The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទូត​អាមេរិក​ថា កម្ពុជា​ត្រៀម​ទប់ស្កាត់​ការឆ្លង​វីរុស​កូវីដ​ ១៩ ​បាន​ល្អ​គួរកត់សម្គាល់




ទូត​អាមេរិក​ថា កម្ពុជា​ត្រៀម​ទប់ស្កាត់​ការឆ្លង​វីរុស​កូវីដ​ ១៩ ​បាន​ល្អ​គួរកត់សម្គាល់

Content image - Phnom Penh Post
ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្លែង​ក្នុង​សន្និសីទ​កាសែត​។ រូបថត សហការី

ទូត​អាមេរិក​ថា កម្ពុជា​ត្រៀម​ទប់ស្កាត់​ការឆ្លង​វីរុស​កូវីដ​ ១៩ ​បាន​ល្អ​គួរកត់សម្គាល់

ភ្នំពេញៈ លោក ដាប់ប៊លយូ ផាទ្រីក មើហ្វ៊ី (W.Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​រាជធានី​ភ្នំពេញ នៅក្នុង​សន្និសីទ​សារព័ត៌មាន នាថ្ងៃទី​ ១៤ ខែ​កញ្ញា ស្តីពី​ជំនួយ​របស់​រដ្ឋាភិបាល សហរដ្ឋអាមេរិក​ក្នុង​ការឆ្លើយតប​ចំពោះ​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​បាន​ល្អ គួរឱ្យ​កត់សម្គាល់​នូវ​ការត្រៀមខ្លួន​ទប់ស្កាត់ ការផ្ទុះ​រាលដាល​នៃ​វីរុស​កូវីដ ១៩ ​ចាប់​តាំងពី​ពេលដែល​វីរុស​នេះ​បាន​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស ហើយ​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ឈានមុខ​គេ ក្នុង​ការរៀបចំ ខ្លួន​បាន​មុន​ប្រទេស​នានា​ក្នុង​តំបន់ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​ផងដែរ​។ សន្និសីទ​សារព័ត៌មាន ចូលរួម​ដោយ​ក្រសួង​សុខាភិបាល អង្គការ UNICEF និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា (WHO) ​តាម​ប្រព័ន្ធ​អនឡាញ​។

លោក ដាប់ប៊លយូ ផាទ្រីក មើហ្វ៊ី បានឱ្យដឹង​ក្នុង​ពិធី​នេះ​ថា សហរដ្ឋអាមេរិក មកទល់​ពេល​នេះ​បាន​ផ្តល់​ជំនួយ​ផ្ទាល់​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការឆ្លើយតប​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩ ដែលមាន​ជំនួយ​ជាង ១៥ លាន​ដុល្លារ រាប់​ចាប់តាំងពី​ការផ្ទុះ​លើកដំបូង ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់​តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID មានដូចជា​សម្ភារ​អប់រំ​លើ​ការបង្ការ​ហានិភ័យ ការផ្សារភ្ជាប់​ជាមួយ​សហគមន៍ ការការពារ និង​ទប់ស្កាត់​ការឆ្លង និង​ប្រព័ន្ធ​មន្ទីរពិសោធន៍​ជាដើម​។ ជំនួយ​ទាំងនេះ​គឺ​រួមបញ្ចូល​ទាំង​ការផ្តល់ជំនួយ ៤ ​លាន​ដុល្លារ​កាលពី​ពេល​ថ្មីៗ​នេះ​ផងដែរ តាមរយៈ​កម្មវិធី​ផែនការ​ជួយ​សង្គ្រោះ​របស់​សហរដ្ឋអាមេរិក ដែល​ជំនួយ​នេះ​នឹង​ត្រូវ​អនុវត្ត​ដោយ WHO និង​ UNICEF​។

លោក មើហ្វ៊ី ថ្លែងថា​៖ «​ជំនួយ​របស់​យើង​នា​ឆ្នាំ​កន្លងៗ​មក មានដូចជា​ជំនួយ​ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​លើ​សង្គម សេដ្ឋកិច្ច ពី​ជំងឺ​កូវីដ​ ១៩​។ ទាំង​សហរដ្ឋអាមេរិក និង​កម្ពុជា សុទ្ធតែ​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ពី​ជំងឺ​នេះ ហើយ​ជំនួយ​របស់​យើង​កន្លងមក សុទ្ធតែ​ជួយ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​ជាងគេ​បំផុត​»​។

លោក​បាន​បញ្ជាក់ថា ដំណោះស្រាយ​ជា​យូរអង្វែង​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ពិតណាស់ គឺ​ការចាក់​វ៉ាក់សាំង ដែល​កម្ពុជា​កំពុង​ធ្វើ​បាន​ល្អ​ណាស់​នាពេលនេះ​។ សហរដ្ឋអាមេរិក​បាន​ផ្តល់​វ៉ាក់សាំង​ប្រភេទ​ ចនសុន ចនសុន ​មកដល់​ប្រទេស​កម្ពុជា​ចំនួន​ជាង ១ ​លាន​ដូស តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់​កាលពី​ខែកក្កដា​។

លោក មើហ្វ៊ី ថា​៖ «​យើង​មាន​ការត្រេកអរ​យ៉ាងខ្លាំង​ដែល​អាជ្ញាធរ​នៅទីនេះ ប្រើប្រាស់​វ៉ាក់សាំង​នេះ សម្រាប់​ជនជាតិ​ដើម​ភាគតិច ក្រុម​បុគ្គលិក​ជួរមុខ​នៅតាម​ខេត្ត ដែល​ពួកគេ​ពិតជា​បាន​ទទួល​ប្រយោជន៍​នៃ​ប្រសិទ្ធភាព​ពី​ការចាក់​វ៉ាក់សាំង​តែ​ ១ ​ដូស​នេះ​»​។

លោក​បន្តថា​៖ «​ពេល​យើង​និយាយ​ពី​វិស័យ​សុខភាព​សាធារណៈ ជា​រឿង​សំខាន់​ដែល​យើង​និយាយ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា​»​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ជាទូទៅ​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា គឺ​មិនមែន​ទើប​តែមាន​នាពេល​បច្ចុប្បន្ន​ទេ គឺ​មាន​តាំងពី​ឆ្នាំ​ ១៩៩២ រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ​។

លោកស្រី​ថ្លែងថា​៖ «​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានផ្តល់​ជំនួយ​ឥតសំណង​ដល់​វិស័យ​សុខាភិបាល​កម្ពុជា​យ៉ាងច្រើន​លើសលប់​មក​កម្ពុជា ប៉ុន្តែ​ជំនួយ​ទាំងនោះ​មិនបាន​ផ្តល់​មក​រដ្ឋាភិបាល​ផ្ទាល់​ទេ គឺ​ផ្តល់​មក​កម្ពុជា​តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​»​។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា ចំនួន​ទឹកប្រាក់​ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​ដែល​រាជរដ្ឋាភិបាល​បានដឹង​គឺមាន​ចំនួន ១៣៥ ​លាន​ដុល្លារ​អាមេរិក ​តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែលជា​ដៃគូ​របស់​ USAID ដើម្បី​អភិវឌ្ឍ​សកម្មភាព​នានា​ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​សុខាភិបាល​។

លោកស្រី​បាន​បន្តថា​៖ «​ជាមួយ​នេះដែរ នៅពេល​ដែល​មាន​ការរីករាលដាល​ជំងឺ​កូវីដ ១៩​ នៅក្នុង​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក​រួម​គ្នា​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​រួម​គ្នា​ក្នុង​ការទប់ស្កាត់​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​ផងដែរ តែ​តាមរយៈ​អង្គការ​ដៃគូ រួម​នឹង​ការផ្តល់​នូវ​វ៉ាក់សាំង​ជាង​ ១ ​លាន​ដូស​តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់​ផងដែរ​»​។

លោក ឆាត រ៉ូដេមេយ័រ (Chad Roedemeier) អ្នកនាំពាក្យ ស្ថានទូត​អាមេរិក បានឱ្យដឹង​ផងដែរ​ថា មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (USCDC) នឹង​ផ្តល់​ទឹកប្រាក់​ចំនួន ១៤០ ០០០ ​ដុល្លារ​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ (NCHADS) ដើម្បី​ពង្រឹង​ការអនុវត្ត​ការត្រួតពិនិត្យ​ការឆ្លង​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព​ចំនួន ៧០ នៅ​ទូទាំង​ប្រទេស​។

យោង​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឱ្យដឹងថា ការធ្វើ​បែបនេះ​នឹង​ជួយ​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​វីរុស​កូវីដ​ ១៩ ក្នុងចំណោម​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​បុគ្គលិក​​ថែទាំ​សុខភាព​៕

អត្ថបទគួរចាប់អារម្មណ៍