ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​តាមរយៈ​មន្ទីរសាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​បាន​ចាប់ផ្តើម​ស្តារ​ប្រឡាយ អូរ ដែល​គោក​រាក់​ឡើងវិញ ស្ថិត​នៅ​បឹងព្រែកទប់ អូរ​ស្តេចមឹក និង​តំបន់​បរិវេណ​ជុំវិញ​អាង​ចម្រោះ​ទឹកកខ្វក់​ ១៦ ​ហិកតា ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការរំដោះ​លំហូរ​ទឹកភ្លៀង​ឱ្យបាន​លឿន​។

លោក​ ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ កញ្ញា ថា រដ្ឋបាលខេត្ត​តាមរយៈ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តែងតែ​ធ្វើជា​ប្រចាំ​ចំពោះ​ការស្តារ​អូរ​ប្រឡាយ​ដែល​គោករាក់ និង​កាយ​យក​នូវ​សំរាម និង​កាកសំណល់​ផ្សេងៗ​ចេញ​ពី​ប្រឡាយ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​មាន​លំហូរ​ទឹកភ្លៀង​បាន​លឿន​។

នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ម្តងៗ​រមែង​នាំមក​នូវ​កាកសំណល់ និង​សំរាម​ដែល​ធ្វើឱ្យ​គោក​រាក់ ដូច្នេះ​ត្រូវតែ​ស្តារ​វា​ចេញ បើ​មិន​ដូច្នោះ​ទេ វា​នឹង​បង្កឱ្យ​មាន​ការស្ទះ​ទឹក ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ លិច​ភូមិឋាន​។ មួយទៀត រដ្ឋបាល​ខេត្ត​ក៏បាន​សិក្សា​ស្តារ​បើកមុខ​ប្រឡាយ​ថ្មី​នៅក្បែរ​អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក ដើម្បី​ជួយ​ឱ្យ​ទឹក​ហូរ​បាន​កាន់តែ​លឿន​។

លោក​ថ្លែងថា​៖ «​យើង​មាន​ការកែលម្អ​នូវ​ការស្តារ​អូរ​ប្រឡាយ​បន្ថែមទៀត ហើយ​អ្វីដែល​ខាង​មន្ទីរ​សាធារណៈការ​ និង​ដឹកជញ្ជូន​ធ្វើ​រាល់ថ្ងៃនេះ គឺ​ស្ថិតនៅក្នុង​គម្រោង​ដែល​ត្រូវបានធ្វើ និង​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​»​។

ទោះជា​យ៉ាងណា លោក​ ឃាង ភារម្យ បញ្ជាក់ថា បើ​ទោះ​មាន​ការស្តារ​អូរប្រឡាយ​ដែល​មន្ត្រី​ជំនាញ​កំពុង​អនុវត្ត​នេះ​ក៏ដោយ ក៏​ជំនន់​ទឹកភ្លៀង​នៅតែមាន​ដដែល មិន​ថា​ទីក្រុង​នៅ​កម្ពុជា និង​ទីក្រុង​នៅលើ​ពិភពលោក​នេះ​។ ព្រោះ​គ្មាន​ទីក្រុង​ណាមួយ​ដែល​គ្មាន​ជំនន់​ទឹកភ្លៀង​នោះទេ ប៉ុន្តែ​វា​គ្រាន់តែ​ជួយ​នាំ​ទឹកបាន​លឿន និង​មិនឱ្យ​ជន់​លិចលង់​បានយូរ​តែប៉ុណ្ណោះ​។

លោក​ សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​ដឹងថា សម្រាប់​ភ្លៀង​ធ្លាក់​ក្នុង​សប្តាហ៍​នេះ​មិនមាន​ការជន់លិច​នោះទេ​។ ប៉ុន្តែ​កាលពី​ខែ​មុន វា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ និង​បាន​បង្ក​ឱ្យ​មាន​ការលិចលង់ បណ្តាលឱ្យ​បាត់បង់​ជីវិត​មនុស្ស និង ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​មួយចំនួនធំ​ផងដែរ​។

លោក​ថា ពាក់ព័ន្ធ​នឹង​ការស្តារ​ប្រឡាយ​អូរ​ឡើងវិញ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះថា ក្រុង​ព្រះសីហនុ​មិន​ដូច​ពីមុន​នោះទេ ដោយ​បច្ចុប្បន្ន ក្រុង​មួយ​នេះ កំពុងតែ​មាន​ការអភិវឌ្ឍ​ទាំង​វិស័យហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​ពី​សំណាក់​វិនិយោគិន​បរទេស​។

លោក​បន្តថា ការរីកចម្រើន​នេះ​បាន​ធ្វើឱ្យ​វត្ថុ​រឹង​ និង​រាវ ត្រូវ​បាន​គេ​បង្ហូរ​ទៅតាម​ប្រព័ន្ធ​លូ និង​ប្រឡាយ​នេះ ហើយ​បានធ្វើឱ្យ​មានការ​គោក​រាក់ ដែល​តម្រូវឱ្យ​មាន​ការស្តារ​ឡើងវិញ និង​ពង្រីក​ឱ្យ​ធំ​ទូលាយ ដើម្បី​នាំ​ទឹក​ចេញ​ឱ្យបាន​លឿន ចៀសវាង​ការជន់លិច​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​។

លោក​ថ្លែងថា​៖ «​ពេលដែល​ជន់​លិច​ម្តងៗ​បាន​ធ្វើឱ្យ​ទឹកភ្លៀង​ហូរ​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ ដែល​គាត់​យក​មិនទាន់ ហើយ​ក៏​ដូចជា​សំណង់ផ្ទះ​ក៏​វា​ទ្រុឌទ្រោម​ដែរ នៅពេល​ដែល​ទឹក​ហូរ​ចូល​»​។

លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ១០ ខែកញ្ញា ចុះ​ពិនិត្យ​ទីតាំង​ការងារ​ស្ដារ​អូរប្រឡាយ ដែល​គោករាក់​ឡើងវិញ នៅ​ទីតាំង​ខាងលើ បន្ទាប់ពី​ពេលថ្មីៗ​នេះ​ក្រុងព្រះសីហនុ​បាន​ទទួល​រង​នូវ​ជំនន់​ទឹកភ្លៀង​យ៉ាងខ្លាំង​។

ខេត្ត​ព្រះសីហនុ​កាលពី​អំឡុង​ខែសីហា បានទទួល​រង​នូវ​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ក្នុង​កម្រិត​ ១២០ ​មិល្លីម៉ែត្រ ដល់ ២៧៩ ​មិលី្លម៉ែត្រ បណ្តាលឱ្យ​ជន់លិច​តំបន់​ទំនាប និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយចំនួន និង​បង្ក​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​៕