ភ្នំពេញៈ ក្រសួងបរិស្ថានបានរៀបចំដាក់ធុងសម្រាប់ដាក់កាកសំណល់ថ្មពិល នៅតាមផ្សារទំនើបចំនួន ៨ កន្លែងក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការគ្រោះថ្នាក់ បើការបោះចោលផ្តេសផ្តាស ដោយសារវាត្រូវបានចាត់ទុកជាសំណល់ដែលមានគ្រោះថ្នាក់។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ធុងប្រមូលថ្មពិលនេះមាននៅតាមផ្សារ ដូចជាផ្សារទំនើបសូរិយា ផ្លាហ្សា ឡាក់គី Exchange Square Eden Garden អូឡាំព្យ៉ា ស្ទឹងមានជ័យថ្មី ធីខេ និងនៅតាមផ្សារម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈតូតាល់ និងតេលាផងដែរ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ យកសំណល់ថ្មពិលមកទុកក្នុងធុងប្រមូលថ្មពិល។
ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ «នៅពេលខាងមុខ ក្រសួងបរិស្ថាននឹងបន្តពង្រីកវិសាលភាពនៃការដាក់ធុងថ្មពិលនេះតាមទីតាំងសំខាន់ៗបន្ថែមទៀតនៅតាមបណ្តាខេត្តទូទាំងប្រទេស។
ក្រសួងបរិស្ថាន ក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះ ដើម្បីបរិស្ថាន គ្មានសំណល់ថ្មពិល។
សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ដោយសារសំណល់នេះមានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហៈធ្ងន់ មានជាអាទិ៍ បារ៉ត សំណ កាត់មីញ៉ូម ស័ង្កសី និងនីកែល។ សារធាតុគ្រោះថ្នាក់ដែលមានផ្ទុកនៅក្នុងសំណល់អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន នៅពេលសាយភាយចូលទៅក្នុងបរិស្ថានតាមរយៈការទុកដាក់សំណល់នេះមិនបានត្រឹមត្រូវ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានក៏ធ្លាប់បានដាក់ធុងសម្រាប់ប្រមូលថ្មពិលនេះនៅតាមបុរី ស្ថានីយប្រេងឥន្ធនៈ និងផ្សារទំនើបនានា នាពេលកន្លងមកដែរ ដូចជាបុរីប៉េងហួតបឹងស្នោ ស្ថានីយប្រេងឥន្ធនៈភីធីធី (នៅតំបន់និរោធ បូកគោ វត្តនាគវន្ត និងផ្សារតូច) ផ្សារទំនើបអ៊ីអន ១ នរោត្តម ជីបម៉ុងម៉ល និងផ្សារទំនើបជីបម៉ុងបាក់ទូកជាដើម។
លោក សុផល ឡាស្កា ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់គ្រោះថ្នាក់នៃក្រសួងបរិស្ថានបានលើកឡើងតាមរយៈវីដេអូផ្សព្វផ្សាយមួយរបស់ក្រសួង ទាក់ទងនឹងផលប៉ះពាល់ពីសំណល់ថ្មពិល ថា ពពួកលោហៈធ្ងន់នៃថ្មពិលគឺអាចបង្កនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថាន នៅពេលសារធាតុទាំងនេះសាយភាយទៅក្នុងបរិស្ថាននៅពេលដែលវាត្រូវទុកដាក់មិនបានត្រឹមត្រូវ។
លោក ឡាស្កា បានថ្លែងថា៖ «សារធាតុគ្រោះថ្នាក់នៅក្នុងសំណល់ថ្មពិលក៏បង្កឱ្យមានផលប៉ះពាល់ទៅដល់សុខភាពមនុស្សរួមមាន ការខូចតម្រងនោម ពុកឆ្អឹង ខូចប្រព័ន្ធប្រសាទ បាត់បង់ការចងចាំ បង្កផលប៉ះពាល់ដល់ការបង្កកំណើត ការលូតលាស់របស់ទារក និងកុមារ ព្រមទាំងមានជំងឺរ៉ាំរ៉ៃជាច្រើនទៀត»។
លោក សុផល ឡាស្កា បានបន្ថែមថា ការយកសំណល់ថ្មពិលដាក់ក្នុងធុងសម្រាប់ប្រមូលថ្មពិលដែលក្រសួងបានដាក់នៅតាមទីតាំងធំៗជាច្រើន គឺជាការចូលរួមក្នុងការថែរក្សា និងកាត់បន្ថយផលប៉ះពាល់ពីសំណល់ថ្មពិលនេះក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រសួងបរិស្ថានបានចេញនូវប្រកាសស្តីពីការគ្រប់គ្រងសំណល់អាគុយ និងថ្មពិល កាលពីឆ្នាំ ២០១៦ ដើម្បីគ្រប់គ្រងសំណល់ទាំងនេះ ប្រកបដោយសុវត្ថិភាពបរិស្ថាន។ ប្រកាសនេះក៏បានធ្វើការណែនាំជាក់លាក់ទៅលើការប្រមូល ស្តុកទុក ដឹកជញ្ជូន និងបោះចោលថ្មអាគុយ ថ្មពិល តាមផ្ទះ ក៏ដូចជាស្ថាប័នជំនួញនានាផងដែរ ហើយជនទាំងឡាយណាដែលល្មើសនឹងប្រកាសនេះនឹងត្រូវផ្តន្ទាទោសនៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិផងដែរ៕