The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខេត្ត​បន្ទាយមានជ័យ​​រកឃើញ​ទីទួល​បុរាណ​ជាង​ ៩០០ ​ទីតាំង​ក្នុង​​រយៈពេល​ជិត​ ៣ ​ឆ្នាំ




ខេត្ត​បន្ទាយមានជ័យ​​រកឃើញ​ទីទួល​បុរាណ​ជាង​ ៩០០ ​ទីតាំង​ក្នុង​​រយៈពេល​ជិត​ ៣ ​ឆ្នាំ

Content image - Phnom Penh Post
គំនូស​ទីតាំង​ទួលបុរាណ ដែល​រកឃើញ​នៅក្នុង​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​។ រូបថត ហ្វេសប៊ុក

ខេត្ត​បន្ទាយមានជ័យ​​រកឃើញ​ទីទួល​បុរាណ​ជាង​ ៩០០ ​ទីតាំង​ក្នុង​​រយៈពេល​ជិត​ ៣ ​ឆ្នាំ

បន្ទាយមានជ័យៈ យ៉ាងហោច​ណាស់​មាន​ស្ថានីយ ឬ​ទីទួល​បុរាណ​ចំនួន​ ៩១១ ​ទីតាំង ត្រូវបាន​រកឃើញ​នៅ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​ក្នុង​រយៈពេល​​ជិត​ ៣ ​ឆ្នាំ គិតពី​ឆ្នាំ​ ២០១៩ មក​ក្នុង​នោះ​រួមមាន ទួលប្រាសាទ ទួលបុរាណ ទួលកប់សព ស្រះបុរាណ និង​ផ្លូវ​បុរាណ​ជាដើម​។ នេះ​បើតាម​លោក យង់ តាំងកូយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​នេះ​។

លោក យង់ តាំងកូយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២១ ថា មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បាន​រកឃើញ​ជា​បន្តបន្ទាប់​នូវ​ស្ថានីយ​ ឬ​ទីទួល​បុរាណ​ជាច្រើន​។ ​ការរកឃើញ​នេះ​ដោយសារ​តែ​មន្ទីរ​បាន​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី ជាពិសេស​ខាង​មន្ទីរ​សុរិយោដី​​បាន​ជួយ​សម្រួល​ចុះបញ្ជី​ជូន​មក​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដើម្បី​គ្រប់គ្រង​ស្ថានីយ និង​ទីទួល​បុរាណ​ទាំងនោះ​។

លោក​បាន​បន្តថា កន្លងមក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ណែនាំ​ឱ្យ​គ្រប់​មន្ទីរ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ចុះ​ស្រាវជ្រាវ និង​ធ្វើ​របាយការណ៍​​ពី​ស្ថានីយ​បុរាណ និង​ទីទួល​បុរាណ​ជាដើម ប៉ុន្តែ​សម្រាប់​ខេត្ត​បន្ទាយមានជ័យ​បាន​រកឃើញ​ច្រើន​កន្លែង​រហូតដល់​ជាង​ ៩០០ ​ទីតាំង​ឯណោះ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​ (២០១៩-២០២១) ​កន្លងមកនេះ​។

លោក យង់ តាំងកូយ បន្តថា មុន​ឆ្នាំ​ ២០១៩ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បន្ទាយមានជ័យ​រកឃើញ​ស្ថានីយ និង​ទីទួល​បុរាណ​មាន​ចំនួន​តែ​ ២០០ ​ទីតាំង​ប៉ុណ្ណោះ​។ ទីតាំង​ស្ថានីយ និង​ទីទួល​បុរាណ​ទាំងនេះ​ត្រូវ​បាន​ចុះបញ្ជី​និយាមការ​រួចរាល់​អស់ ប៉ុន្តែ​សម្រាប់​ប្លង់​កម្មសិទ្ធិ​មិនទាន់​ទទួល​បាន​អស់​នៅ​​ឡើយ​ទេ​។ លោក​បញ្ជាក់ថា ស្ថានីយ និង​ទីទួល​បុរាណ​ដែល​បាន​រកឃើញ​ទាំងនេះ​ត្រូវ​បាន​កសាងឡើង​ចាប់ពី​សតវត្សរ៍​ទី​ ៩ ដល់ទី​ ១១​។

លោក​បាន​ថ្លែងថា​៖ «​ចាប់​ឆ្នាំ ២០១៩ ដល់ ២០២១ ​យើង​រកឃើញ ៩១១ ​ទីតាំង ហើយ​ត្រូវបាន​ចុះបញ្ជី សម្រាប់​ឆ្នាំនេះ​​យើង​ធ្វើ​បាន​តែ​ ៥ ​​ខែ ដែល​ខែ​ភ្លៀង យើង​ធ្វើ​លែងកើត​ហើយ​។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​ដោយ​មាន​ការរាយការណ៍​ពី​អាជ្ញាធរ​ឃុំ​ ឬ​ស្រុក​យើង​បាន​ចុះទៅ​ស្រាវជ្រាវ​​ឃើញ​ ១២ ​ទីតាំង​ទៀត​»​។

បើតាម លោក យង់ តាំងកូយ ទីតាំង​ស្ថានីយ​បុរាណ​ទាំងនេះ​មាន​មួយចំនួន មិនទាន់​ធ្វើ​កំណាយ​ទេ ដោយ​មន្ទីរ​មានបំណង​ចង់​ធ្វើ​ដែរ ប៉ុន្តែ​មិនទាន់​​មាន​លទ្ធភាព ជាពិសេស​ថវិកា​​ក្នុង​ការចុះ​ស្រាវជ្រាវ និង​ធ្វើ​ដោយ​គ្រោង​ចងក្រង​ទីតាំង​ណា​ដែល​មាន​ហានិភ័យ ទីតាំង​ណា​ដែលមាន​ផលប៉ះពាល់ និង​ទីតាំង​ណា​ដែល​ត្រូវ​អភិវឌ្ឍ​។

ទោះជា​យ៉ាងណា លោក​ក៏បាន​​ឱ្យដឹង​ដែរ​ថា ក្រៅពី​ចំនួន​ដែល​បាន​រកឃើញ​នេះ ក៏​នៅមាន​ទីតាំង​រាប់រយ​កន្លែង​ផ្សេងទៀត ដែល​មន្ទីរ​នឹង​បន្ត​ស្វែងរក និង​ហ៊ុមព័ទ្ធ​ដើម្បី​រក្សា​ទុកជា​បេតិកភណ្ឌ និង​ធ្វើ​កំណាយ​កុំឱ្យ​មាន​ការបាត់បង់​នូវ​កេរ​មរតក​ដូនតា កាលពី​សម័យមុន​។

លោក​បានឱ្យដឹង​ដែរ​ថា កន្លងមក​មាន​ស្ថានីយ​បុរាណ​រាប់សិប​កន្លែង​ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​នាំគ្នា​ជីក​កកាយ​ ដើម្បី​រុករក​គ្រឿងអលង្ការ​បុរាណ យកទៅ​ធ្វើ​អាជីវកម្ម ដែល​ធ្វើឱ្យ​ខូចខាត​ប៉ះពាល់​ដល់​សម្បត្តិ​​វប្បធម៌​របស់​ជាតិ​។ ​ករណីនេះ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​បាន​ចុះទៅ​បង្ក្រាប​ជា​បន្តបន្ទាប់ និង​ខិតខំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឱ្យចូលរួម​ការពារ និង​ថែរក្សា​កេរដំណែល​របស់​ជាតិ​កុំឱ្យ​បាត់បង់​។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែកញ្ញា​ដែរ​ថា កន្លងមក​ក្រសួង​ក៏បាន​ឱ្យ​គ្រប់​មន្ទីរ​អង្គភាព​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវរ​កនូវ​ទីតាំង​ស្ថានីយបុរាណ ទីទួល​បុរាណ និង​ទីទួល​ប្រាសាទ​ផ្សេងៗ​ ដើម្បី​ថែរក្សា ការពារ​កុំឱ្យ​បាត់បង់ និង​ចុះបញ្ជី​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​រក្សា​ទុកជា​មរតក សម្រាប់​ឱ្យ​អ្នកជំនាន់​ក្រោយ​បានដឹង និង​សិក្សា​ស្រាវជ្រាវ​បន្តទៀត​៕

អត្ថបទគួរចាប់អារម្មណ៍