ភ្នំពេញៈ ក្រសួង​អប់រំ​យុវ​ជន និង​កីឡា ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្តីពីគោ​លការ​ណ៍​ប្រតិ​បត្តិ​ស្តង់ដា​សម្រាប់​ការ​លើក​កម្ពស់​សុខ​ភាព​ និង​សុវត្ថិ​ភាព​សិក្សា ក្នុងការ​បង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ និង​ឯកជន​ ដោយ​ក្រសួង​តម្រូវ​ឱ្យប​ង្កើត​គណៈ​កម្មការ​សុខភាព​សិក្សា​ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ហានិ​ភ័យ ការ​បង្ការ​ទប់​ស្កាត់​ និង​គ្រប់​គ្រង​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ ​១៩​ ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព។

លោក​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​យុ​វជន និង​កីឡា បាន​ឱ្យដឹង​តាម​រយៈ​សេចក្តី​ណែនាំ​ចេញ​ផ្សាយ​នៅ​ពី​ថ្ងៃទី ១​៣ ខែក​ញ្ញា​​ថា គ្រឹះស្ថាន​សិក្សា​រដ្ឋ​និង​ឯកជ​ន​ត្រូវ​រៀបចំ​បន្ទប់​សុខភាព​ក្នុង​គ្រឹះស្ថាន​សិក្សា ដោ​យ​បំពាក់​នូវ​សម្ភារ​ចាំ​បាច់​សម្រាប់​សង្គ្រោះ​បឋម និង​ឧបក​រណ៍​វាស់​ស្ទង់​កម្ដៅ ​ម៉ាស់ ទឹក​អាល់កុល ​ឬ​អាល់កុល​ជែ​ល សម្រាប់​ប្រើប្រាស់​​ប្រចាំថ្ងៃ។​

លោក​បាន​បញ្ជាក់​ថា៖ «គ្រឹះស្ថា​នសិក្សាត្រូ​វធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ផ្អាក​ដំណើរ​ការរៀន​តាម​បណ្តុំឬ​ការបិទ​​សាលា​រៀន​ជា​បណ្តោះ​អាសន្ន​ ករណី​មាន​ការ​រាត​ត្បាត​ជំងឺ​ឆ្លង​ និង​ត្រូវ​ជូន​ដំណឹង​ដល់​អ្នក​ពាក់​ព័ន្ធ​ ដើម្បី​លើក​វិធានកា​រ​អន្តរា​គ​មន៍​បន្ទាន់»​។

សម្រាប់​វិធាន​ការ​សុវត្ថិ​ភាព​និង​អនា​ម័យ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំបាន​ណែនាំ​ឱ្យមាន​ការវាស់ស្ទ​ង់​កម្តៅ​អ្នក​សិក្សា បុគ្គ​លិក​អប់រំ និង​អ្នក​ដទៃទៀ​ត​មុន​អនុ​ញ្ញាត​ឱ្យចូល​បរិវេណ​គ្រឹះ​ស្ថាន​សិក្សា​។​

លោក​ ហង់​ជួន ណា​រ៉ុ​ន បាន​បន្ថែម​ថា អ្នកសិក្សា និង​បុគ្គលិក​អប់រំ​ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ជាប្រចាំ​ ដែលជា​​ម៉ាស់​​អាច​បង្ការ​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​​កូ​វីដ ១៩ ​ហើយ​ត្រូវ​ទុក​ដាក់​ក្នុង​ធុង​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​ បន្ទាប់ពី​ការ​ប្រើប្រា​ស់​រួច​។

ជាមួ​យគ្នានេះ​ដែរ គ្រឹះ​ស្ថានសិក្សា​ទាំង​អស់​ត្រូវ​រៀបចំ​ឱ្យមាន​គម្លាត​សុវត្ថិភាព​នៅ​គ្រប់​ទីតាំង​រៀន​តាម​បណ្ដុំ​ក្នុង​គ្រឹះ​ស្ថាន​សិក្សា រួមទាំង​ទីតាំង​តុ កៅអី ក្នុង​បន្ទប់​រៀន ​យ៉ាង​តិច​ ១ ម៉ែ​ត្រ​កន្លះ​ពីគ្នា ដោយ​កំណត់​រូបភាព​ ជាកា​រ​រៀន​តាម​បណ្តំ ដែ​លមា​ន​ចំនួន​តិច​ជាង ​១៥ ​នាក់៕​