ភ្នំពេញៈ យ៉ាងហោចណាស់មានយានយន្តចំនួន ៨ ២៨៧ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦ ៤៦៦ គ្រឿងផង ត្រូវបានសមត្ថកិច្ចចាប់ផាកពិន័យនៅក្នុងការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសរយៈពេល ១២ ថ្ងៃ។
នេះបើតាមទិន្នន័យដែលបានពីមន្ត្រីនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈនៅថ្ងៃទី ១៣ កញ្ញា។
លោក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គនាយកដ្ឋាននគរបាលជាតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីថ្ងៃទី ១៣ កញ្ញាថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃ ១២ ខែកញ្ញា ឆ្នាំនេះ នគរបាលចរាចរណ៍បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមគោលដៅត្រួតពិនិត្យនៅទូទាំងប្រទេស។ ក្នុងរយៈពេលនេះសមត្ថកិច្ចបានរកឃើញយានយន្តល្មើសច្បាបចំនួន ៨ ២៨៧ គ្រឿងក្នុងនោះមាន ម៉ូតូចំនួន ៦ ៤៦៦ គ្រឿង ហើយបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក។
លោកថា៖ តាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ម្ចាស់យានយន្តល្មើសត្រូវរងពិន័យជាប្រាក់ចន្លោះពី ៦ ម៉ឺនរៀល ដល់ ១ លានរៀល សម្រាប់ម៉ូតូ ម៉ូតូរ៉ឺម៉ក និង Tuk Tuk។ សម្រាប់រថយន្តធុនស្រាលនឹងរងពិន័យចន្លោះពី ៧៥ ០០០ រៀល ដល់ ២ លានរៀល ខណៈរថយន្តធុនធ្ងន់ពិន័យប្រាក់ពី ១៥ ម៉ឺនរៀល ដល់ ៤ លានរៀល»។
បើតាមលោក ចាន់ធារី ការអនុវត្តការផាកពិន័យនេះដំណើរការល្អ ដោយអ្នកប្រើប្រាស់ផ្លូវភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍។
ទោះយ៉ាងណា លោកបានឱ្យដឹងថា ក្នុងរយៈពេល ១២ ថ្ងៃនៃខែកញ្ញាឆ្នាំនេះ ក៏មានជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ១៣៦ នាក់ផងដែរ ក្នុងនោះ ៤២ នាក់បានស្លាប់ និង ៩៤ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ហើយខូចខាតយានយន្តសរុបជាង ១៥០ គ្រឿង។ គ្រោះថ្នាក់ភាគច្រើនបណ្ដាលមកពីការបើកបរមិនគោរពសិទ្ធិជាអាទិភាពលើសល្បឿនកំណត់ វ៉ាជែកក្នុងស្ថានភាពផ្លូវមានគ្រោះថ្នាក់ មិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។
យោងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ១៣ កញ្ញា ក្នុងរយៈពេល ២៥៥ ថ្ងៃគិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១ ៧៥២ លើកបណ្តាលឱ្យមនុស្សបាត់បង់ជីវិតចំនួន ៩៨៣ នាក់ និងរបួសចំនួន ២៣ ៤១០ នាក់ក្នុងនោះធ្ងន់ចំនួន ១ ៤៤៥ នាក់។
បើតាមរបាយការណ៍ដដែលសម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំនេះគឺបានកើត ៨ លើក បណ្ដាលឱ្យមនុស្ស ៤ នាក់ស្លាប់ និង ៨ នាក់ទៀតរបួសធ្ងន់ និងស្រាល៕
វីដេអូ៖