ភ្នំពេញៈ ចិន​ប្តេជ្ញាចិត្ត​ពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឱ្យ​​រឹងមាំ​ជាង​ «​ដែកថែប​» ​និង​បន្ត​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន ហើយ​ប្រមុខ​ការទូត​កម្ពុជា បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​មក​កម្ពុជា គឺជា​ចំណុច​ប្រវត្តិសាស្ត្រ «​សំខាន់​» មួយទៀត​ក្នុង​ការពង្រឹង​ទំនាក់ទំនង​កម្ពុជា-ចិន​។

លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១២-១៣ ខែកញ្ញា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។

លោក វ៉ាង វីប៊ិន (Wang Wenbin) អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា មួយថ្ងៃ​បន្ទាប់ពី​ជំនួប​រវាង​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​លោក វ៉ាង យី ថា ប្រទេស​ចិន​នឹង​បន្ត​ផ្តល់​វ៉ាក់សាំង​ និង​ការផ្គត់ផ្គង់​ផ្សេងៗ​ដល់​កម្ពុជា​ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ពង្រីក​ការនាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា និង​បន្ត​គាំទ្រ​ឧស្សាហូបនីយកម្ម​កម្ពុជា​ដើម្បី​ផ្លាស់ប្តូរ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេដ្ឋកិច្ចកម្ពុជា​។

លោក​សរសេរ​ថា​៖ «​ប្រទេស​ចិន​នឹង​បន្ត​ធ្វើ​ការងារ​រួមគ្នា​ជាមួយ​ប្រជាជន​កម្ពុជា​ក្នុង​នាម​ជា​បងប្អូន​ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ចិន-កម្ពុជា និង​ធ្វើឱ្យ​មិត្តភាព​ចិន-កម្ពុជា​រឹង​ជាងដែក និង​ខ្លាំង​ជាងដែក​ថែប​»​។

លោក Wenbin បាន​សរសេរថា​៖ «​យើង​មិន​ចាត់ទុក​ប្រទេស​ណាមួយ​ដោយ​ផ្អែកលើ​ទំហំ​តូច ឬ​ធំ​នោះទេ​ ប៉ុន្តែ​យើង​ប្តេជ្ញាចិត្ត​ក្នុង​ការពិគ្រោះ​យោបល់​ដោយ​ស្មើភាព និង​គោរព​គ្នា​ទៅវិញទៅមក​»​។

លោក​សរសេរថា ការដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន​ និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ជួប​ទល់មុខ​គ្នា​ ៣ ​ដង​ក្នុង​រយៈពេល​មិន​ដល់​ ១ ​ឆ្នាំ​ផង​នោះ ហើយ​ទោះបី​ជា​មាន​ជំងឺ​រាតត្បាត​​កូវីដ​ ១៩ ​ក៏ដោយ ក៏​វា​បង្ហាញ​ឱ្យ​ឃើញ​យ៉ាងច្បាស់​ពី​លក្ខណពិសេស​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន​។ រូបថត SPM

លោក Wenbin សរសេរ​បន្តទៀតថា ពហុកីឡដ្ឋាន​នេះ​មាន​ទំហំ​ធំ​បំផុត​ និង​ល្អ​បំផុត​ដែល​ចិន​បាន​ជួយ​សាងសង់​នៅ​បរទេស​ដែល​នឹង​ឈរ​ជា​​និមិត្តរូប​នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ចិន-កម្ពុជា​ហើយក៏​ជា​អគារ​ប្រវត្តិសាស្ត្រ​មួយទៀត​នៃ​មិត្តភាព​ចិន-កម្ពុជា​។

លោក​ ប្រាក់ សុខុន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា​ថា​៖ «​ភាពជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​​ឯកឧត្តម វ៉ាង យី គឺជា​ចំណុច​ប្រវត្តិសាស្ត្រ​សំខាន់​មួយទៀត​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន​!»​។

លោក​សរសេរថា កម្ពុជា​ទន្ទឹងរង់ចាំ​ប្រើប្រាស់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ដែល​ជា​អំណោយ​របស់​ប្រជាជន​ចិន​ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ធំៗ​ជាពិសេស​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​ឆ្នាំ​ ២០២៣​។

លោក​ ប្រាក់ សុខុន បាន​សរសេរ​បន្ថែមថា​៖ «​ការប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង​ចំនួន​ ៣ ​លានដូស​បន្ថែម​ដល់​កម្ពុជា​ក៏​នឹង​ជួយ​ពន្លឿន​ការស្តារ​ឡើងវិញ និង​អាច​វិល​ទៅរក​ជីវភាព​ធម្មតា​វិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​»​។

កាលពី​ថ្ងៃទី​ ១២ ខែកញ្ញា ចិន​បាន​ចុះហត្ថលេខា​ផ្តល់​សម្ភារ​មនុស្សធម៌​ក្នុង​វិស័យ​បោសសម្អាត​មីន និង​ផ្តល់​បរិក្ខារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​រវាង​ប្រទេស​ទាំង​ ២ ហើយ​ភាគី​ទាំង​ ២ ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីអំពី​ការគាំទ្រ​មន្ទីរពេទ្យ​ដៃគូ​រវាង​ប្រទេស​ទាំង​ ២ ​និង​កិច្ចព្រមព្រៀង​ស្ដីពី​ការអនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​របស់​មូលនិធិ​ពិសេស​មេគង្គ-ឡានឆាង​។

ក្រៅពីនោះ​ចិន​ក៏បាន​ចុះហត្ថលេខា​ផ្តល់​ជំនួយ​ឥតសំណង​ដល់​កម្ពុជា​នូវ​ទំហំ​ទឹកប្រាក់​ចំនួន​ប្រមាណ​ ២៧០ ​លាន​ដុល្លារ​សម្រាប់​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស និង​ថវិកា​ចំនួន​ ២,៥ ​លាន​ដុល្លារ​សម្រាប់​ការងារ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​។

ក្នុងជំនួប​សន្ទនា​ក្នុង​ពេល​អាហារ​ការងារ​ពេលព្រឹក​ជាមួយ​លោក​ វ៉ាង យី កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើ​ចិន​ឱ្យជួយ​ទិញ​កសិផល​កម្ពុជា​បន្ថែម​ទៀត​ជាពិសេស​ផ្លែ​មៀន​ប៉ៃលិន ម្រេច ទុរេន និង​ស្ករ​។

លោក​បាន​ដកស្រង់​សម្ដី​លោក​ វ៉ាង យី ក្នុង​ជំនួប​នោះ​ថា ចិន​នឹង​ជំរុញ​ការសាងសង់​ផ្លូវជាតិ​លេខ​ 71C និង​បញ្ជូន​អ្នកបច្ចេកទេស​ចិន​មក​សិក្សា​ផ្លូវជាតិ​លេខ​ ៣ ​ដែល​មាន​ការខូចខាត​ប្រវែង​ ២០ ​គីឡូម៉ែត្រ ព្រមទាំង​នឹង​ជំរុញ​បន្ថែមទៀត​លើ​គម្រោង​ខ្សែកាប​អ៊ុបទិក​ក្រោម​បាតសមុទ្រ​រវាង​ទីក្រុង​ព្រះសីហនុ និង​ទីក្រុង​ហុងកុង ដើម្បី​ពន្លឿន​ប្រព័ន្ធ​​អ៊ីនធឺណិត​នៅ​កម្ពុជា​។

យោងតាម​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១២ បានឱ្យដឹងថា រដ្ឋាភិបាល​ចិន​បានសម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង​ប្រមាណ​ ៣ ​លាន​ដូស​ថែមទៀត​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ទុក​សម្រាប់​ចាក់​ដូស​ទី​៣ ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​។ ​

វ៉ាក់សាំង​សម្រាប់​ចាក់​ដូស​ទី​៣ ​នេះ​បាន​មកដល់​ចំនួន​ ២ ​លាន​ដូស​ហើយ​ហើយ​នឹង​មកដល់​​ ៣ ​លាន​ដូស​ទៀត​ដែល​មាន​ចំនួន​សរុប​ ៥ ​លាន​ដូស​ហើយ​បូក​ថែម​នឹង​ជំនួយ​របស់​ចិន​ថ្មី​នេះ​ចំនួន​ ៣ ​លាន​ដូស​បន្ថែមទៀត​។ ​ជាមួយ​នឹង​ការផ្តល់​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ ចិន​បាន​ក្លាយ​ជា​ប្រទេស​បង្អែក​ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​កម្ពុជា​។ មកដល់​ពេល​នេះ​ប្រទេស​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ការពារ​មេរោគ​កូវីដ​ ១៩ ​ពី​ចិន​ និង​ប្រជាជន ចិន​ចំនួន​ ២៦,៨ ​លាន​ដូស​ហើយ​។

ហ្វេសប៊ុក​លោក​បាន​ដកស្រង់​សម្ដី​លោក វ៉ាង យី ក្នុង​អំឡុង​ជំនួប​នោះ​​ថា​៖ «​ការលំបាក​របស់​ប្រជាជន​កម្ពុជា ​គឺជា​ការលំបាក​របស់​ប្រជាជន​ចិន​។ យើង​នឹង​ពួតដៃគ្នា​ជាមួយ​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​»​។ លោក វ៉ាង យី ត្រូវបាន​ដកស្រង់​សម្ដី​ថា ចិន​នឹង​គាំទ្រ​វិស័យ​កសិកម្ម​នៅ​កម្ពុជា នឹង​នាំចូល​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ចិន​ឱ្យបាន​ច្រើន​ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​កាន់តែ​ច្រើន​សម្រាប់​កសិករ​កម្ពុជា​៕