ភ្នំពេញៈ មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​នឹងត្រូវ​ចុះឈ្មោះ​ថ្មី​គ្រប់​អាយុ​ ១៨ ​ឆ្នាំ​ដល់​ថ្ងៃ​បោះឆ្នោត សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​មាន​ជាង​ ១ ​លាន ៦ ​សែន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ​មាន​ជាង​ ៥០ ​ម៉ឺន​នាក់​។

លោក​ សោម សូរីដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ គ.ជ.ប. ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ ទី​ ១២ កញ្ញាថា ចំនួន​នេះ​មាន​ការកើនឡើង​ជិត​ ៣ ​ដង​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២០ ព្រោះ​ឆ្នាំនេះ គឺជា​ឆ្នាំ​ដែល គ.ជ.ប. ត្រូវ​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​ ២០២២​។ លោក​ថា ជា​រៀងរាល់​ការរៀបចំ​បញ្ជី​បោះឆ្នោត​សម្រាប់​ឆ្នាំ ដែល​ត្រូវ​បោះឆ្នោត​តួលេខ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ចុះឈ្មោះ​ថ្មី​តែងតែ​មាន​ចំនួន​ច្រើនជាង​ឆ្នាំ ដែល​មិនមាន​ការរៀបចំ​ការបោះ​ឆ្នោត​។

លោក​ថ្លែងថា មួយវិញទៀត ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ដែល​ត្រូវបាន​កំណត់​ក្នុង​មាត្រា​ ៤៤ ​នៃ​ច្បាប់ ស្តីពី​ការបោះឆ្នោត​បាន​ចែងថា បញ្ជី​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ត្រូវ​មាន​ [​ឈ្មោះ​] និង​ចុះឈ្មោះ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត ដែល​មាន​អាយុ​ចាប់ពី ១៨ ​ឆ្នាំ​ឡើងទៅ​ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក​ថ្លែង​បញ្ជាក់ថា​៖ «​យើង​យក​តួលេខ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ហ្នឹង ដែល​សរុបទៅ​ ១៨ ​ឆ្នាំ​ឡើងលើ មាន​ជាង​ ១០ ​លាន​នាក់ មក​ដក​ជាមួយ​នឹង​តួលេខ​ដែល​ប្រជាពលរដ្ឋ​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ជាង​ ៨ ​លាន​ ៨ ​សែន ឆ្នាំ​ ២០២០​។ អ៊ីចឹង វា​ឃើញ​ ១ ​លាន ៦ ​សែន​នាក់​ជាង ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី​សម្រាប់​ឆ្នាំនេះ​»​។

ទោះជា​យ៉ាងណា លោក​ថា ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២១ ទទួលបាន​ជោគជ័យ​ ឬ​មិន​ជោគជ័យ អាស្រ័យ​លើ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ដែល​យល់​ពី​កាតព្វកិច្ច និង​សិទ្ធិ​ក្នុង​ការចូលរួម​បោះឆ្នោត​នៅក្នុង​ប្រទេស​។ ប៉ុន្តែ គ.ជ.ប. នឹង​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ឱ្យ​ទទួល​បាន​ជោគជ័យ និង​ឱ្យមាន​ការកើនឡើង​ច្រើនជាង​ឆ្នាំ ដែល​មិនមាន​ការបោះឆ្នោត​។

លោក​ ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​នា​ថ្ងៃទី​ ១០ កញ្ញា ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២១ គឺ​ដើម្បី​កសាងបាន​នូវ​បញ្ជី​បោះឆ្នោត​ផ្លូវការ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ​ ២០២២​។

លោក​ថា គ.ជ.ប. ត្រូវ​ផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ ៩០ ​ថ្ងៃ​យ៉ាងតិច មុន​ថ្ងៃ​បោះឆ្នោត​។ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​ចេញ​សេចក្ដីសម្រេច​ស្តីពី​ការកំណត់​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិ​ទី​៥ ​នៅ​ថ្ងៃអាទិត្យ ទី​ ៥ ខែមិថុនា ឆ្នាំ ២០២២​។

លោក​បន្តថា ដើម្បី​ត្រៀម​រៀបចំ និង​អនុវត្ត​ការងារ​តាម​ដំណាក់កាល​បាន​ជោគជ័យ គ.ជ.ប. បានរៀបចំ​ផែនការមេ និង​ប្រតិទិន សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២១ ក្នុងនោះ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ចាប់ផ្តើម​ពីថ្ងៃ​ទី ​១២ ខែតុលា ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ​សង្កាត់ នៅ​ទូទាំង​ប្រទេស​ត្រូវបាន​ប៉ាន់​ស្មានថា​ប្រជាពលរដ្ឋ​អាយុ​ ១៨ ​ឆ្នាំ​ឡើង មាន​ចំនួន​ ១០ ៨៦៧ ៩៦១ ​នាក់​។ ការិយាល័យ​បោះឆ្នោត​មាន​ចំនួន ២៣ ៦១១ ​ការិយាល័យ​។ ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី​មាន​ចំនួន ១ ៦៣៥ ៩៩០ ​នាក់ និង ប្រជាពលរដ្ឋ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៨៣ ០៤៣ ​នាក់​»​។

លោក​ សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា (​និកហ្វិក​) ថ្លែងថា ចំនួន​នៃ​អ្នក​ចុះឈ្មោះ​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​មាន​ ២ ​ប្រភេទ គឺ​ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស ដូចជា​នៅ​ប្រទេស​ថៃ និង​កូរ៉េ ជាដើម​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ ហើយ​មិន​ធ្លាប់បាន​ចុះឈ្មោះ​ពី​មុន​មក​មាន​ចំនួន​ច្រើន​។ មួយទៀត​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​មាន​ប្រមាណ​ ២០ ​ម៉ឺន​នាក់​។

លោក​ថា ចំនួន​ភាគច្រើន គឺជា​ពលករ​មកពី​ប្រទេស​ថៃ និង​មិន​ធ្លាប់បាន​ចុះឈ្មោះ និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ពីមុនមក ដែល​ធ្វើឱ្យ​ចំនួន​នេះ​កើនឡើង​ច្រើន​ដល់​ជាង​ ១ ​លាន​ ៦ ​សែន​នាក់​។ ប៉ុន្តែ​បញ្ហា​ជំងឺ​កូវីដ​ ១៩ វា​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការរៀបចំ​ការចុះបញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ថ្មី នៅក្នុង​ប្រទេស​។

លោក​ស្នើសុំ​ឱ្យ​ភាគី​ពាក់ព័ន្ធ គណបក្សនយោបាយ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​ជូន​ពលរដ្ឋ​ឱ្យបាន​ជ្រាប​ឱ្យ​ពួកគាត់​មក​ចុះឈ្មោះ ដើម្បី​មាន​សិទ្ធិ​ក្នុង​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​យើង​ជួយ​លើក​ទឹកចិត្ត ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​ការងារ​គាត់​។ អាជ្ញាធរ​ត្រូវតែ​ជួយ ឧទាហរណ៍​គាត់​ខ្វះ​ឯកសារ ដូចជា​អត្តសញ្ញាណប័ណ្ណ​គាត់​ហួសសុពលភាព​អ៊ីចឹង​ទៅ​ត្រូវតែ​ពន្លឿន ធ្វើ​ថ្មី​ជូន​ពួកគាត់​ដើម្បីឱ្យ​គាត់​អាច​ចុះឈ្មោះ​បាន​ទាន់ពេល​»៕

វីដេអូ៖