
រូបចម្លាក់ព្រះពុទ្ធកំពុងសាងសង់នៅលើជញ្ជាំងភ្នំសំពៅ ខេត្តបាត់ដំបង។ រូបថត ហ្វេសប៊ុក
បាត់ដំបងៈ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង កំពុងរៀបចំឯកសារ ដើម្បីដាក់ស្នើទៅរដ្ឋបាលខេត្តជួយអន្តរាគមន៍ក្នុងការសម្របសម្រួល ដើម្បីឱ្យអ្នកសាងសង់ធ្វើការកែប្រែការសាងសង់ឱ្យបានត្រឹមត្រូវនូវរូបចម្លាក់ព្រះពុទ្ធរូបនៅជាប់ជញ្ជាំងភ្នំសំពៅ បន្ទាប់ពីបានពិនិត្យឃើញថា មានកំហុសឆ្គងពុទ្ធប្រវត្តិ។
លោក គុណសម្បត្តិ មុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបងថ្លែងនៅថ្ងៃទី ១២ ខែកញ្ញាថា ការសាងសង់ព្រះពុទ្ធរូបនៅជាប់ជញ្ជាំងភ្នំសំពៅនោះ អ្នកស្នើបានសុំសាងសង់រូបចំនួន ៣ ឋានដែលមាន ឋានប្រសូត ឋានត្រាស់ដឹង និងឋានបរិនិព្វាន។
លោកប្រធានមន្ទីរអះអាងថា លោកមិនដែលបានឃើញគំនូសប្លង់របស់អ្នកស្នើសុំឡើយ ប៉ុន្តែក្រោយពីបានទៅពិនិត្យជាក់ស្តែងទើបបានដឹងថា មានលក្ខណៈខុសបច្ចេកទេសពាក់ព័ន្ធនឹងរូបព្រះអង្គត្រាស់ដឹង។
លោកថ្លែងថា៖ «ចំពោះការដែលគាត់ស្នើសុំសាងសង់ហ្នឹង គឺស្នើសុំធ្វើរូបត្រាស់ដឹង ប៉ុន្តែពេលលេចចេញជារូបរាងបែរជារូបព្រះសិទ្ធត្ថផ្ចាញ់មារទៅវិញ»។ លោកប្រធានមន្ទីរអះអាងថា ចំពោះការសូនរូប ឆ្លាក់ ឬស្មិត រូបព្រះពុទ្ធនេះ ក្រសួងធម្មការ និងសាសនាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ «ទម្រង់ពុម្ពគំរូព្រះពុទ្ធបដិមានៅកម្ពុជា» នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៤ ដែលមានការទទួលស្គាល់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ការសាងសង់ខុសពុម្ពរូបដែលកំណត់ដោយក្រសួងធម្មការ និងសាសនាបែបនេះ ជាហេតុនាំឱ្យមានការយល់ច្រឡំសម្រាប់អ្នកជំនាន់ក្រោយដែលមិនបានសិក្សាស្វែងយល់ និងមានការរិះគន់ពីមហាជនមកលើមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត។
លោកថ្លែងថា៖ «មាន ២ ចំណុចសំខាន់ណាស់ ទី១ គឺអ្នកជំនាន់ក្រោយដែលមិនបានរៀនចេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនា មិនដឹងពីរចនាប័ទ្មច្បាស់លាស់សម្គាល់ថា រូបបែបហ្នឹងជារូបត្រាស់ដឹងចំណុចហ្នឹងប៉ះពាល់ខ្លាំងមែនទែន។ ទី២ មហាជនរិះគន់ គេថាយី ម៉េចអាជ្ញាធរ ឬក៏អ្នកជំនាញហ្នឹងអត់ដឹងអីទេបានជាឆ្លាក់រូបបែបហ្នឹងថាជារូបត្រាស់ដឹង?»។
លោកប្រធានមន្ទីរធម្មការ និងសាសនាថ្លែងទៀតថា សម្រាប់នៅកម្ពុជាក្នុងការសូនរូប ឬឆ្លាក់ រូបពុទ្ធបដិមា គេមិនដែលយកព្រះអង្គផ្ចាញ់មារ មកធ្វើជារូបព្រះពុទ្ធត្រាស់ដឹងនោះទេ បើទោះបីជារូបព្រះអង្គផ្ចាញ់មារជារូបមុនពេលត្រាស់ដឹងក៏ដោយ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចស្វែងរកទំនាក់ទំនងសុំការបំភ្លឺពីអ្នកសាងសង់រូបព្រះពុទ្ធនោះបានទេ ប៉ុន្តែបើតាមគណនីហ្វេសប៊ុក Siv Jing ដែលអះអាងថា ជាកូនរបស់អ្នកសាងសង់បានឱ្យដឹងថា ការសាងសង់ព្រះអង្គផ្ចាញ់មារនេះគឺអ្នកផ្តើមកសាងចង់ឱ្យប្រទេសជាតិមានសន្តិភាព មិនឱ្យមានសត្រូវណាមកបៀតបៀនបាន និងសុំឱ្យកូនខ្មែរសុខសប្បាយរៀងរហូត៕
វីដេអូ៖