ភ្នំពេញៈ​ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) បានផ្តល់​ម៉ូតូ​ចំនួន ៤០០ គ្រឿង ជូន​ដល់​ក្រសួងសុខាភិបាល​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​ ១៩​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់ JICA បញ្ជាក់​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា​ថា​៖ «​ម៉ូតូ​ទាំងអស់នោះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​ ១៩ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដោយ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៃ​ក្រសួងសុខាភិបាល​»​។​

ម៉ូតូ​ចំនួន ៤០០ គ្រឿង​នេះ​នឹងត្រូវ​ផ្តល់ជូន​ជា ​៣ ​ដំណាក់កាល​ផ្សេងគ្នា​នៅ​បំណាច់​ឆ្នាំនេះ ហើយ​ឧបករណ៍​វេជ្ជសាស្ត្រ​ដទៃទៀត​នឹងត្រូវ​ផ្តល់ជូន​ផងដែរ​តាមរយៈ​គម្រោង​សម្រាប់​ពង្រឹង​បន្ថែម​លើ​សមត្ថភាព​ការធ្វើ​រោគវិនិច្ឆ័យ ព្រមទាំង​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ ​១៩​។ ​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​ទីភ្នាក់ងារ JICA ប្តេជ្ញា​នឹង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល​ដើម្បី​ផ្តល់នូវ​ឧបករណ៍ និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ចាំបាច់​ផ្សេងៗ​ទៀត​ក្នុងអំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​ ១៩​។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា​៖ «​យើង​សង្ឃឹមថា​ការគាំទ្រ​ទាំងនេះ​នឹង​អាចជួយ​ដល់​បុគ្គលិក​សុខាភិបាល​ដែល​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ ១៩»​។​

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា​ បញ្ជាក់ថា​ ការផ្តល់ជូន​ម៉ូតូ​ ៤០០​ គ្រឿង​នេះ ​គឺ​សម្រាប់​ចែកជូន​មន្ត្រី​សុខាភិបាល​ជួរមុខ​នៅតាម​បណ្តា​ខេត្ត​-​រាជធានី​ទាំង​ ២៥ ប្រើប្រាស់ក្នុង​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។​

ការប្រគល់​ម៉ូតូ​ទាំងនេះ​ធ្វើឡើង​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា​ នៅ​ឃ្លាំង​ឱសថ​កណ្តាល​នៃ​ក្រសួងសុខាភិបាល​ក្រោម​វត្តមាន​លោក ​ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​លោកស្រី​ កា​មេ​យ ​ហា​រូ​កុ (Kamei Haruko ) តំណាង​ការិយាល័យ JICA ប្រចាំ​នៅ​កម្ពុជា​។

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​បាន​ដកស្រង់​សំដី​លោកស្រី ​កា​មេ​យ​ ហា​រូ​កុ ថា​ លោកស្រី​កោតសរសើ​ររដ្ឋាភិបាល​ក​ម្ពុ​ជា​និង​ក្រសួងសុខាភិបាល​ដែល​បាន​ខិតខំ​ប្រឹងប្រែង ​«​មិន​ខ្លាច​នឿយហត់​»​ ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​ ១៩ ក៏ដូចជា​ការពារ​សុខ​ភាព​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​លោកស្រី​ កា​មេ​យ​ ហា​រូ​កុ បាន​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បានផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​ជនជាតិ​ជប៉ុន​ទាំងអស់​ដែល​រស់​នៅលើ​ទឹកដី​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​បាន​ដកស្រង់​សំដី​លោក ​ម៉ម ​ប៊ុនហេង ថា​ ទឹកចិត្ត​សប្បុរសធម៌​«​ដ៏​ថ្លៃថ្លា​»​របស់ JICA ​ត្រូវបាន​ចងចាំ​ទុក​ដោយ​រដ្ឋាភិបាល​កម្ពុជា ​និង​មន្ត្រី​សុខាភិបាល ព្រមទាំង​អ្នករងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​ ១៩​។​ លោក​ ម៉ម ​ប៊ុនហេង ​បាន​អរគុណ​ចំពោះ​«​ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​»​ របស់​ JICA ហើយ​បានចាត់ទុក​ជំនួយ​នេះ​ជា​កាយវិការ​នៃ​វប្បធម៌​ចែករំលែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។​

ការផ្តល់ជូន​ម៉ូតូ​ទាំងនេះ​ធ្វើឡើង​តាមរយៈ​ «​គម្រោង​ពង្រឹងសមត្ថភាព​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ ​១៩ ​ក្នុងប្រទេស​កម្ពុជា​» ដើម្បី​រួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ​១៩។​

កាលពី​ខែកក្កដា​ ក្រសួងសុខាភិបាល​កម្ពុជា​និង JICA បាន​ចុះ​កិច្ចព្រមព្រៀង​ដាក់ឱ្យ​ដំណើរការ​គម្រោង​សហប្រតិបត្តិការ​បច្ចេក​ទេស​ស្ដីពី​ «​គម្រោង​ពង្រឹងសមត្ថភាព ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ ក្នុងប្រទេស​កម្ពុជា​» ​គឺ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ និង​ពង្រឹងសមត្ថភាព​ការធ្វើ​រោគវិនិច្ឆ័យ ព្រមទាំង​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ ១៩​។​

គម្រោង​នេះ​ផ្តោតលើ​ការតាមដាន​ប្រព័ន្ធ​ចែកចាយ​វ៉ាក់សាំង​ ការធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺ​កូ​វីដ ១៩​ នៅតាម​បណ្ដា​មន្ទីរពិសោធន៍​ថ្នាក់​តំបន់ ​និង​រក​ជំងឺ​រលាក​សួត​ និង​ការតាមដាន​ថែទាំ​មន្ទីរពិសោធន៍​រក​ជំងឺ​កូ​វីដ ១៩ ក៏ដូចជា​ការវាយតម្លៃ​កម្មវិធី​ផ្តល់​វ៉ា​ក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ តាមរយៈ​ការណែនាំ​អំពី​ការធ្វើ​ Serological Test នឹង​ត្រូវបាន​ពង្រឹង​៕