
ជនជាតចិន និងវត្ថុតាងអាវុធប្រើក្នុងការចាប់ជំរិតនិងបង្ខាំងមនុស្ស។ រូបថត នគរបាល
ព្រះសីហនុៈ អាវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនសំណុំរឿងជនសង្ស័យជាជនជាតិចិន ១៤ នាក់ទៅតុលាការ នៅថ្ងៃទី ១៥ ខែសីហានេះ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់។
លោក ញា ពិសិដ្ឋ ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ថ្លែងនៅរសៀលថ្ងៃទី ១៥ ខែកញ្ញានេះថា សំណុំរឿងជនសង្ស័យជាជនជាតិចិន ១៤ នាក់ ដែលសមត្ថកិច្ចបង្ក្រាបបាននៅយប់ថ្ងៃទី ១០ ខែកញ្ញានោះ បានបញ្ជូនទៅតុលាការហើយនៅថ្ងៃទី ១៥ ខែកញ្ញា ប៉ុន្តែមិនបញ្ជូនខ្លួនជនសង្ស័យទៅកន្លែងតុលាការទេ ព្រោះអ្នកទាំងនោះពាក់ព័ន្ធជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «យើងបញ្ជូនតែសំណុំរឿងទៅតុលាការដើម្បីធ្វើការសម្រេចតែប៉ុណ្ណោះ ចំណែកជនសង្ស័យត្រូវយកទៅដាក់នៅកន្លែងព្យាបាលដែលក្នុងនោះមាន ៥ នាក់មានកូវីដ ហើយក្រៅពីហ្នឹងត្រូវធ្វើចត្តាឡីស័ក។ ពេលគាត់សុខភាពធម្មតាវិញទើបអនុវត្តច្បាប់បន្តទៀត»។
បើតាមលោក ពិសិដ្ឋ នៅល្ងាចថ្ងៃទី ១០ ខែកញ្ញា កម្លាំងអាវុធហត្ថបានចុះបង្ក្រាបករណីចាប់ជំរិតរវាងជនជាតិចិន និងជនជាតិចិន ដោយមានលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងជាអ្នកសម្របសម្រួលនីតិវិធី។ ក្រោយផ្ទុះអាវុធ ៥ ទៅ ៦ គ្រាប់ នៅវេលាល្ងាច កម្លាំងសមត្ថកិច្ចការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះដល់កន្លែងកើតហេតុ និងបានសហការគ្នាធ្វើការបង្ក្រាប។
មន្ត្រីអាវុធហត្ថរូបនេះឱ្យដឹងថាក្រុមជនជាតិចិនជាអ្នកចាប់ជំរិតប្រដាប់ដោយអាវុធបានបាញ់មុនទៅលើសមត្ថកិច្ច ហើយបានគេចខ្លួនឡើងទៅលើសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប៉ុន្តែ ដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ពី លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ការសហការគ្នារបស់កងកម្លាំងទទួលបានជោគជ័យ។
លោក ពិសិដ្ឋ បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញអាវុធ ចំនួន ៧ ដើមក្នុងនោះអាវុធខ្លី ៥ ដើម និងវែង ២ ដើមនិងរថយន្ត ចំនួន ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-0199 ។ ជាមួយគ្នានោះបានរកឃើញ និងរំដោះជនរងគ្រោះជាចំណាប់ខ្មាំងចំនួន ១ នាក់ជាជនជាតិចិនផងដែរ។
លោកពិសិដ្ឋ បញ្ជាក់ឱ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុកំពុងបន្តស្រាវជ្រាវ រកប្រភពអាវុធខុសច្បាប់ដែលជនសង្ស័យយកមកប្រើប្រាស់ក្នុងការចាប់ជំរិតនេះ។
លោកថា៖ «នេះជាលើកទី១ ហើយ ដែលកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានករណីចាប់ជំរិត និងប្រើប្រាស់អាវុធខុសច្បាប់ទ្រង់ទ្រាយធំបែបនេះ»៕