​កោះកុងៈ មន្ត្រី​ក្រសួង​សុខា​ភិ​បាល​ជំរុញ និង​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពិសេស​ថ្នាក់​ខេត្ត ត្រូវបញ្ជូន​ក្រុមគ្រូពេទ្យ​នាំយក​វ៉ាក់សាំង​កូ​វីដ ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅតាម​​ខ្នង​ផ្ទះ​របស់​ពួកគាត់ ដែល​នៅ​ឆ្ងាយ​ពិបាកធ្វើ​ដំណើរ​មក​ទីតាំង​សម្រាប់​ទទួល​វ៉ាក់សាំង​។​

​ជាមួយគ្នានេះ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) ​ក៏​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ចាប់ពី​ខែតុលា តទៅ​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​សុខា​ភិ​បាល លោកស្រី​ ឱ វណ្ណឌី​ន ដែល​ក៏​ជា​ប្រធាន គ​.​វ​.​ក​-១៩ បាន​ថ្លែងនា​ថ្ងៃទី​ ១៥ កញ្ញា ក្នុងពេល​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ា​ក់​សាំង នៅ​ខេត្តកោះកុងថា គ​.​វ​.​ក​-១៩ បានធ្វើ​ការណែនាំ​រួច​ទៅ​-​ហើយដោយ​សុំឱ្យ​រដ្ឋបាលខេត្ត​ទាំងអស់​ត្រូវធ្វើ​ការបត់​បែន ដោយ​ត្រូវបញ្ជូន​ក្រុមគ្រូពេទ្យ​ទៅ​ចាក់​វ៉ាក់សាំង​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដែល​ពិបាក​ក្នុងការ​ធ្វើដំណើរ ឬ​នៅ​ឆ្ងាយពី​ទីតាំង​ចាក់​វ៉ាក់សាំង​។​

​លោកស្រី​ថ្លែងថា​៖ «​យើង​ត្រូវ​ចេះ​បត់បែន យើង​មាន​ទីតាំង​ចល័ត​សម្រាប់​ចាក់​វ៉ាក់សាំង​ហើយ ប៉ុន្តែ​យើង​ក៏ត្រូវ​មើល​តាម​ស្ថាន​-​ភាពជាក់ស្តែង​ផងដែរ​។ ប្រសិន​​បើ​មានគ្រួសារ​ណា ដែល​គាត់​នៅ​ឆ្ងាយ មិនអាច​ធ្វើដំណើរ​មក​បាន អ៊ីចឹងយើង​ត្រូវតែ​បញ្ជូន​ក្រុមគ្រូពេទ្យ​ ដើម្បី​ចាក់​ជូន​ពួក​-​គាត់​ដល់ផ្ទះ​តែម្តង​»​។​

​លោកស្រី​បន្ថែមថា នៅពេល​ការចាក់​វ៉ាក់សាំង​រំកិល​ខ្លួន​ជិត​មកដល់​គោលដៅ​ចំនួន ​១០ ​លាននាក់​នេះ ប្រជាពលរដ្ឋ​នៅសល់​តិចតួច​ប៉ុណ្ណោះ​។ ជាហេតុ​ គ​.​វ​.​ក​-១៩​ តែងតែ​ធ្វើការ​ណែនាំ​ទៅដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ធ្វើ​សម្រង់​ចំនួន​ប្រជាពលរដ្ឋ​ឱ្យបាន​ច្បាស់លាស់​។ ពិសេស​ត្រូវ​ក្តាប់​ឱ្យបាន​ពី​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ប៉ុន្មាន​ដែល​មិនទាន់បាន​ចាក់​។​

​ទន្ទឹមនឹងនេះ ចំពោះ​យុទ្ធ​នា​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ដែល​បាន​និង​កំពុងតែធ្វើការ​បិទ​បញ្ចប់​ជុំ​ទី​១​ ជា​បណ្តើរៗ​នៅពេលនេះ​ក៏ពិតមែន ក៏ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​នៅតែ​បន្ត​សម្រាប់​អ្នក​ដែល​មិនទាន់បាន​ចាក់​សោះ​។ ថ្វីដ្បិតតែ​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​បាន​លឿន និង​ជិត​បាន​ដល់​គោលដៅ​កំណត់ ប៉ុន្តែ​ក្រសួង​នៅតែ​បន្ត​ជំរុញ​បន្ថែមទៀត​ ដើម្បីឱ្យ​ការចាក់​នេះ​បាន​ទៅដល់​គោលដៅ​។​

​សម្រាប់​ការចាក់​ដូ​ស​ជំរុញ លោកស្រី​ ឱ វណ្ណឌី​ន បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​ដល់ គ​.​វ​.​ក​-១៩ ​រួច​រាល់​ហើយ​ផងដែរ ក្នុង​ការផ្តល់​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​ក្រុមមនុស្ស​អាយុ​ពី ​១៨ ​ឆ្នាំ​ឡើងទៅ ដែល​ក្រុម​នេះ​បាន​ចាក់​វ៉ាក់សាំង​ត្រូវ​ទៅតាម​ពេលវេលា​កំណត់​។​

​លោកស្រី​ថ្លែងថា​៖ «​ការចាក់​​ដូ​ស​ជំរុញ​នេះ គ​.​វ​.​ក​-១៩ នឹង​ចាត់ចែង​រៀបចំ ចាប់ផ្តើម​ចាក់ចាប់ពី​ខែតុលា​ ខាងមុខនេះ​ទៅ​។ ការអនុវត្ត​ដូ​ស​ជំរុញ​នេះ ក៏​មិន​ខុសប្លែក​ពី​ការចាក់​វ៉ាក់សាំង​ជុំ​ទី​១ ដែរ គឺ​យើង​អនុវត្តតាម​យុទ្ធសាស្ត្រ ផ្កា​រីក​ដែល​នឹង​ចាប់ផ្តើម​ចេញពី​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ផ្សេងៗ​ជា​បន្តបន្ទាប់​»​។​

​គិត​ត្រឹម​ថ្ងៃទី​ ១៥ កញ្ញា រាជ​​ធានី​-​ខេត្ត​ចំនួន​ ៨​ ហើយ​ត្រូវបាន​ប្រកាស​បិទ​បញ្ចប់​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩​។ បន្ទាប់មក ខេត្ត​ចំនួន​ ៧ ​ទៀត នឹងត្រូវ​ប្រកាស​បិទ​ជា​បន្ទាប់​ទៀត ដែល​ក្នុងនោះ​មាន​ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក ​វ៉ី សំណាង អភិបាល​​ខេត្តកំពង់ស្ពឺ ថ្លែង​នៅ​ថ្ងៃទី​ ១៤ កញ្ញា​ថា រដ្ឋបាលខេត្ត​បាន​សម្រួល ក្នុង​ការនាំយក​វ៉ាក់សាំង​កូ​វីដ​ ១៩​ ទៅ​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្ទះ​របស់​ពួកគាត់​តែម្តង ដោយ​​សារ​ប្រជាពលរដ្ឋ​មួយចំនួន​មាន​វ័យ​ជរា​ពិបាកធ្វើ​ដំណើរ ប៉ុន្តែ​ពួក​​គាត់​ចង់​ចាក់​វ៉ាក់សាំង​ដែរ​។​

​លោក​ថា​៖ «​រាជរដ្ឋាភិបាល​តែងតែ​គិតគូរ និង​យកចិត្ត​ទុក​​ដាក់​ចំពោះ​សុខភាព​របស់​ប្រជា​ពលរដ្ឋ ដោយ​សម្តេច​ [​ហ៊ុន សែន​]​ បាន​ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​បង្ខិត​សេវាសាធារណៈ ឱ្យ​ជិត​ផ្ទះ​ប្រជា​ពលរដ្ឋ ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​តាម​ភូមិ​ដាច់​​ស្រយាល​ឆ្ងាយ​ពី​ទីប្រជុំជន​»​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែកញ្ញា ប្រជា​​ពលរដ្ឋ អាយុ​ពី ​១៨ ​ឆ្នាំ​ឡើង​ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច មាន​ចំនួន ​៩៧,៧៤% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ​ ១០ លាន​នាក់​។ ក្រុម​អាយុ​ពី ​១២​ ឆ្នាំ ទៅ​ក្រោម​អាយុ​ ១៨​ ឆ្នាំ មាន​ចំនួន​ ៨៧,២៣% ធៀប​នឹង​ប្រជាជន​គោលដៅ​ជិត​ ២​ លាន​នាក់​។ ចំណែក​អ្នក​ដែល​បាន​ចាក់​ដូ​ស​ជំរុញ រួមមាន​ចំនួន​ជាង​ ៧៩ ​ម៉ឺន​នាក់​ផងដែរ​៕

វីដេអូ៖