ភ្នំពេញៈ នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បន្ត​សហការគ្នា​ក្នុង​ការពង្រឹង​យន្តការ គាំពារ​សង្គម និង​ជំនួយ​សង្គម ពិសេស​ចំពោះ បុរស​ស្ត្រី​អនាថា​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​លោក​ ឈួរ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​។

លោក​ ឈួរ សុបញ្ញា បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា​នេះ នាយកដ្ឋាន​សុខុមាលភាព​សង្គម​បាន​ប្រជុំពិភាក្សា​តាម​ប្រព័ន្ធ​អនឡាញ​ Zoom ជាមួយ​ដៃគូ​អភិវឌ្ឍន៍​របស់​ក្រុមការងារ ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​លើ​បញ្ហា​នៃ​ការព្រួយបារម្ភ​ចំពោះ​ស្ត្រី​បម្រើការ​នៅ​កន្លែង​កម្សាន្ត និង​ក្រុមមនុស្ស​ដែល​រស់នៅ​តាមផ្លូវ​គ្មាន​ផ្ទះសំបែង​ក្នុងអំឡុង​កូវីដ​ ១៩ ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បាន​ថ្លែងថា​៖ «​ការប្រជុំ​ជាមួយ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នេះ គឺ​យើង​នឹង​បន្ត​ពង្រឹង​នូវ​ការសហការ​គ្នា​ទាំង​ការឆ្លើយតប និង​ករណី​ស្នើសុំ​ការសហការ​ជួយ​អន្តរាគមន៍ គឺ​យើង​បន្ត​ការសហការ​គ្នា​។ អ្វី​ដែលជា​កត្ដា​សំខាន់ គឺ​យើង​ចង់​ពង្រឹង​ឱ្យមាន​ភាពស្និទ្ធស្នាល កិច្ចសហប្រតិបត្ដិការ​ល្អ​រវាង​ដៃគូ​ដែលជា​តួអង្គ​យ៉ាងសំខាន់​នៅក្នុង​ការពង្រឹង​យន្តការ​នៃ​កិច្ច​គាំពារ​សង្គម ក៏ដូចជា​ជំនួយ​សង្គម​»​។

លោក សុបញ្ញា បានឱ្យដឹងថា ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សា​គ្នា​ពី​ការផ្ទេរ​ជនអនាថា ពី​មណ្ឌល​ចត្ដាឡីស័ក​ទៅ​មណ្ឌល​អប់រំ​កែប្រែ ការចាក់​វ៉ាក់សាំង​ដល់​ជនអនាថា និង​ការផ្ដល់​ជំនួយ​គាំទ្រ​ដល់​ស្ដ្រី​បម្រើ​សេវា​កម្សាន្ត​ដែល​ក្រីក្រ​ផងដែរ​។

លោក​បានឱ្យដឹងថា រហូតដល់​បច្ចុប្បន្ន​មាន​ជនអនាថា ប្រមាណ​ ៩០ ​ភាគរយ នៃ​ជនអនាថា សរុប​ជាង ១ ​ពាន់​នាក់​នៅ​រាជធានី​ភ្នំពេញ គឺ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩​។ ចំណែក​ជនអនាថា​ដែល​គ្មាន​ផ្ទះ ក៏​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួន​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ​ដែរ​។

លោក សុបញ្ញា បានឱ្យដឹងថា ក្រោយ​សមត្ថកិច្ច​ប្រមូល​ស្ដ្រី​អនាថា​នៅតាម​ទីតាំង​គោលដៅ​មួយចំនួន​ដូចជា​តំបន់​រមណីយដ្ឋាន​វត្ដភ្នំ មក​អប់រំ​កែប្រែ​នាពេល​កន្លងមក គឺ​មកដល់ពេលនេះ​ក្រុមការងារ​នៃ​មន្ទីរ​សង្គមកិច្ច​បាន​បញ្ជូន​ពួកគេ​ឱ្យទៅ​កាន់​គ្រួសារ​របស់​ពួកគេ​វិញ​អស់ហើយ​។

លោក​ថ្លែងថា​៖ «​ក្នុងករណី​ស្ដ្រី​ដែលមាន​គ្រួសារ គឺ​យើង​បញ្ជូន​ពួកគាត់​ទៅ​គ្រួសារ​វិញ ក្នុង​ករណី ពួកគាត់​ត្រូវការ ការប្រឹក្សា​យោបល់​ ឬ​ត្រូវការ​ជំនួយ​តាម​ប្រព័ន្ធ​ក្រីក្រ យើង​ឱ្យ​គាត់​ទាក់ទង​ទៅ​អាជ្ញាធរ​ដើម្បី​ស្នើសុំ​បណ្ណ​សមធម៌​»៕