
លោក នេត្រ ភក្ត្រា (ស្ដាំ) ប្រគល់វិទ្យុទាក់ទងពីថ្ងៃ ១៣ កញ្ញា។ រូបថត ក្រសួងបរិស្ថាន
កំពតៈ វិទ្យុទាក់ទងចំនួន ៤០ គ្រឿង ត្រូវបានក្រសួងបរិស្ថានប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពតដែលកំពុងបំពេញភារកិច្ចការពារ និងអភិរក្សឧទ្យានជាតិព្រះមុនីវង្សបូកគោកាលពីថ្ងៃទី ១៣ ខែកញ្ញា ដើម្បីងាយស្រួលឱ្យមន្ត្រីទាក់ទងគ្នាបានលឿនក្នុងពេលចុះបំពេញការងារល្បាតព្រៃទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ក្នុងអំឡុងពេលប្រគល់នោះថា វិទ្យុទាក់ទង ៤០ គ្រឿងនោះ ត្រូវបានផ្តល់ជូនមន្ត្រីឧទ្យានុរក្សបន្ថែមលើសម្ភារមួយចំនួនដែលបានប្រគល់កាលពីចុងខែសីហាកន្លងទៅ ដែលក្នុងនោះមានឧបករណ៍ដ្រូន និងសម្ភារផ្សេងទៀតដែលជាតម្រូវការចាំបាច់របស់មន្ត្រីឧទ្យានុរក្ស។
លោកបានបន្ថែមថា បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានា គឺជាជំនួយដល់មន្ត្រីឧទ្យានុរក្សក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ។ វិទ្យុទាក់ទង និងឧបករណ៍ផ្សេងៗទៀតនឹងជួយសម្រួលដល់មន្ត្រីឧទ្យានុរក្សក្នុងការទំនាក់ទំនងគ្នាពេលចុះល្បាតក្នុងព្រៃ និងអាចទំនាក់ទំនងគ្នាលឿន ដើម្បីស្នើសុំអន្តរាគមន៍សម្រាប់ការទប់ស្កាត់បទល្មើស។
លោកថ្លែងថា៖ «កិច្ចការនេះគឺជាកិច្ចការងារចាំបាច់បំផុតសម្រាប់យើងព្រោះថា ប្រសិនបើយើងមិនមានបច្ចេកវិទ្យាទំនើបស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោកទេនោះ យើងប្រាកដជាមិនអាចដើរតាមទាន់ជនល្មើសនោះទេ ពីព្រោះជនល្មើសក៏បានប្រើប្រាស់បច្ចេកវិទ្យាផងដែរក្នុងការផ្តល់ព័ត៌មានទៅវិញទៅមក ដើម្បីគេចចេញពីសំណាញ់ច្បាប់»។
ក្នុងឱកាសនោះលោកក៏បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីឧទ្យានុរក្សបន្តសិក្សារៀនសូត្របន្ថែមទៀតនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើទំនើបកម្មខ្លួនឯង និងធ្វើបច្ចុប្បន្នភាពខ្លួនឯងស្របតាមដំណើរការវិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១ ២៦០ នាក់ ដែលបាននិងកំពុងការពារ និងអភិរក្សទៅលើផ្ទៃដីប្រមាណ ៧,៣ លានហិកតាស្មើប្រមាណ ៤១ ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា ដែលក្នុងមន្ត្រីឧទ្យានុរក្ស ១ នាក់ ជាមធ្យមត្រូវការពារ និងអភិរក្សផ្ទៃដីជិត ៦ ពាន់ហិកតា។ ហេតុនេះការប្រើប្រាស់បច្ចេកវិទ្យាទំនើបនឹងអាចឱ្យមន្ត្រីឧទ្យានុរក្សប្រតិបត្តិការការងារបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូជម្នះរាល់ឧបសគ្គទាំងឡាយ និងបំពេញការងារដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ៕