ភ្នំពេញ៖ សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ២៤១ នាក់ ឃាត់​យានយន្ត ២៨ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល កាល​ពី​ម្សិលមិញ។ នេះ​បើ​តាម​ប្រកាស​របស់​គណៈកម្មការអន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) ​នៅ​ព្រឹក​នេះ។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ​កញ្ញា​នេះ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ២៤១ នាក់ ឃាត់​យានយន្ត ២៨ គ្រឿង ក្នុង​នោះ រថយន្ត ៧ គ្រឿង ម៉ូតូ ២១ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​នៅ​ថ្ងៃទី ១៣ ខែ​កញ្ញា​នេះ។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ៨១ ករណី និង​ផ្សព្វផ្សាយ​ច្បាប់​ទៅ​លើ​ទីតាំង​សរុប​ចំនួន ៦០៤ ធ្វើ​ការ​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវ​គោក​បាន ២៥១ នាក់ ដែល​មាន​យានយន្ត ៣៧៩ គ្រឿង និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ២ ២០០ ០០០ រៀល៕