The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ ៣០ ​នាក់​ ត្រូវបាន​ឃាត់ខ្លួន​ពេល​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ជម្លោះដីធ្លី




ពលរដ្ឋ​ ៣០ ​នាក់​ ត្រូវបាន​ឃាត់ខ្លួន​ពេល​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ជម្លោះដីធ្លី

Content image - Phnom Penh Post
ពលរដ្ឋ​ និង​ប៉ូលិស​ប្រឈមមុខគ្នា​ពីថ្ងៃ​ទី​ ១២ ​កញ្ញា រឿង​ដីធ្លី​នៅ​ស្រុក​កណ្តាលស្ទឹង​។ ​រូប FB

ពលរដ្ឋ​ ៣០ ​នាក់​ ត្រូវបាន​ឃាត់ខ្លួន​ពេល​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ជម្លោះដីធ្លី

កណ្តាលៈ សមត្ថកិច្ច​កំពុង​សាកសួរ​ពលរដ្ឋ​ ៣០ ​នាក់​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល បន្ទាប់ពី​ឃាត់ខ្លួន​ពេល​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ក្នុង​រឿង​វិវាទ​ដីធ្លី​កាលពី​ថ្ងៃទី​ ១២ កញ្ញា នៅ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ក្នុង​ភូមិ​កំពង់តាឡុង ឃុំ​បឹងខ្យាង ស្រុក​កណ្តាលស្ទឹង បណ្តាល​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​រងរបួស​ជាង​ ១០ ​នាក់​។ សង្គម​ស៊ីវិល​ស្នើឱ្យ​អាជ្ញាធរ​ដោះស្រាយ​តម្លាភាព យុត្តិធម៌​ និង​សន្តិវិធី​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកណ្តាល​នៅ​ថ្ងៃទី​ ១២ កញ្ញា អះអាងថា កាលពី​វេលា​ម៉ោង​ ១០-១២ ​ព្រឹក ថ្ងៃទី ៣០ កញ្ញា មាន​ក្រុមមនុស្ស​ប្រមាណ​ ១០០ ​នាក់ ​បាន​មក​ប្រមូល​ផ្តុំគ្នា​ប្រើ​អំពើហិង្សា​ និង​ជេរប្រមាថ ដោយបាន​ដុត​កៅស៊ូកង់ និង​សម្ភារ​ផ្សេងៗ​។

ប្រើ​ដំបង គប់​ដុំថ្ម បាញ់​ចម្ពាមកៅស៊ូ គប់​ដប​សាំង មកលើ​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​កំពុង​ឈរជើង​បំពេញ​ការងារ​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុង​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ភូមិ​កំពង់តាឡុង ឃុំ​បឹងខ្យាង ស្រុក​កណ្តាលស្ទឹង បណ្តាលឱ្យ​កងកម្លាំង​សមត្ថកិច្ច​រងរបួស​ចំនួន​ ១៣ ​នាក់​។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា ស្ថិតក្នុង​ស្ថានភាព​ប្រើ​អំពើហិង្សា កងកម្លាំង​បាន​បង្ខំចិត្ត​បំបែក​ក្រុម​បាតុករ​ដោយ​ប្រើ​រថយន្ត​បាញ់​ទឹកឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​ការពារ​ខ្លួន និង​បំបែក​ក្រុមបាតុករ ព្រមទាំង​បាន​ឃាត់ខ្លួន​សមាជិក​ក្រុមបាតុករ​ ៣០ ​នាក់ ស្រី​ ២០ ​នាក់ ដើម្បីនាំយកមក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។

លោក​ គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្ដាលប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ១៣ កញ្ញាថា រដ្ឋបាលខេត្ដ​បានដាក់​កម្លាំង​ប្រមាណ​ ៤០០ ​នាក់ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យមាន​បញ្ហា​កើតឡើង​នៅ​ចំណុច​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​។ ប៉ុន្ដែ​ប្រជាពលរដ្ឋ​មាន​កំហឹង​ទើប​ប្រើប្រាស់​ហិង្សា​មកលើ​សមត្ថកិច្ច​បណ្ដាលឱ្យ​កងកម្លាំង​សមត្ថកិច្ច​រងរបួស​ចំនួន​ ១៣ ​នាក់ ក្នុងនោះ​មួយចំនួន​របួសធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។

លោក​ថា​៖ «​យើង​មាន​ឡាន​បាញ់​ទឹក បាញ់​សម្ញែង បន្ទាប់មក​បងប្អូន​ប្រជាពលរដ្ឋ​ក៏​បំបែកហ្វូង​ទៅផ្ទះ​រៀងៗ​ខ្លួន​។ នរណា​ដែល​ក្លៀវក្លា​ជាងគេ ក៏ត្រូវ​បាន​គេ​ឃាត់ខ្លួន​។ ចំពោះ​ពលរដ្ឋ​ដែល​បាន​ឃាត់ខ្លួន យើង​កំពុង​ឱ្យ​ខាង​សមត្ថកិច្ច​សាកសួរ​ទៅតាម​នីតិវិធី ហើយ​តុលាការ​គេ​អាច​សួរនាំ​រក​អ្នកដៃដល់​ដែរ​»​។

លោក​ គង់ សោភ័ណ្ឌ បញ្ជាក់ថា រដ្ឋបាល​ខេត្ដ​កណ្ដាលប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដោយ​យោងទៅ​តាម​គោលការណ៍​ច្បាប់​។ ទី១ ដោះដូរ​ដី​របស់​ប្រជាពលរដ្ឋ​ជាមួយ​នឹង​ដី​រដ្ឋ និង​ទី​២ រដ្ឋ​នឹង​ទិញ​ដី​ទៅតាម​តម្លៃ ដែល​រដ្ឋ​បានកំណត់​ជាគោលការណ៍​រួចហើយ គឺ​តម្លៃ​ ៨ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​។

លោកស្រី​ ឃឹម សូម៉ាលី តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហាដីធ្លី​ជាង​ ៣០០ ​គ្រួសារ នៅ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​ឱ្យដឹងថា ក្នុងពេល​កើតហេតុ ករណី​ហិង្សា​ជាមួយ​សមត្ថកិច្ច គឺ​ពលរដ្ឋ​ប្រមាណ​ជិត​ ២០០ ​នាក់​ កំពុង​នាំគ្នា​ចូលទៅ​ហាម​កុំឱ្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចូលទៅ​ឈូសឆាយ​ដី​របស់​ពួកគាត់ ដែល​មិនទាន់​បាន​ដោះស្រាយ​។ ប៉ុន្ដែ​ត្រូវបាន​សមត្ថកិច្ច​ប្រមាណ​ ៤០០ ​នាក់​ យក​រនាំង​ដែក​មករា​រាំង​មិនឱ្យ​ពលរដ្ឋ​ចូលទៅ​ទើប​បង្ក​ជា​ហិង្សា​។

លោកស្រី​ប្រាប់ថា​៖ «​ករណី​ហិង្សា​នេះ​មុនដំបូង​កើតឡើង​មកពី​សមត្ថកិច្ច​យក​រនាំង​ដែក​មក​ដាក់​រារាំង​ពលរដ្ឋ មិន​ឱ្យ​ពួកខ្ញុំ​ចូលទៅ​ហាម​គ្រឿងចក្រ មិន​ឱ្យ​ឈូសឆាយដី​ពួកខ្ញុំ​។ ដូច្នេះ​ប្រជាជន​ក៏មាន​កំហឹង​ក៏មាន​ការប៉ះទង្គិច​គ្នា​កើតឡើង​»​។

បើតាម​លោកស្រី​ សូម៉ាលី ក្នុងចំណោម​ប្រជាពលរដ្ឋ​ជិត​ ៤០០ ​គ្រួសារ ដែលមាន​បញ្ហាដីធ្លី​នៅ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១៦ ​គ្រួសារ​បានទទួល​យក​ការដោះស្រាយ​ជាមួយ​រដ្ឋបាល​ខេត្ដ​ក្នុង​តម្លៃ​ដី​ ១ ​ម៉ែត្រការ៉េ ៨ ​ដុល្លារ​។

លោកស្រី​ឱ្យដឹងថា តម្លៃ​ទីផ្សារដី​នៅ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បច្ចុប្បន្ន​ជា​មធ្យម​ ១ ​ម៉ែត្រការ៉េ​តម្លៃ​ជាង​ ១០០ ​ដុល្លារ​។ ដូច្នេះ​ពួកគាត់​មិនអាច​ទទួល​យក​ការដោះស្រាយ​គោលនយោបាយ​តម្លៃ ៨ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​បានទេ​។ លោកស្រី​អះអាង​ថា ពលរដ្ឋ​ទាមទារ​ឱ្យ​ដោះស្រាយ​ក្នុងតម្លៃ​ ១ ​ម៉ែត្រការ៉េ ៨០ ​ដុល្លារ ឬ​អាច​ចរចា​នៅក្នុង​តម្លៃ​នេះ​។

លោក​ ធួន វណ្ណៈ អាយុ​ ៤៥ ​ឆ្នាំ ពលរដ្ឋ​ម្ចាស់​ដី​មិនទាន់​បាន​ដោះស្រាយ​ក្នុង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​នេះ​ឱ្យដឹងថា ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​វាយ​ និង​មាន​ម្នាក់​បាន​រងរបួស​ធ្ងន់​បាក់ជើង​។

លោក​ថា​៖ «​ពួកយើង​មិនបាន​ចេញ​ទៅ​តវ៉ា​ទេ​ ប៉ុន្ដែ​សមត្ថកិច្ច​បានចូល​មកដល់​ក្នុងផ្ទះ​យក​កុំព្យូទ័រ ម៉ាស៊ីនថតចម្លង​ខ្នាតតូច ម៉ូតូ និង​គោយន្ត​របស់​យើង​។ សមត្ថកិច្ច​ខ្លះមក​ធាក់​បំបែក​ទ្វារ​កញ្ចក់ និង​វាយបំបាក់​ចម្រឹង​ផ្ទះ​រុះរើ​ពេញ​ផ្ទះ​ដើម្បី​ស្វែងរក​ប្រជាពលរដ្ឋ​»​។

លោក​ អំ សំអាត នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ថ្លែងថា អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​មាន​ការបារម្ភ​កាន់តែខ្លាំង​លើ​វិវាទ​ដីធ្លី​នេះដែល​អាច​នឹង​បន្ត​កើតឡើង​នូវ​អំពើហិង្សា​ និង​ការចាប់ខ្លួន​ជា​បន្តទៀត​នៅពេល​ខាងមុខ​។

លោក​ថ្លែងថា​៖ «​ករណី​នៃ​ការប៉ះទង្គិច​នេះ​គឺ​យើង​មាន​ការបារម្ភ​កាន់តែខ្លាំង​លើ​ករណី​ដីធ្លី​ដែល​បាន​កើតឡើង​លើ​គម្រោង​អភិវឌ្ឍន៍ ព្រលានយន្តហោះ​ថ្មី​។ ករណី​នៃ​ការប៉ះទង្គិច​គ្នា​បានកើតឡើង​ជា​បន្តបន្ទាប់​ ហើយ​ទ្រង់ទ្រាយ​នៃ​ការប៉ះទង្គិច​កាន់តែ​ធំ​ និង​ធ្ងន់ធ្ងរ​ឡើង​រហូត​មាន​អំពើហិង្សា​ និង​ឃាត់ ឬ​ការចាប់ខ្លួន​មនុស្ស​ប្រហែល ៣០ ​នាក់​»​។

លោក​បន្តថា​៖ «​យើង​ជា​អង្គការ​សិទ្ធិមនុស្ស​កំពុង​បន្ត​តាមដាន និង​ឃ្លាំមើល​លើ​ករណីនេះ​យ៉ាងយក​ចិត្តទុកដាក់​បំផុត​ហើយ​ទទូច​ឱ្យ​មាន​ការដោះស្រាយ​ប្រកប​ដោយ​តម្លាភាព​យុត្តិធម៌​ និង​សន្តិវិធី ដើម្បី​កុំឱ្យ​មាន​អំពើហិង្សា​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​គ្រប់ភាគី និង​មាន​ការឃាត់ ឬ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​តទៅទៀត​»​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ឱ្យដឹងថា អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹងសុំ​ជួយ​ស្វែងរក​ដំណោះស្រាយ​ពី​ប្រជាពលរដ្ឋ​លើ​បញ្ហាដីធ្លី​នេះ​។

លោក​ថ្លែងថា​៖ «​បើ​យើង​ពិនិត្យមើល​តាមផ្លូវ​ច្បាប់ គឺ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ដូច្នេះ​ទោះបី​ជា​ការដកហូត​យក​ដី​នោះ​ទៅ​ប្រើប្រាស់​ជា​សម្បត្ដិ សាធារណៈ​របស់​រដ្ឋ​ក៏​ត្រូវតែ​ទូទាត់ សំណង​ជូន​ប្រជាពលរដ្ឋ​តាម​តម្លៃ ទីផ្សារ​មិនអាច​ធ្វើការ​បង្ខិតបង្ខំ​ទេ​។

លោក​ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​។

រដ្ឋបាល​ខេត្តកណ្តាល​បញ្ជាក់​ថា​៖ «​រដ្ឋបាល​ខេត្ដ​កណ្ដាល​ពិតជា​មាន ការសោកស្តាយ​ចំពោះ​ទង្វើ​ជ្រុលនិយម​របស់​ក្រុមមនុស្ស​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​ដែល​អំពើ​នេះ​អាច​នាំឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សន្តិសុខ និង​ការបំផ្លាញ​ផលប្រយោជន៍​ដ៏ធំ​របស់​ប្រទេសជាតិ​»​។ រដ្ឋបាលខេត្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មក​ដោះស្រាយ​តាម​សន្តិវិធី​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍