះ​ដែរ នៅក្នុង​មុខតំណែង​ថ្មី​នេះ​។ ខ្ញុំ​សប្បាយចិត្ត​ដោយសារ​តែ​ខ្ញុំ​នឹង​ចាប់ផ្ដើម​ប្រឡូក​ក្នុង​ដំណើរ​ដ៏រីករាយ​នៅក្នុង​ទឹកដី​ថ្មី ដើម្បី​តំណាង​ឱ្យ​ប្រទេស​របស់ខ្ញុំ វប្បធម៌​របស់ខ្ញុំ ពលរដ្ឋ​ខ្ញុំ និង​មាន​ឱកាស​លើកកម្ពស់​កិត្យានុភាព​ជាតិ ព្រមទាំង​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​។

ប៉ុន្តែ​ម្យ៉ាងទៀត មុខតំណែង​នេះ​ក៏​ជា​មុខតំណែង​មួយ​ប្រកប​ដោយ​បញ្ហា​ប្រឈម​ផងដែរ ដូច្នេះហើយ​បានជា​ខ្ញុំ​តែងតែ​កោតសរសើរ​ដល់​អ្នក​ដែល​កាន់តំណែង​នេះ​មុន​ខ្ញុំ គឺ​លោក ឡុង ឌីម៉ង់ ដែល​បានធ្វើ​កិច្ចការ​នេះ​បាន​យ៉ាង​ល្អប្រសើរ​ក្នុង​ការបម្រើ​ដល់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ក្នុង​ពេល​លោក​កាន់​អាណត្តិ​នេះ​។

ខ្ញុំ​កោតសរសើរ​ចំពោះ​កិច្ចការ​របស់គាត់ និង​ការបូជា ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​គាត់​ផង​​ដែរ សម្រាប់​កិច្ចការ​ទាំងនេះ​ក្នុង​មុខតំណែង​របស់លោក​។ ខ្ញុំ​សង្ឃឹមថា នឹង​ដើរ​តាម​អ្វីដែល​លោក​បានធ្វើ ហើយ​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រទេស​របស់​យើង ក្នុងតួនាទី​ជា​ឯកអគ្គរាជទូត​នេះ​។

ភ្នំពេញ​ប៉ុស្តិ៍៖ តើ​លោកជំទាវ​មាន​ពាក្យពេចន៍​អ្វី សម្រាប់​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​?

សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​មាន​ក្ដី​សោមនស្ស​រីករាយ​ណាស់​ដែល​ត្រូវបាន​ផ្ដល់នូវ​តួនាទី​នេះ ហើយ​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បានធ្វើ​​ជា​តំណាង​របស់​ប្រទេស​យើង​។ ខ្ញុំ​ត្រៀមខ្លួន​រួចរាល់ ដើម្បី​បម្រើ​ផលប្រយោជន៍​សម្រាប់​ពលរដ្ឋ និង​ប្រទេស​របស់​យើង​។ ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ជួប​ជាមួយ​បងប្អូន​យើង​នៅ​ទីនោះ​គ្រប់គ្នា​។

សូម​បងប្អូន កុំ​មាន​ការរារែក​ចិត្ត​ក្នុង​ការទាក់ទង​មក​ខ្ញុំ ព្រោះ​ខ្ញុំ​គឺជា​មនុស្ស​សាមញ្ញ​ធម្មតា​ទេ​។ ខ្ញុំ​ចង់​ស្គាល់​បងប្អូន​គ្រប់គ្នា និង​ចែករំលែក​បទពិសោធ​ក៏ដូចជា ការងា​របស់​យើង​។ ខ្ញុំ​រំពឹងថា យើង​អាច​ក្លាយជា​មិត្ត​ដ៏យូរអង្វែង និង​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​យ៉ាងច្រើន​។

បើ​យើង​រួបរួមគ្នា យើង​អាច​ជួយ​ដល់​ប្រទេស និង​នាំ​ផលប្រយោជន៍​មក​ប្រទេស​របស់​យើង​។

ភ្នំពេញ​ប៉ុស្តិ៍​៖ តើ​លោកជំទាវ​មាន​ពាក្យ​អ្វី​សម្រាប់​ជនរួមជាតិ​របស់​លោក​ជំទាវ​ទេ​?

ក្នុង​តួនាទី​ជា​ឯកអគ្គរាជទូត ខ្ញុំ​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​ទៅទៀត​នោះ បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ ត្រូវបាន​ចុះហត្ថលេខា ដែល​ខ្ញុំ​រំពឹងថា​វា​នឹង​ជំរុញ​ដល់​ការធ្វើ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ ព្រមទាំង​បង្កើត​ឱកាស​ការងារ ធានាបាន​នូវ​សន្តិសុខ​ស្បៀង និង​កសាង​ស្ថិរភាព​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​វិបត្តិ​កូវីដ​ ១៩៕