ភ្នំពេញៈ សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ និងពិន័យចំនួន ២៣២ នាក់ ឃាត់យានយន្ត ៤៨ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល កាលពីម្សិលមិញ។ នេះបើតាមប្រកាសរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) នៅព្រឹកនេះ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះបានឱ្យដឹងថា សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន ២៣២ នាក់ ឃាត់យានយន្ត ៤៨ គ្រឿង ក្នុងនោះរថយន្ត ៤ គ្រឿង ម៉ូតូ ៤៤ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលនៅថ្ងៃទី ១៤ ខែកញ្ញានេះ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៧៣ ករណី និងផ្សព្វផ្សាយច្បាប់ទៅលើទីតាំងសរុបចំនួន ៨៥៣ និងពិន័យជាប្រាក់បានចំនួន ១ ៨០០ ០០០ រៀល៕