ភ្នំពេញៈ ចំនួន​ឃុំ-សង្កាត់​ និង​សមាជិក​ក្រុមប្រឹក្សា​នៅ​ថ្នាក់មូលដ្ឋាន សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ខាងមុខនេះ មាន​ការកើនឡើង​ចំនួន​ពី ១ ៦៤៦-១ ៦៥២​ឃុំ​-​សង្កាត់ បើ​ធៀប​ជាមួយនឹង​ការបោះឆ្នោត​ឃុំ-សង្កាត់ ក្នុង​អាណត្តិ​ទី​ ៤ ឆ្នាំ​ ២០១៧ កន្លងទៅនេះ​។

លោក​ សោម សូរីដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា​ថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ មាន​ឃុំ-សង្កាត់​ចំនួន​ ១ ៦៥២ កើនឡើង​ចំនួន​ ៦ ​ឃុំ-សង្កាត់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​មាន​ចំនួន​ ១១ ៦២២​រូប មាន​ការកើនឡើង​ចំនួន​ ៥០ ​រូប​។

លោក​បញ្ជាក់ថា មូលហេតុ​ដែលមាន​ការកើនឡើង​ចំនួន​ឃុំ-សង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ ដោយសារ​ការបង្កើត​ឃុំ-សង្កាត់​ថ្មី​របស់​រាជរដ្ឋាភិបាល​រួមជាមួយ​នឹង​កត្តា​ភូមិសាស្ត្រ កត្តា​សេដ្ឋកិច្ច និង​ប្រជាសាស្ត្រ របស់​ប្រទេស​កម្ពុជា​។

លោក​ សោម សូរីដា ថ្លែងថា​៖ «​ការកើនឡើង​ឃុំ-សង្កាត់​នេះ វា​នឹង​នាំឱ្យមាន​ការប្រែប្រួល​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែរ ប៉ុន្តែ​ក្នុងនោះ ឃុំ-សង្កាត់​មួយចំនួន ដែលជា​ឃុំ-សង្កាត់​ចាស់​ក៏​មាន​ការកើនឡើង​ចំនួន​ក្រុមប្រឹក្សា​ដែរ ដោយសារ​កត្តា​ប្រជាសាស្ត្រ សេដ្ឋកិច្ច និង​ភូមិសាស្ត្រ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​ទាំងនេះ​»​។

ទោះជា​យ៉ាងណា លោក​ សូរីដា បាន​បញ្ជាក់ថា បើទោះបី​មាន​កំណើន​ឃុំ-សង្កាត់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិ​ថ្មី​នេះ​ក៏ដោយ ក៏​មិន​ធ្វើឱ្យ​ គ.ជ.ប. មាន​ការលំបាក​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ដែរ ព្រោះ​ គ.ជ.ប. មាន​បទពិសោធ​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​រៀប​ចំ​រហូត​ចូលដល់​អាណត្តិ​ទី​ ៥ នៅពេលនេះ​។ ដូច្នេះ គ្មានអ្វី​ជា​បញ្ហា សម្រាប់ គ.ជ.ប. ក្នុង​ការរៀបចំ​នោះទេ​។

លោក​ កន សាវាង្ស អ្នកសម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ (Comfrel) ​លើកឡើងថា បើទោះបី​មាន​ការកើនឡើង​នៃ​ចំនួន​ឃុំ-សង្កាត់ និង​ក្រុមប្រឹក្សាឃុំ-សង្កាត់​នេះ​ក៏ដោយ ក៏​វា​មិនមាន​អ្វី​លំបាក​ក្នុង​ការរៀបចំ​ការបោះឆ្នោត​របស់ គ.ជ.ប. នោះទេ​។ ប៉ុន្តែ​វា​គ្រាន់តែ​បង្កើន​ការគ្រប់គ្រង និង​ការចំណាយ​ប្រាក់បៀវត្សរ៍​របស់​រដ្ឋាភិបាល​ទៅលើ​ក្រុមប្រឹក្សា និង​ការរៀបចំ​ទីតាំង​រដ្ឋបាល​នៅពេល​បោះឆ្នោត​រួចរាល់​។

មន្ត្រី​ឃ្លាំមើល​ការបោះឆ្នោត​រូបនេះ​បាន​ថ្លែងថា ចំពោះ​ការរៀបចំ​ការបោះឆ្នោត គឺ​រៀបចំ​សមាសភាព​ក្រុមប្រឹក្សាឃុំ-សង្កាត់ និង​បង្កើត​ការិយាល័យ​បន្ថែម​ ១ ​ទៀត ជាពិសេស​ការចុះឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ​ការិយាល័យ​បោះឆ្នោត គឺ​នៅតែ​ដដែល​នោះទេ វា​គ្រាន់តែ​ជា​ការចែករំលែក​ពី​ឃុំ-សង្កាត់​ផ្សេងៗ​មក​ដាក់​បញ្ចូល​តែប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបង្កើន​ឃុំ​សង្កាត់​ និង​ក្រុមប្រឹក្សាឃុំ-សង្កាត់​នេះ វា​គ្មានអ្វី​ថ្មី​នោះទេ​។ ប៉ុន្តែ វា​គ្រាន់តែ​បង្កើត​រដ្ឋបាល​ឃុំ-សង្កាត់​បង្កើត​ថ្មី មនុស្ស​ត្រូវ​បន្ថែម ដើម្បី​ធ្វើ​កិច្ចការ​ក្នុង​ហ្នឹង ហើយ​តួនាទី សេវា​ផ្សេង ក៏​បង្កើន​ក្នុង​ហ្នឹង​ដែរ​។ នេះ​ជា​ចំណុច​ផ្សេង​ដែល​យើង​មើលឃើញ​»​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា ឆ្នាំ​ ២០២១ បានចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី​ការកំណត់​ចំនួន​ឃុំ-សង្កាត់ និង​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២​។ ក្នុងនោះ ឃុំ-សង្កាត់​មាន​ចំនួន​សរុប ​១ ៦៥២ និង​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​មាន​ចំនួន ​១១ ៦២២ ​រូប​។

សេចក្ដី​ជូនដំណឹង​របស់ គ.ជ.ប. ក៏បាន​បញ្ជាក់​ផងដែរ ថា​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុង​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ ខាងមុខនេះ​៕