ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​បាន​ប្រកាស​ពី​ទីតាំង​ និង​កាល​បរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើម​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦ ឆ្នាំដល់​ក្រោម​ ១២​ ឆ្នាំ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​ឱ្យ​ចាក់​វ៉ាក់​សាំងដល់​ក្រុម​កុមារ​ក្នុង​វ័យ​ទាំង​នេះ​។

លោក ​ឃួ​ង​ ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​នៅ​ថ្ងៃទី​ ១៦​ ខែកញ្ញា​នេះ​ថា រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នឹង​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩​ ជូន​កុមារ​ដែល​មាន​អាយុ​ចាប់​ពី ៦ ​ឆ្នាំ ​ដល់​ក្រោម ​១២ ឆ្នាំ ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​សម្រាប់​ដូ​ស​ទី១ ​ចាប់​ផ្តើម​ពីថ្ងៃ​ទី ១៧ ​ខែកញ្ញា​ ដល់ថ្ងៃទី​ ៣ ​ខែ តុលា​ ឆ្នាំ ​២០២១​។

លោក​បាន​បន្ថែម​ថា សម្រាប់​ដូ​ស​ទី២ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ៨ ដល់​ថ្ងៃទី ២៤ ​ខែ តុលា ឆ្នាំ ២០២១​ នៅ​រៀង​រាល់ ម៉ោង ៨:០០ នាទី​ព្រឹក ដល់​ម៉ោង ​១៧:​០០ នាទី​រសៀល​ តាម​រយៈ​ការ​អញ្ជើញ និង​ទំនាក់​ទំនង​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន ដែល​មាន​ចំនួន ​៤២​ ទីតាំង​។

ចំណែក ​អភិបាល​ខេត្ត​ប៉ៃលិន លោក​ស្រី បាន ស្រីមុំ ក៏បាន​ប្រកាស​ពី​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​សម្រាប់​កុមារ​អាយុ​ពី ៦​ ឆ្នាំ ដល់​ក្រោម ១២​ ឆ្នាំ​ផងដែរ​ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី ​១៧ ខែកញ្ញា​ តទៅ​នៅក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ចំនួន​។

ដូចគ្នា​នេះ​ដែរ​ ខេត្ត​បន្ទាយ​មាន​ជ័យ ក៏បាន​ប្រកាស​ចាប់ផ្តើម​យុទ្ធ​នាការ​នេះផងដែរ​ ដោយ​រដ្ឋបាល​ខេត្ត​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ចាប់​ពី​ថ្ងៃទី ​១៨ ​ខែកញ្ញា​ នៅ​តាម​ក្រុង-ស្រុក​ចំនួន ​៩​​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ កាលពី​ថ្ងៃទី ​១៥​ ខែកញ្ញា ​បាន​បញ្ជាក់​ក្នុង​សារ​ជា​សំឡេង​ថា កម្ពុជា​នឹង​ប្រកាស​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ​សម្រាប់​កុមារ​អាយុ​ពី៦ឆ្នាំ​ដល់​ក្រោម ១២ ​ឆ្នាំ ចាប់ពី​ថ្ងៃទី ១៧ ​ខែ កញ្ញា ​ឆ្នាំ​ ២០២១​ ត​ទៅ ដែល​មាន​ចំនួន​ប្រមាណ​ជា​ជាង ​១,៨​ លាន​នាក់​៕