ភ្នំពេញៈ ​ពលរដ្ឋ​ភាគច្រើន​ក្នុង​​ចំណោម ៣២៩ ​គ្រួសារ ​រស់នៅ​ក្នុង​ភូមិ​ចំនួន​ ៧ បាន​បដិសេធ​ទទួលយក​ដំណោះស្រាយ​របស់​អន្តរក្រសួង​លើ​ការអាស្រ័យ​ផល​លើដី​នៅ​តំបន់​ចម្ការ​បារាំង ក្នុង​ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដែល​សម្រេច​ផ្តល់ឱ្យ ១ ១០០ ​ដុល្លារ​ ចំពោះ​ការដាំ​ដំណាំ​លើដី​ ១ ​ហិកតា​ និង​ផ្ដល់​ឱ្យតែ​ ៤ ​ឆ្នាំ​ទៅមុខ​។ ​ប៉ុន្តែ​មាន​ពលរដ្ឋ​ខ្លះ ព្រមយក​សំណង​នេះ ថ្វីបើ​ភាគច្រើន​នៅ​ប្រកាន់​ជំហរ​បន្ត​តវ៉ា​ទៀត​ក្ដី​។

លោក គាំ រិទ្ធ តំណាង​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អង្គតាសិត​នៃ​ឃុំ​ទួលព្រេជ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា​ថា ពលរដ្ឋ​ទាំងអស់​មិន​ពេញចិត្ត​ចំពោះ​ដំណោះស្រាយ​របស់​អន្តរក្រសួង​នោះទេ ដោយសារ​ពួកគាត់​បាន​អាស្រ័យផល​នៅលើ​ដី​នេះ​ប្រមាណ​ ៣០ ឬ​ ៤០ ​ឆ្នាំ​មកហើយ ប៉ុន្តែ​ការផ្ដល់​ដំណោះស្រាយ​គឺ​ឱ្យតែ​ត្រឹម​រយៈពេល​ ៤ ​ឆ្នាំ​ប៉ុណ្ណោះ​។

លោក​បន្តថា អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ថា បើ​មិន​ទទួលយក​សំណង និង​ដំណោះស្រាយ​នេះ​ទេ​នឹង​យក​ត្រាក់ទ័រ​មក​ឈូសឆាយដី​នេះ និង​ថា​មិនមាន​សំណង​លើសពីនេះ​ទេ​។

ប៉ុន្តែ​លោក​ថា បើ​អាជ្ញាធរ​យក​គ្រឿងចក្រ​មក​ឈូសឆាយដី​ចម្ការ​បារាំង​នេះ ពលរដ្ឋ​នឹង​ចុះទៅ​ហាមឃាត់ ដើម្បី​ឱ្យ​រក​ដំណោះស្រាយ​សមស្រប​ជូន​​ពួកគាត់​ឡើងវិញ​។

លោក​បាន​ថ្លែងថា​៖ «​គេ​បាន​សម្រេច​ឱ្យ​ត្រឹម​ ១ ១០០ ​ដុល្លារ​ក្នុង​ដំណាំ​អាស្រ័យផល​ ១ ​ហិកតា ក្នុង​ ១ ​ឆ្នាំ ហើយ​គេ​ឱ្យតែ​ ៤ ​ឆ្នាំ​ទេ បើ​សរុបទៅ​ស្មើ​ ៤ ​កាក់​ (០,៤$) ​ក្នុង​ ១ ​ការ៉េ ប៉ុន្តែ​ពលរដ្ឋ​អាស្រ័យផល​ធ្វើស្រែ​ ៤០ ​ឆ្នាំ​ហើយ​​ហ្នឹង​។ ​ពលរដ្ឋ​អត់​ពេញចិត្ត​ទេ ប៉ុន្តែ​ប្រហែល​អត់​មាន​អ្នក​ជួយ​ទេ​។ ​ដូច្នេះ​គេ​ថា​ ៤ ​កាក់​ហ្នឹង​ទេ បើ​ទុក​ទៀត​ក៏​នៅតែ​ ៤ ​កាក់​ដែរ​»​។

លោក គាំ រិទ្ធ បាន​បន្តថា បើ​លោក​ទទួលយក​សំណង​តាម​អន្តរក្រសួង​ដាក់ឱ្យ​នេះ លោក​នឹង​ទទួលបាន​ប្រាក់​ប្រមាណ​ជាង ៤ ០០០ ​ដុល្លារ អាមេរិក​ (​សម្រាប់​ ៤ ​ឆ្នាំ​) ​ព្រោះ​ដី​របស់លោក​មាន​ទំហំ​ប្រមាណ​ ១ ​ហិកតា ប៉ុន្តែ​ដី​របស់​ពលរដ្ឋ​ដែលមាន​ទំហំ​តូច (១០ ​អា​ឬ ២០ ​អា​) ​បាន​ទឹកប្រាក់​ប្រមាណ ៤០០ ទៅ​ ៨០០ ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ដូចគ្នា​។

លោក ផាន់ ផាន អនុប្រធាន​ភូមិ​អង្គតាសិត​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា ដែរ​ថា ក្នុងជំនួប​រវាង​មន្ត្រី​អន្តរក្រសួង និង​ពលរដ្ឋ​កាលពី​ថ្ងៃទី​ ១៣ ​ខែ កញ្ញា ឆ្នាំ​ ២០២១ មន្ត្រី​អន្តរក្រសួង​បានសម្រេច​ផ្តល់​សំណង​​ឱ្យ​ពលរដ្ឋ​ដែល​អាស្រ័យផល​ក្នុងតម្លៃ​ ៤ ​កាក់​ក្នុង​ ១ ​ម៉ែត្រការ៉េ លើ​ដំណាំ​អាស្រ័យផល​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ ឬ​ក្នុង​ ១ ​ហិកតា ស្មើ​​នឹង​ ១ ១០០ ​ដុល្លារ អាមេរិក ដូច្នេះ​ ៤ ​ហិកតា​ស្មើនឹង​ ៤ ៤០០ ​ដុល្លារ​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ គិតពី​ពេលនេះ​តទៅ​។

ទោះជា​យ៉ាងណា លោក​ថា ពលរដ្ឋ​បាន​បដិសេធ​នូវ​សំណង​​នោះ ហើយ​បាននាំគ្នា​ដើរចេញ​​ពី​កិច្ចប្រជុំ ដោយសារ​មិន​ពេញចិត្ត​ចំពោះ​ដំណោះស្រាយ​។

ប៉ុន្តែ​អាជ្ញាធរ​នៅតែ​រក្សា​តម្លៃ​សំណង​នេះ​ដដែល ហើយ​រង់ចាំ​ទទួល​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ទទួលយក​សំណង​នេះ​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក គង់ សោភណ្ឌ អភិបាល​ខេត្តកណ្តាល និង​លោក ខុន សិរីរដ្ឋា អភិបាលស្រុក​អង្គស្នួល​ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​ ១៤ ខែ​​កញ្ញា ឆ្នាំ​ ២០២១​។

ក៏ប៉ុន្តែ​លោក មឿន រុន សមាជិក​ក្រុមប្រឹក្សាឃុំ​ទួលព្រេជ​​បានឱ្យដឹងថា ក្រុមការងារ​អន្តរក្រសួង​កាលពី​ថ្ងៃទី ១៣ ខែ​​កញ្ញា បាន​ចុះមក​ផ្សព្វផ្សាយ​​ និង​ដោះស្រាយ​គោលនយោបាយ​ជូន​ពលរដ្ឋ​ដែល​ជា​សំណង​ផលប៉ះពាល់​ទៅលើ​ដំណាំ​កសិផល​របស់​ពួកគាត់​ក្នុង​​រយៈពេល​ ៤ ​ឆ្នាំ ប៉ុន្តែ​នេះ​មិនមែន​ដោះស្រាយ​ទៅលើ​តម្លៃ​ដីធ្លី​នោះទេ​។

លោក​បន្តថា មន្ត្រី​អន្តរក្រសួង​បានគិត​ឱ្យ​ពលរដ្ឋ​ដែលមាន​ដំណាំ​ស្រូវ​ក្នុង​ ១ ​ហិកតា តម្លៃ​ ១ ១០០ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ហើយ​រដ្ឋ​មិនអាច​យកលុយ​របស់​រដ្ឋ​មក​ទិញ​ដី​របស់​រដ្ឋ​បានទេ​។ ប៉ុន្តែ​រដ្ឋ​អាច​សង​សំណង​ទៅ​​លើ​ការ​អាស្រ័យផល​នៅ​លើដី​របស់​រដ្ឋ​វិញ​បាន​។

លោក​បានឱ្យដឹង​ដែរ​ថា អន្តរក្រសួង​មិនបាន​គិត​តម្លៃ​ឱ្យ​ពលរដ្ឋ​ដែល​បានចាប់ផ្តើម​ធ្វើ​ក្នុង​រយៈពេល​ ៣០ ​ឬ​ ៤០ ​ឆ្នាំ​កន្លងមក​​នោះទេ ព្រោះ​ពលរដ្ឋ​ទាំងនោះ​​ទទួល​បាន​ផល​រួច​អស់ហើយ ប៉ុន្តែ​អន្តរក្រសួង​បាន​ដោះស្រាយ​ឱ្យ​ ៤ ​ឆ្នាំ​តទៅ​មុខទៀត​ដែល​មិនបាន​អាស្រ័យផល​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ គាត់​អត់​យល់​គឺ​គេ​មិន​គិត​ ១ ​ម៉ែត្រការ៉េ ក្នុងតម្លៃ​ ៤ ​កាក់​អី​ទេ រដ្ឋ​មិន​គិត​តម្លៃ​ដី​ទេ​។ ​ប្រហែល​គាត់​គិត​តម្លៃ​ដី​ហើយ ប៉ុន្តែ​គាត់​ត្រូវ​យល់ថា​គេ​អត់​គិត​តម្លៃ​ដី​ទេ គឺ​គេ​គិត​តម្លៃ​ដំណាំ​អាស្រ័យផល​។ ​ឧទាហរណ៍​ដំណាំ​គាត់​ ១ ​ហិកតា គេ​ឱ្យ​តម្លៃ​សំណង​ ១ ១០០ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​គាត់​មិន​ពេញចិត្ត​នូវ​សំណង​នេះ​»​។

យ៉ាងណាក្ដី លោក មឿន រុន ថ្លែងថា បន្ទាប់ពី​មាន​ការផ្សព្វផ្សាយ​ស្តីពី​ការផ្តល់​សំណង​នេះ​​គឺមាន​ពលរដ្ឋ​ជាង ៣០ ​គ្រួសារ បាន​ទទួលយក​សំណង​ពី​អន្តរក្រសួង​រួចហើយ​ក្នុងចំណោម​ពលរដ្ឋ​ ៣២៩ ​គ្រួសារ​ ដែល​មាន​​ផលប៉ះពាល់​ដីចម្ការ​បារាំង​នេះ​ និង​មាន​ពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត ព្រោះ​រដ្ឋ​គ្មាន​ជម្រើស​អ្វី​ក្រៅពីនេះ​នោះទេ​៕

វីដេអូ៖