​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​បើក​យុទ្ធ​នា​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ សម្រាប់​កុមារ​អាយុ​ពី​ ៦​ ឆ្នាំ​ ដល់​ក្រោម​ ១២ ​ឆ្នាំ​ ចាប់ពី​ថ្ងៃទី​ ១៧ ខែកញ្ញាតទៅដើម្បី​ផ្តល់​លទ្ធភាព​បើក​សាលា​ថ្នាក់​បឋម​សិក្សា​ឡើងវិញ ខណៈ​គ្រឹះ​សា្ថ​ន​សិក្សា​សាធារណៈ និង​ឯកជន​ជាច្រើន​ បាន​ចាប់​បើក​ដំណើរ​ការ​វិញ​ពី​ថ្ងៃទី​ ១៥ ខែកញ្ញា​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​តាមរយៈ​សារ​សំឡេង​នា​ថ្ងៃទី​ ១៥ ខែកញ្ញា ដោយ​លោក​បានលើកឡើង​ពី​ការសម្រេចចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ឱ្យ​កុមារ​ដែលមាន​អាយុ​ចាប់ពី​ ៦ ​ឆ្នាំ​ ទៅដល់​ក្រោម​ ១២ ​ឆ្នាំ​។​

​លោក​មានប្រសាសន៍ថា​៖ «​កម្ពុជា​នឹង​បើក​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ បន្ត​សម្រាប់​កុមារ​ដែលមាន​អាយុ​​ពី​ ៦ ​ឆ្នាំ​ ដល់​ក្រោម​ ១២ ​ឆ្នាំ ដែលមាន​ចំនួន​ប្រមាណ​ជា​ជិត​ ១,៩ ​លាន​នាក់ស្រប​ពេលដែល​​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​មនុស្ស​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ ដល់​ក្រោម​ ១៨ ​ឆ្នាំ ក៏​ឈាន​ជិត​បញ្ចប់​ផងដែរ​»​។​

​លោក ​ហ៊ុន សែន បាន​បន្ថែមថា ការបើក​យុទ្ធនា​ការចាក់​វ៉ា​ក់​សាំង​កូ​វីដ​ ១៩ សម្រាប់​កុមារ​នេះ​នឹង​ត្រូវធ្វើ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​នៅ​ថ្ងៃ​សុក្រ​ទី​ ១៧ ខែកញ្ញា ឯ​ថ្នាក់ជាតិ​នឹង​ប្រកាស​បើក​នៅ​វិមាន​សន្តិភាព ហើយ​លោក​ក៏​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​នាពេលនោះ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ជា​ជំ​ហាន​បន្ទាប់​ទៀត យើង​កំពុង​គិត​ធ្វើ​សម្រាប់​ក្មេង​នៅ​កម្រិត​ថ្នាក់​ម​តេ្ត​យ្យ​ដែលមាន​អាយុ​ពី​ ៣ ​ឆ្នាំ ទៅ​ ៦ ​ឆ្នាំ​ផងដែរ ដែល​យើង​ចាត់ទុកជា​ជំហាន​បន្ទាប់​មួយទៀត ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​ដោះស្រាយ​គឺ​ការចាក់​វ៉ា​ក់​​សាំង​សម្រាប់​កុមារ​អាយុ​ពី​ ៦ ​ឆ្នាំ ទៅ​ក្រោម​ ១២ ​ឆ្នាំ ដែល​វា​ផ្តល់​​ឱកាស​ឱ្យ​កុមារ​របស់​យើង​អាច​ចូល​សិក្សា​ថ្នាក់បឋមសិក្សា​ ដែល​នឹងត្រូវ​បើក​ជា​បន្តបន្ទាប់​ទៀត​ពី​បើក​ថ្នាក់​អនុវិទ្យាល័យ វិទ្យា​​ល័យ និង​មហាវិទ្យាល័យ​ដែល​យើង​កំពុងតែ​ធ្វើ​នៅថ្ងៃនេះ​»​។​

​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ក្រសួងសុខាភិបាល ពិសេស​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​ក៏ដូចជា​អនុគណៈ​កម្ម​ការចាក់​វ៉ាក់សាំង​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ត្រូវ​ប្រុង​​ប្រៀប​រៀបចំ​ការបែងចែក​វ៉ា​ក់​​សាំង និង​រៀបចំ​ក្រុមគ្រូពេទ្យ​ដើម្បី​អនុវត្ត​នូវ​ការចាក់​វ៉ា​ក់​​សាំង​សម្រាប់​ក្រុម​កុមារ​ទាំង​​នេះ​ផងដែរ​។​

​បើតាម​លោក ហ៊ុន សែន វ៉ាក់សាំង​កូ​វីដ​១៩​ដែល​នឹងត្រូវ​ចាក់​ជូន​ក្រុម​កុមារ​ទាំងនេះ​ ​គឺជា​ប្រភេទ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ (Sinovac) ​ដែល​វ៉ាក់សាំង​នេះ​ ក៏បាន​សិក្សា​តាម​បណ្ដា​​ប្រទេស​នានា និង​ប្រើប្រាស់​សម្រាប់​ក្មេង​មាន​អាយុ​ក្រោម​ ១២ ​ឆ្នាំ​រួចមកហើយ​ដែរ​។​

​លោក​ថា​៖ «​ចំពោះ​ពេល​វេលា មិនមែនជា​បញ្ហា​ធំធេង​នោះទេ ដោយសារ​យើង​មាន​ក្រុមគ្រូពេទ្យ និង​មាន​វ៉ាក់សាំង​នៅតាម​មូលដ្ឋាន​រួចស្រេច​ហើយ​​ដែរ​។ ដូចនេះ សូមឱ្យ​មានការ​​រៀបចំ ដោយ​កន្លែង​ណា​ដែល​បាន​បិទ​ក៏ត្រូវ​តែ​បើក​ឡើងវិញ​ សម្រាប់​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​របស់​យើង​បន្ថែមទៀត​ ចំណែក​ក្រុម​យុវវ័យ​បាន​ចាក់​បាន​ជាង​ ១,៧​ លាន​នាក់​ហើយ​»​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី ​១៥ ខែកញ្ញា គ្រឹះស្ថានសាធារណៈ​និង​ឯកជន​ជាង​ ២០០ ​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ បាន​ចាប់​ផ្តើម​ដំណើរការ​ចូលរៀន​វិញ​ផងដែរ បន្ទាប់ពី​បាន​ផ្អាក​រយៈ​ពេល​ប្រមាណ​ជា​ ៧​ ខែ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​ក្នុងពេល​ចុះ​ពិនិត្យ​ការបើក​ដំណើរ​ការ​គ្រឹះស្ថានសិក្សា​សាធារណៈ ​និង​ឯកជន​លើកដំបូង​ថា សា​​លា​រាជធានី​ភ្នំពេញ​នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សាលា​ ឬ​ថ្នាក់​ដែលមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ​១៩ ​ចាប់ពី​ក្រោម ​១០ ​ភាគរយ​នៃ​ចំនួន​​សិស្ស​ក្នុង​ថ្នាក់​ឬ​លោកគ្រូ​អ្នក​​គ្រូ និង​បុគ្គលិក​អប់រំ​ ដើម្បី​បង្ការ​ការ​រាលដាល​មេរោគ​កូ​វីដ ​១៩​។

​លោក​បាន​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនបាន​បង្ខំ​ឱ្យ​គ្រឹះស្ថាន​ទាំងអស់​បើក​ឡើងវិញ​​ព្រមៗ​គ្នា​ដូច​ការបើកប​វេ​សន​កាល​នោះទេ គឺ​បើក​ដំណើរការ​ចំពោះតែ​សាលា​ណា​ដែល​អនុវត្ត​បានល្អ​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP)​ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។​

លោក ឃួង ស្រេង ពេលចុះត្រួតពិនិត្យការបើកសាលារៀននៅភ្នំពេញឡើងវិញពីថ្ងៃ ១៥ កញ្ញា។ហុង មិនា

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា៖ «​ប្រសិនបើ​ទីតាំង​សាលា​មានការ​ផ្ទុះ​នូវ​ការឆ្លង​រាលដាល​វីរុស​កូ​វីដ ​១៩ យើង​នឹងមាន​វិធាន​ការបិទ​ផ្អាក​សា​លា​តែម្តង ហើយ​បើ​គ្រាន់តែ​មានការ​ឆ្លង​ក្នុង​ថ្នាក់រៀន យើង​នឹង​ចាត់វិធានការ​ដូច​យើង​ធ្វើ​នៅតាម​ខ្នង​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ទូទៅ ​ឬ​ដូចនឹង​រោងចក្រ សហគ្រាសដែរ​»​។​

​ជាមួយគ្នានេះ​លោក ឃួ​ង ស្រេង ក៏បាន​លើកឡើង​ផងដែរ​ថា ក្នុងនាម​ជា​អាណាព្យាបាលដែលមាន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​ប្រមុខ រួមទាំង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​

​កីឡា ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គឺ​ពិតជា​មាន​​ការព្រួយបារម្ភ​ណាស់​ក្នុងការ​​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ​។​

​លោក​បាន​បន្តថា ការ​អនុ​ញ្ញាត​ឱ្យ​បើក​សាលា​ឡើងវិញ​នេះ​ ក៏​មិនមែន​ជាការ​យកអាយុ​ជីវិត​ពលរដ្ឋ​មក​សាកល្បង​ដែរ​។​

​ដូចនេះហើយ​បានជា​មានការ​​បង្កើត​នូវ​ក្រុមការងារ​ ដើម្បី​ត្រួតពិនិត្យ​តាម​សាលា​នីមួយៗ​ ​និង​បាន​ណែនាំ​ឱ្យ​នាយក​សា​​លា និង​បុគ្គលិក​សិក្សា​ធ្វើតេស្ត​រហ័ស​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា មុន​​ពេល​ចាប់ផ្តើម​បើក​ដំណើរការ​សាលា​ឡើងវិញ​នេះ លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក​អប់រំ​តម្រូវឱ្យ​ធ្វើតេស្ត​រហ័សរ​ក​មេរោគ​កូ​វីដ ១៩​ ដោយ​ក្នុងនោះ​មាន​គ្រូ និង​បុគ្គលិក​អប់រំ​ចំនួន ២៤​ នាក់ ​ឬ​​ស្មើនឹង​ ០,២៣ ​ភាគរយ ត្រូវ​​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​ ១៩ ​ក្នុងចំណោម​ចំនួន ​១០ ៤៤៣​ នាក់ ដែល​បានធ្វើ​តេស្ត​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ១៤ ខែ​​កញ្ញា លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គ​លិ​ក​អប់រំ​ដែល​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​ ១៩ គឺមាន​ស្ថានភាព​សុខភាព​ធម្មតា និង​មិនមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ទេ​ ​ដោយសារ​ពួកគាត់​បានទទួល​វ៉ាក់សាំង​ចំនួន ​២ ​ដូ​ស និង​ខ្លះ​​ទៀត​បានទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​រួចហើយ​ផងដែរ​។​

​ក្នុងពេល​ចាប់ផ្តើម​ដំណើរការ​​គ្រឹះស្ថានសិក្សា​ឡើងវិញ​លោក​-​គ្រូ​អ្នកគ្រូ បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​ទាំងអស់​ក៏​តម្រូវ​​ឱ្យ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ​១៩ ​មុនពេល​ចូលក្នុង​គ្រឹះស្ថានសិក្សា​របស់​​ខ្លួន​ផងដែរ​។​

​ដោយឡែក​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ខែ​​កញ្ញា​ថា នៅពេលនេះ មាន​សាលារៀន​ចំនួន​ ១៤០ រួមមាន​អនុវិទ្យាល័យ និង​វិទ្យាល័យ​នៅ​ទូទាំង​ខេត្ត​នេះ ត្រូវបាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ ក្នុង​ជំហាន​ទី​១ បន្ទាប់ពី​រដ្ឋបាលខេត្ត​បាន​ពិនិត្យ និង​វាយតម្លៃ​រួច​។​

​លោក​បាន​បញ្ជាក់ថា​៖ «​គ្រឹះ​​ស្ថាន​សិក្សា​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំង​ជាង ​១០០​ នេះ ក្នុងនោះ​អនុវិទ្យាល័យ​ចំនួន​ ១០១ ​សាលា និង​វិទ្យាល័យ​​ចំនួន​ ៣៩​ សាលា​ត្រូវបាន​រដ្ឋ​​បាល​ខេត្ត​បាន​ពិនិត្យ​រួចរាល់​ដោយមាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP)​ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។​

លោក ចេង សំអុល ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​នេះ​ក៏បាន​ឱ្យដឹង​ដែរ​ថា សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ចាប់ពី​ថ្នាក់​ទី​៩​ ដល់​​ថ្នាក់​ទី​១២ បាន​ត្រៀមលក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP)​ ដោយ​បែង​ចែកជា​បណ្តុំ​ដែល ​១ ​ថ្នាក់ មាន​សិស្ស​ត្រឹមតែ ​១៥​ នាក់​ប៉ុណ្ណោះ​៕