ភ្នំពេញៈ តំណាងអង្គ​ការ​សហ​ប្រជាជា​តិ​ប្រចាំ​កម្ពុជា ​បាន​បង្ហា​ញ​​ចក្ខុវិ​ស័យ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​ ដោយ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ទទួល​បាន​របប​អាហារ​សុខភាព​ និង​អាហារ​ប្រកបដោយ​​សុវត្ថិ​ភាព​នៅ​ឆ្នាំ​ ២០៣០​ ដោយ​ផ្អែក​លើ​គោល​ន​យោបាយ​ និង​យុទ្ធ​សាស្ត្រ​នានា​របស់​រាជ​រដ្ឋាភិ​បាល ​និង​ដៃ​គូ​អ​ភិ​វឌ្ឍន៍ ដែល​បាន​និង​កំពុង​អនុ​វត្តនៅ​កម្ពុជា​។​​

យោង​ផែន​ទី​បង្ហាញ​ផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​អាហារ​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​ ឆ្នាំ​ ២០៣០ ​ដែល​មាន​ ១០​ ទំព័រ ចេញ​ផ្សាយ​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​កញ្ញា​នេះ ​បាន​ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​ ២​ ទសវត្ស​រ៍​ចុង​ក្រោយ​នេះ ​ប្រទេស​កម្ពុជា​ សម្រេច​បាន​នូវ​សមិទ្ធ​កម្ម​សេដ្ឋ​កិច្ច​ដ៏​ខ្លាំង​ក្លា និង​វឌ្ឍន​ភាព​គួរ​ឱ្យ​កត់-​សម្គាល់​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរ​ភាព​ និង​មាន​វិសាល​ភាព​កាន់​តែ​ទូលំ​ទូលាយ​ ហើយ​បាន​កាត់​បន្ថយ​ ភាព​ក្រីក្រ​ក្នុង​អត្រា​មួយ​ដ៏​ខ្ពស់​។

សេច​ក្តី​ប្រ​កាស​បន្ត​ថា ទន្ទឹម​នឹង​ការ​អភិ​វឌ្ឍ​នេះ​ក៏​ដោយ​ ប៉ុន្តែ​វិសម​ភាព​ក៏​នៅ​តែ​បន្ត​មាន​នៅ​ឡើយ​ ហើយ​ប្រជា​ពលរដ្ឋ​ ២២ ភាគ​រយ​ នៅ​ពុំ​អាច​មាន​លទ្ធភាព​ទទួល​បាន​របប​អាហារ​សុខភាព​នៅ​ឡើយ​ទេ​។​

សេច​ក្តី​ប្រកាស​បានបន្ត​ថា​៖ «​​អត្រា​កង្វះ​អាហា​រូបត្ថម្ភ​នៅ​មាន​កម្រិត​ខ្ពស់​ក្នុង​ចំ​ណោម​កុមារ​អាយុ​ក្រោម ​៥ ​ឆ្នាំ​ ក្នុង​នោះ​កុមារ​ ៣២,៤​ ភាគ​រយ ​មាន​បញ្ហា​ក្រិស​ក្រិន​ ២៤ ​ភាគ​រយ​មាន​ទម្ងន់​មិន​គ្រប់ ​និង ​១០ ភាគ​រយ​ មាន​បញ្ហា​ស្គម​ស្គាំង​​»​។​ «​អត្រា​នៃ​ភាព​ក្រីក្រ​ និង​បញ្ហា​អាហា​រូបត្ថម្ភ​ ប្រែប្រួល​ខុស​គ្នា​ពី​ខេត្ត ​១ ​ទៅ​ខេត្ត​ ១​ ហើយ​តួលេខ​ខ្ពស់​មាន​នៅ​តាម​តំប​ន់​ភ្នំ​តាម​បណ្ដោយ​ព្រំដែន​ កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំ​ណោម​ប្រទេស​នៅ​អាស៊ី​អា​គ្នេយ៍ ​ដែល​ងាយ​រង​គ្រោះ ដោយ​សារ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ ជាពិសេស​ដោយ​សារ​ឥទ្ធិពល​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​»​។​​

​យ៉ាង​ណា​ក៏​ដោយ​ អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា ​បាន​គូស​បញ្ជាក់​ថា ​ដោយ​ផ្អែក​ទៅ​លើ​គោល​នយោ​បាយ​ និង​យុទ្ធ​សាស្ត្រ​នានា​ ដែល​បាន​និង​កំពុង​អនុ​វត្តនៅ​កម្ពុជា ​ផ្តោត​លើ​កត្តា​ជា​ច្រើន​ដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូ​រ​ប្រព័ន្ធ​ស្បៀង ​និង​ផ្ដល់​នូវ​ក្រប​ខ័ណ្ឌ ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​សកម្មភាព​តាម​វិស័យ​នានា​។​ «​នៅ​ត្រឹម​ឆ្នាំ ២០៣០​ ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​បាន​របប​អាហារ​សុខ​ភាព និង​អាហារ​ប្រកប​សុវត្ថិ​ភាព ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​លើ​ស្ត្រី ​និង​កុមារ​ ដើម្បី​បំបែក​វដ្ត​អន្តរ​ជំនាន់​នៃ​បញ្ហា​រូប​ត្ថ​ម្ភ និង​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ការ​ប្រែ​ប្រួល​អាហា​រូប​ត្ថម្ភ​»​។​​

តំណាង ​UN ​ប្រចាំ​កម្ពុ​ជា​ឱ្យ​ដឹង​ដែរ​ថា ​ប្រទេស​កម្ពុជា មាន​ប្រជា​ជន​ប្រមាណ ១៥,៥​ លាន​នាក់ ដែល​ភាគ​ច្រើន​ជា​យុវ​ជន ក្នុង​នោះ​ ៥៥,៨​ ភាគ​រយ​ អាយុ​ក្រោម​ ៣០​ ឆ្នាំ ​និង​មាន​ប្រព័ន្ធ​ស្បៀង​ចម្រុះ​ និង​មាន​មុខ​ម្ហូប​សម្បូរ​បែប​ក្នុង​ប្រវត្តិ​សាស្ត្រ​។​​

​​តំណាង UN ប្រចាំ​កម្ពុជាបាន​បន្ត​ទៀត​ថា​ ដើម្បី​សម្រេច​ចក្ខុវិ​ស័យ​ឱ្យ​បាន​ត្រឹម​ឆ្នាំ ​២០​៣០ ​ទាម​ទារ​ឱ្យ​មាន​ការ​ធ្វើ​ សកម្ម​ភាព​ជា​ពហុ​វិស័យ​តាម​រយៈ​ការ​ផ្តល់​សន្តិ​សុខ​ស្បៀង ​និង​អាហា​រូប​ត្ថម្ភ ការ​ពង្រីក​ការ​ទទួល​បាន​សេវា​សុខ​ភាព ​និង​សេវា​អាហា​រូប​ត្ថម្ភ ការ​បង្កើត​ឱកាស​ការងារ​ កា​រ​លើក​កម្ពស់​ចំណេះ​ដឹង​អ្នក​ប្រើ​ប្រាស់​​​ និង​ការ​អប់រំ ការ​លើកកម្ពស់​ទំនើប​កម្មវិ-​ស័យ​កសិកម្ម​ និង​ខ្សែ​ចង្វាក់​តម្លៃ​ស្បៀង ​ការ​ធ្វើ​ពិពិធ​កម្ម​គ្រប់​មុខ​ដំណាំ​ប្រកប​ដោយ​បរិ​យា​ប័ន្ន​ និង​ប្រកួត​ប្រជែង​។ ​ការ​លើក​កម្ពស់​ការ​ផលិត​អាហារ​សុខ​ភាព​ និង​អាហារ​សុវត្ថិ​ភាព ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ​អនាម័យ និងការ​រៀប​ចំ​ទម្លាប់​រស់​នៅ​ប្រកប​ដោយ​អនា​ម័យ​ល្អ ​តាម​រយៈ​កា​រលើ​កម្ពស់​ការ​-​យល់​ដឹង​ និង​ការ​ពង្រឹង​គុណភាព​ប្រព័ន្ធ​នានា​ ព្រម​ទាំង​ការ​ផ្ដល់​ជំនួយ​សង្គម​។​​

​​លោក​ ហ៊ូ ​ក្រើន​ តំណាង​រង​នៃ​អង្គការ​ ហេ​ឡែន​ ខេ​ល​ល័​រ អន្តរ​ជាតិ​ប្រចាំ​កម្ពុជា ​(HKI)​ បាន​ថ្លែង​ថា​ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ផែន​ការ​ដែល​គ្រោង​ទុក​លុះ​ត្រា​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​ដៃគូពាក់​ព័ន្ធ ជា​ពិសេស​ស្ថា​​ប័ន​រដ្ឋាភិ​បាល​។​

​លោក​ថា​៖ «​សម្រាប់​ការងារ​នេះ​យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ទម្រាំ​បាន​លទ្ធផល​ការ​រំពឹង​ទុក​នៅ​ឆ្នាំ​ ២០​៣០ ​ប៉ុន្តែ​លទ្ធ​ផល​យ៉ាង​ណា​នោះ​ត្រូវ​មាន​អ្នក​ចូល​រួម​ច្រើន​ ពី​អង្គការ​សង្គម​ស៊ីវិល​ ដៃ​គូ​ឯក​ជន​ និង​អង្គការ​សហ​ប្រជា​ជាតិ​ហើយ​រដ្ឋាភិ​បាល​គឺជា​កម្លាំង​ស្នូល​នៃ​ការ​អនុវត្ត​គម្រោង​»​។​​

​លោក​អះអាង​ថា​ កត្តា​ដែល​ពលរដ្ឋ​កម្ពុជា​មិន​ទ​ទួ​លបាន​អាហា​រូប​ត្ថម្ភ ដោយ​សារ​កត្តា​ចំណេះ​ដឹង​ ការ​ផ្លាស់​ប្តូរ​ឥរិយា-​បថ​ធនធាន​ និង​កត្តាផលិត-​ផល​ក្នុង​ស្រុក​ជា​ដើម​។​​

​តំណាង ​UN ​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា​៖​ ​«​ទោះ​បី​កម្ពុជា​ ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ស្បៀង​ចម្រុះ​និង​សម្បូរ​ដោយអាហារ​ដែល​មាន​សុវ​ត្ថិ​ភាព ​និង​មាន​សារជាតិ​ចិញ្ចឹម​ ប៉ុន្តែ​គ្រួសារ​ក្រីក្រ​មួយ​ចំនួន​ពុំមាន​លទ្ធ​ភាព​រក​បាន​អាហារ​ដែល​មាន​សុវត្ថិភាព​ និង​សម្បូរ​សារ​ជាតិ​ចិញ្ចឹម​បាន​គ្រប់​គ្រាន់​ទេ​»​។​​​

​យោង​តាម​អង្គ​ការ​ស​ហប្រជាជាតិ​ប្រចាំ​កម្ពុជា​ថ្លែង​ថា​ យុទ្ធ​សាស្ត្រ នានា​ដែល​កំពុង​អនុវត្ត​នៅ​កម្ពុជា​នាំ​ទៅ​រក​ភាព​ជោគ​ជ័យ​រួម​មាន ​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​ជាតិ​ ២០១៩​-​២០២៣ ​គោល​ដៅ​អភិ​វឌ្ឍ​ន៍ប្រកប​ដោយ​ចីរភាព​កម្ពុជា​ ២០១៦​-​២០៣០ ​យុទ្ធ​សា​ស្ត្រ​ជា​តិ​ស្តីពី​​សន្តិ​សុខ​ស្បៀង​ និង​អាហា​រូបត្ថម្ភ​លើក​ទី​២ ឆ្នាំ​ ២០១៩-​២០២៣​ ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​ជាតិ​គាំពារ សង្គម​២០១៦​-​២០២៥​ និង​យុទ្ធ​សាស្ត្រ​តាម​វិស័យ​ពាក់ព័ន្ធ​នានា​រួម​មាន​ ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​វិស័យ ​កសិកម្ម​ ២០១៩​-​២០២៣​ និង​គោល​នយោ​បាយ​អភិ​វឌ្ឍន៍​ឧស្សាហ​កម្ម​កម្ពុជា​ ២០១៥​-​២០២៥​។​ល​។

​លោក​ សុខ​ ស៊ីឡូ​ អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជន​បទ​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​ នៅ​ថ្ងៃ​ទី ​១៥​ ខែ​កញ្ញា​នេះ​ថា​ រាជ​រដ្ឋាភិ​បាល​កម្ពុជា​ បាន​និង​កំពុង​រៀប​ចំ​អនុវត្ត​ផែន​ការ​ ទាំង​ថ្នាក់​ជាតិ​ ថ្នាក់​ក្រោម​ជាតិ​ និង​ថ្នាក់​សហ​គមន៍​ រួម​នឹង​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​ជា​ដើម​ ដើម្បី​អនុ​វត្ត​គម្រោង​នេះ​ទទួល​បាន​ជោគ​ជ័យ។​ ​

លោកថា៖ «រា​ជ​រដ្ឋា​ភិ​បាល​បាន​កំណត់​​គោល​ដៅ​អាទិភាព​ការ​បញ្ចប់​ភាព​អត់​ឃ្លាន​ សម្រេច​ឱ្យ​បាន​នូវ​សន្តិ​ស្បៀង​ លើកកម្ពស់​អាហា​រូប​ត្ថម្ភ​ ជំរុញ​ការ​អភិ​វឌ្ឍ​វិស័យ​កសិកម្ម​ប្រកប​ដោយ​ចីរភាព​ ការ​លើក​កម្ពស់​ភាព​អង់​អាច​របស់​យុវ​ជន​ ស្រ្តី​ និង​ជន​ងាយ​រងគ្រោះ ពង្រឹង​ភាព​ធន់​ ​របរ​ចិញ្ចឹម​ជីវិត​ ពង្រឹង​បណ្តាញ​ការងារ​...»៕